(ភ្នំពេញ)៖ សាលាខណ្ឌពោធិ៍សែនជ័យនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦នេះ បានរៀបចំពិធី សំណេះសំណាល ជាមួយលោក លោកស្រីមេភូមិ ក្នុងខណ្ឌពោធិ៍សែនជ័យ ទាំងអស់ ព្រមទាំងឧបត្ថម្ភថវិកាមួយចំនួនផងដែរ នាឱកាសបុណ្យ ចូលឆ្នាំនាពេលខាងមុខនេះ ក៏ដូចជា ការណែនាំដាក់ផែនការសម្រាប់ ពង្រឹងបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់។

ពិធីនេះបានធ្វើឡើង ក្រោមអធិបតីភាព លោក ក្រូច ផាន ប្រធានក្រុមប្រឹក្សាខណ្ឌ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ខៀវ ឃីនាថ សមាជិកក្រុមប្រឹក្សា លោកនាយក និងមន្រ្តីក្រោមឱវាទ សាលាខណ្ឌមួយចំនួនទៀត។

នៅក្នុងឱកាសនោះ លោកអភិបាលខណ្ឌពោធិ៍សែនជ័យ បានជំរុញដល់មេភូមិទាំងអស់ ត្រូវបង្កើនកិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់ឲ្យល្អ ប្រសើរនាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ សម្រាប់បងប្អូនរបស់យើង បានលេងសប្បាយ និងការធ្វើដំណើរបានស្រួល៕