(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ មន្ត្រីស្ថាប័នពាក់ព័ន្ធចុះពិនិត្យ តំបន់បិទខ្ទប់ក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ និងឃុំគោករវាង ស្រុកជើងព្រៃ និងបានដាក់វិធានការបន្ទាន់ដល់អាជ្ញាធរពាក់ព័ន្ធដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ កុំឱ្យឆ្លងរាលដាលកាន់តែច្រើនបន្តទៀត។

ក្នុងឱកាសនៃការចុះពិនិត្យនេះ លោកអភិបាលខេត្ត បានចុះសួរសុខទុក្ខប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ និងបានធ្វើការណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទឹងត្រង់ និងស្រុកជើងព្រៃ ឱ្យបន្តតាមដាន ត្រួតពិនិត្យការអនុវត្ត ការធ្វើចត្តាឡីស័កនៅតាមផ្ទះ របស់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធនឹងករណីឆ្លងជំងឺកូវីដ១៩ ជាបន្តបន្ទាប់មកនេះ ឱ្យបានត្រឹមត្រូវតាមវិធានការរបស់សុខាភិបាល។

ជាមួយគ្នានោះ លោកអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ត្រូវបន្តតាមដានសុខភាពរបស់ខ្លួន និងក្រុមគ្រួសារ ប្រសិនបើមានរោគសញ្ញាសង្ស័យត្រូវរាយការណ៍បន្ទាន់ ជូនមន្ត្រីសុខាភិបាល ឬអាជ្ញាធរ និងត្រូវបង្កើនការការពារ ប្រុងប្រយ័ត្នថែមទៀត តាមការណែនាំរបស់ក្រសួងសុខាភិបាលនូវវិធានការពារ «៣ការពារ និង៣កុំ» ជាពិសេស អនុវត្តការពាក់ម៉ាស់ ការលាងសម្អាតដៃ ការរក្សាគម្លាតសុវត្តិភាព ដើម្បីកាត់ផ្តាច់ខ្សែចម្លងជំងឺដ៏កាចសហាវនេះ នៅក្នុងសហគមន៍៕