(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅ និងលោកស្រី ហេង សុវត្ថា ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ បាននាំយកអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្នុងអំឡុងពេលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ចំនួន៣០គ្រួសារ នៅក្នុងសង្កាត់និរោធ។

លើកឡើងក្នុងឱកាសនោះ លោក ចេង មុនីរ៉ា បានជំរុញដល់ប្រជាពលរដ្ឋត្រូវចូលរួមទាំងអស់គ្នា ជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សាសុខសន្តិភាព និងស្ថេរភាពសង្គម ដែលជាមូលដ្ឋានគ្រឹះ លើគ្រប់វិស័យដែលបង្កលក្ខណៈ ងាយស្រួល ដល់ការអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើន ជាពិសេសនាំមកនូវភាពសុខសាន្តដល់ប្រជាពលរដ្ឋ។ ប្រសិនបើប្រទេសជាតិគ្មានសុខសន្តិភាពទេ គឺគ្មានការអភិវឌ្ឍន៍ទេ លុះត្រាតែមានសុខសន្តិភាពបរិបូណ៍ពេញលេញ ទើបប្រទេសដ៏ទៃចូលមកវិនិយោគយក ក្នុងប្រទេសយើងបាន។

លោកប្រធានកិត្តិយស ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត សូមគោរពអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួង សុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសសូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នូវវិធានការការពារខ្លួនពីជំងឺកូវីដ-១៩ គឺ «៣កុំ និង ៣ការពារ» ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ «ដែលតា» ទាំងអស់គ្នា។

ជាមួយគ្នានេះ លោកប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំង ត្រូវទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក និងសូមឱ្យចៅសង្កាត់ទាំងអស់ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ និងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ត្រូវទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា៕