(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាថ្មីៗនេះ បានចូលរួមអនុម័តលើកិច្ចព្រមព្រៀមស្ដីពីការបង្កើតអង្គការអន្តរជាតិ ដើម្បីកាត់បន្ថយភាពក្រីក្រតាមរយៈ​ទេសចរណ៍ប្រកប​ដោយនិរន្តរ​ភាព (International ST-EP Organization) ជាមួយនឹងប្រទេសប្រមាណ៥៣ផ្សេងទៀត នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

កិច្ចព្រមព្រៀមបង្កើតអង្គការនេះ បានប្រព្រឹត្តទៅកាលចាប់ពីថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០១៦  ដោយមានការចូលរួមពីថ្នាក់ដឹកនាំមកពីប្រទេស នៅតាមបណ្ដាទ្វីបផ្សេងៗសរុប៣៧ ក្នុងចំណោមបណ្ដា​ប្រទេសដែល​បានឯកភាពព្រមព្រៀង ចំនួន ៥៣។

សេចក្តីប្រកាសព័ត៌មាន ដែលផ្តល់ដោយក្រសួងទេសចរណ៍ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦នេះ បានឱ្យដឹងថា ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅរហូតដល់ថ្ងៃអង្គារនេះ IST-EPO នឹងក្លាយទៅ​ជាអង្គការអន្តររដ្ឋាភិបាលឯករាជ្យមួយ ដែលមានសម្ព័ន្ធភាពជាមួយអង្គាករសហប្រជាជាតិ (UN) និងជាដៃគូយុទ្ធសស្ត្រជាមួយអង្គការទេសចរណ៍ពិភពលោក (UNWTO) ក្នុងការកាត់បន្ថយ​ភាពក្រីក្រតាមរយៈវិស័យទេសចរណ៍។

ប្រភពដដែលនេះ បានបញ្ជាក់ថា អង្គការនេះត្រូវបានរៀបចំឡើងដោយ​មានសភាមួយ ក្រុមប្រឹក្សាមួយ និងលេខាធិការដ្ឋានមួយ​ជាសេនាធិការរបស់ខ្លួន ដោយមានស្នាក់ការរបស់ខ្លួន​នៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) និងជាអង្គការស្វ័យភាពមិនស្វែង​រកប្រាក់ចំណេញ ដែលត្រូវបានរៀបចំឡើងក្នុងគោល​បំណងចម្បងពង្រឹង​វិស័យទេសចរណ៍ អប់រំ អភិវឌ្ឍ និងវិទ្យាសាស្ត្រ ហើយការិយាល័យសាខា ឬស្ថាប័នជាសេនាធិការ អាចត្រូវបានបង្កើត​ច្រើនផ្សេងៗទៀត តាមការសម្រេចរបស់សភាអង្គការអន្តរជាតិនេះ ដែលនឹងក្លាយជា​មជ្ឈមណ្ឌលអភិវឌ្ឍគម្រោង និងចំណេះដឹងសាកល​សំដៅជម្រុញវិស័យ​ទេសចរណ៍​ជាចលករ ជម្រុញវិស័យទេសចរណ៍ និងជម្រុញ​កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍ និងនិរន្តរភាពផ្នែកបរិស្ថាន។

សេចក្តីប្រកាសព័ត៌មាន បានបន្ថែមថា កម្ពុជាក៏ដូចជាប្រទេសដែលជាសមាជិក និងដៃគូយុទ្ធសាស្ត្ររបស់អង្គការអន្តរជាតិនេះ នឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនដូជា លើកកម្ពស់ការសិក្សា​ស្រាបជ្រាវ និងគម្រោងអភិវឌ្ឍផ្សេងៗ សំដៅលប់បំបាត់ភាពក្រីក្រ និងវិសមភាពតាមរយៈការគាំទ្រលើគម្រោង និងកម្មវិធីអភិវឌ្ឍទេសចរណ៍ប្រកបដោយ និរន្តរភាព ដែលគ្របដណ្ដប់ សមធម៌សង្គម និរន្តរភាពបរិស្ថាន និងអភិបាលកិច្ចល្អ។ ជាពិសេសជួយពង្រឹងភាពជាដៃគូរវាងវិស័យរដ្ឋ និងឯកជន ព្រមទាំងចូលរួមការពារ និងអភិរក្សមរតកវប្បធ៌ម ធម្មជាតិ ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម តាមរយៈ​ការជម្រុញ កិច្ចសហប្រតិបត្តិការរវាងអង្គការអន្តរជាតិ រដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ មូលនិធិ ក្រុមហ៊ុនឯកជន សមាគម។

ក្រសួងថា មិនតែប៉ណ្ណោះ អង្គការអន្តរជាតិនេះ នឹងផ្ដល់ការបណ្ដុះបណ្ដាល គាំទ្រផ្នែកប្រតិបត្តការ ជំនួយបច្ចេកទេស កម្មវិធីអភិវឌ្ឍទេសចរណ៍ រួមមានការកំណត់ឱកាសវិនិយោគក្នុងវិស័យទេសចរណ៍ និងការជួយរៀបចំគម្រោងផ្សេងៗ ដែលនឹងផ្ដល់ផលប្រយោជន៍ដល់ ប្រទេសកំពុងអភិវឌ្ឍន៍ និងសហគមន៍មូលដ្ឋាន៕