(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្រគល់ម៉ាស និងសម្ភារអប់រំផ្សព្វផ្សាយ ស្តីពីជំងឺកូវីដ-១៩ ពីវិជ្ជាសង្គ្រោះបឋម និងពីការត្រៀមបង្ការគ្រោះមហន្តរាយ ជូនសាខាកាកបាទក្រហមកម្ពុជា រាជធានី-ខេត្តទាំង២៥ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការរួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។

ក្នុងឱកាសនោះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការកោតសរសើរចំពោះសាខាកាកបាទក្រហមកម្ពុជា ទាំង២៥រាជធានី-ខេត្ត ដែលបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ដូចជាការផ្តល់អំណោយមនុស្សធម៌ដូចភ្លៀងរលឹមជួយសម្រាលការលំបាកផ្នែកជីវភាពដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ទឹកជំនន់ ខ្យល់កន្ត្រាក់។ល។

ជាមួយគ្នានេះ លោកស្រីអគ្គលេខាធិការ បានបង្ហាញជូនសាខាទាំងអស់ ពីអត្ថន័យខ្លឹមសារនៃសម្ភារអប់រំផ្សព្វផ្សាយទាំងអស់ ដែលសាខានីមួយៗត្រូវយកទៅប្រើប្រាស់សំដៅឱ្យចំគោលដៅ និងមានប្រសិទ្ធភាព ដោយប្រកាន់ខ្ជាប់នូវវិធានការនានារបស់ក្រសួងសុខាភិបាល ជាពិសេសចូលរួមក្នុងយុទ្ធនាការជាតិក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវ ទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩» ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីរួមចំណែកកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩ និងការចម្លងវីរុសកូវីដ-១៩ពីបុគ្គលម្នាក់ទៅម្នាក់ ។

ជាពិសេសចូលរួមបញ្ជៀសនូវការរាតត្បាតជាលក្ខណៈទ្រង់ទ្រាយធំនៅក្នុងប្រទេសកម្ពុជា ដោយសារតែ វីរុសបំប្លែងថ្មីដែលតា (Delta) នេះ៕