(ព្រះវិហារ)៖ អយ្យការអមសាលាដំបូងខេត្តព្រះវិហារ គ្រោងចេញលិខិតកោះហៅប្រធានផ្នែករដ្ឋបាលព្រៃឈើឆែប លោក សេង លាង ឱ្យចូលឆ្លើយបំភ្លឺ ករណីឈ្មួញឈើម្នាក់បានរត់គេចខ្លួនដោយពុំដឹងមូលហេតុ។ នេះបើតាមលោក វុធ សាវី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអមអយ្យការសាលាដំបូងខេត្តព្រះវិហារ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រះវិហារ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ។

លោក វុធ សាវី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «លោកកំពុងរៀបចំឯកសារលិខិតកោះអញ្ជើញ លោក សេង លាង នាយផ្នែករដ្ឋបាលព្រៃឈើឆែប និងមន្ត្រីមួយចំនួនទៀតឱ្យចូលឆ្លើយបំភ្លឺ ក្នុងករណីដែលបណ្តែតបណ្តោយ ឱ្យឈ្មួញឈើម្នាក់បានរត់គេចខ្លួន»

លោកព្រះរាជអាជ្ញារងរូបនេះ បានបញ្ជាក់ថា «មូលហេតុដែលលោកនឹងចេញលិខិតកោះហៅ លោក សេង លាង ឱ្យចូលឆ្លើយបំភ្លឺនោះ គឺបន្ទាប់ពីលោកទទួលបានព័ត៌មានពីកូនចៅរបស់លោករាយការណ៍មកថា មេឈ្មួញឈើដុះស្លែម្នាក់ ដែលលោកដឹកនាំកម្លាំងចុះបង្ក្រាបនៅភូមិឆែបពីរឃុំឆែបកើត ស្រុកឆែប ខេត្តព្រះវិហារ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ កន្លងទៅនេះ គឺបានរត់គេចខ្លួនហើយ»

លោក វុធ សាវី បានឱ្យដឹងថា ក្នុងពេលប្រតិបត្តិការចុះបង្រ្កាបករណីជួញដូរឈើខុសច្បាប់នៅទីតាំងខាងលើនេះ, ជនសង្ស័យជាម្ចាស់ទីតាំងឈើឈ្មោះ ឡាំ រូបនេះមានវត្តមាននៅកន្លែងកើតហេតុជាធម្មតា មិនបានរត់គេចខ្លួននោះទេ ប៉ុន្តែដើម្បីកុំឱ្យជនសង្ស័យឈ្មួញឈើរូបនេះដឹងខ្លួនលោកក៏បានប្រាប់ លោក សេង លាង និងមន្ត្រីពាក់ព័ន្ធត្រូវធ្វើការឃាត់ខ្លួនឈ្មួញឈើរូបនេះ ហើយលោកក៏បានចាកចេញពីទីតាំងបង្ក្រាបឈើនេះទៅ។ លុះស្អែកឡើងកូនចៅរបស់លោករាយការណ៍មកថា ឈ្មួញឈើដុះស្លែឈ្មោះ ឡាំ រូបនេះបានរត់គេចខ្លួនហើយ ទើបលោកនឹងរៀបចំលិខិតកោះអញ្ជើញមន្ត្រីពាក់ព័ន្ធឱ្យឆ្លើយបំភ្លឺក្នុងពេលឆាប់ៗនេះ៕