(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត បន្តចូលរួមអនុវត្តន៍វិធានការរដ្ឋបាលខេត្ត ដែលបានដាក់ចេញដើម្បីការពារការឆ្លងរាលដាលនៃជំងឺកូវីដ១៩ រយៈពេល១សប្តាហ៍ទៀត។

ការថ្លែងអំពាវនាវបែបនេះរបស់លោកអភិបាលខេត្តឧត្តរមានជ័យ ក្នុងឱកាសដែលលោកដឹកនាំក្រុមការងារ ចូលរួមក្នុងពិធីផ្តល់ទុនសហវិនិយោគ ក្រោមការឧបត្ថម្ភគាំទ្រពីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា «ASPIRE» អាស្ពាយ នៅក្នុងបរិវេណមន្ទីរកសិកម្មខេត្ត នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ។

អភិបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ក្នុងទិសដៅចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ រដ្ឋបាលខេត្ត បានចេញសេចក្តីសម្រេចបន្តអនុវត្តន៍វិធានការរដ្ឋបាលជាបន្តបន្ទាប់ ប៉ុន្តែបងប្អូនមួយចំនួន មិនបានមើលលម្អិតពីខ្លឹមសារ នៃវិធានការដែលបានដាក់ចេញនោះទេ គឺគាត់មើលតែថ្ងៃខែតែប៉ុណ្ណោះ។ ករណីនេះធ្វើឲ្យប៉ះពាលដល់ការអនុវត្តន៍វិធានការរដ្ឋបាល ក៏ដូចជាប៉ះពាល់ដល់ខ្លួនឯង និងអ្នកដ៏ទៃផងដែរ។

នៅក្នុងឱកាសនេះដែរ លោក ប៉ែន កុសល្យ បានអរគុណមន្ទីរកសិកម្ម និងអង្កការដៃគូរនានា ដែលបានសហការគ្នាជួយជំរុញឲ្យជីវភាពបងប្អូនប្រជាកសិករនៅក្នុងខេត្ត មានការរីកចម្រើន ពិសេសនៅក្នុងបរិបទនៃជំងឺកូវីដ១៩។

ដោយឡែកលោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ បានថ្លែងថា សម្រាប់ឆ្នាំ២០២១នេះ មន្ទីរកសិកម្មខេត្ត បានចូលរួមក្នុងការអនុវត្តន៍កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការ ប្រែប្រួលអាកាសធាតុ ហៅកាត់ថា «អាស្ពាយ» មានកសិករទទួលផលសរុបចំនួន១.០២៥នាក់។

លោកបន្តថា គោលបំណងសំខាន់របស់កម្មវិធី ASPIRE គឺដើម្បីបង្កើតដំណើរការមួយ ដែលនឹងផ្តល់សិទ្ធិអំណាចដល់កសិករ ដើម្បីឆ្លើយតបបានយ៉ាងវិជ្ជមាន ចំពោះការផ្លាស់ប្តូរឆាប់រហ័សក្នុងទីផ្សារកសិកម្ម ដោយបង្កើត លក្ខខណ្ឌអនុគ្រោះ និងការគាំទ្រដល់ការធ្វើពិពិធកម្មប្រព័ន្ធកសិកម្ម បង្កើនផលិតភាពកសិកម្ម បង្កើនគុណភាពផលិត និងសម្រេចបាននូវឱកាសតម្លៃបន្ថែម។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា ការអនុវត្តកម្មវិធី ASPIRE របស់មន្ទីរកសិកម្ម គឺផ្តោតលើអនុវិស័យចំនួន៤រួមមាន៖

*ទី១៖ អនុវិស័យផ្នែកដំណាំ
*ទី២៖ អនុវិស័យផ្នែកផលិតកម្មសត្វ
*ទី៣៖ អនុវស័យផ្នែកជលផល
*ទី៤៖ អនុវិស័យផ្នែកព្រៃឈើ។

លោកបន្តថា មន្ទីរបានប្រើប្រាស់វិធីសាស្ត្រផ្សព្វផ្សាយចំនួន៣យកមកអនុវត្តរួមមាន៖

*ទី១៖ ការគាំទ្រសហគមន៍កសិកម្ម ឬអង្កការកសិករ
*ទី២៖ ការរៀនសូត្រពីកសិករទៅកសិករ
*ទី៣៖ សេវាផ្សព្វផ្សាយជាសាធារណៈ៕