(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា កម្ពុជា បានទទួលនូវអត្ថប្រយោជន៍ជាច្រើនពីគម្រោងខ្សែក្រវាត់ និងផ្លូវ ដែលនឹងរួមចំណែកជំរុញការអភិវឌ្ឍរបស់កម្ពុជាកាន់តែខ្លាំងនាពេលខាងមុខ។

លោក ប៉ាន សូរស័ក្តិ បានលើកឡើងបែបនេះ ក្នុងពេលចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចប្រជុំកំពូលគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវលើកទី៦ ក្រោមប្រធានបទការលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុភាគី។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូពីចម្ងាយ នៅថ្ងៃពុធ ទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ។

កិច្ចប្រជុំកំពូលគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវលើកទី៦ ត្រូវបានដឹកនាំដោយលោក Edward Yau រដ្ឋមន្ត្រីពាណិជ្ជកម្ម និងសេដ្ឋកិច្ចអភិវឌ្ឍន៍ នៃតំបន់រដ្ឋបាលពិសេសហុងកុងរបស់ចិន និងមានការចូលរួមជាវាគ្មិនកិត្តិយសពី ឯកឧត្តម Dato Lim Jock Hoi អគ្គលេខាធិការអាស៊ាន និងរដ្ឋមន្ត្រីពាណិជ្ជកម្មមកពីបណ្តាប្រទេសជាសមាជិកអាស៊ាន និងប្រទេសដៃគូមួយចំនួនទៀត។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ របស់ចិន ជាមួយប្រទេសជាដៃគូ រួមមានអាស៊ាន អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងដៃគូពាណិជ្ជកម្មដទៃទៀត ក្នុងបរិបទទ្វេភាគី តំបន់ និងពហុភាគី។

ក្នុងកិច្ចប្រជុំនេះ លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ពីផែនការស្តារសេដ្ឋកិច្ចអាស៊ាន និងកម្ពុជា ក្នុងបរិការណ៍នៃវិបត្តិជំងឺឆ្លងកូវីដ១៩ និងក្រោយវិបត្តិនេះ។ ជាពិសេសការធានាឱ្យបាននូវលំហូរនៃទំនិញចាំបាច់ សម្ភារ បរិក្ខារសុខាភិបាល និងស្បៀងអាហារ។

លោករដ្ឋមន្ត្រី ក៏បានលើកឡើងពីសារៈសំខាន់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន និងរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនទៀត ក្រោមក្របខ័ណ្ឌអាស៊ាន។ ជាពិសេសកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលកិច្ចព្រមព្រៀងទាំងនេះ នឹងជួយកាត់បន្ថយ និងលុបបំបាត់ពន្ធគយ និងរបាំងមិនមែនពន្ធគយ សម្រាប់ពាណិជ្ជកម្មទំនិញ និងពាណិជ្ជកម្មសេវា ដែលនឹងលើក កម្ពស់បរិស្ថានសម្រាប់ការវិនិយោគ ភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ និងជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី និងតំបន់។

លោករដ្ឋមន្ត្រីពាណិជ្ជកម្ម ក៏បានលើកឡើងពីសារៈសំខាន់នៃប្រព័ន្ធពាណិជ្ជកម្មពហុភាគីក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាពិសេសការត្រៀមចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីអង្គការ WTO លើកទី១២ (MC12) នាពេលខាងមុខផងដែរ។

ពាក់ព័ន្ធនឹងគម្រោងខ្សែក្រវាត់ និងផ្លូវនេះ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា កម្ពុជា បាននិងកំពុងទទួលបានផលប្រយោជន៍ជាច្រើនពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលចូលរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ។ ជាពិសេសរចនាសម្ព័ន្ធក្នុងវិស័យដឹកជញ្ជូន រួមមានស្ពាន ទំនប់វារីអគ្គិសនី អាកាសយានដ្ឋាន កំពង់ផែសមុទ្រ និងទន្លេជាដើម។

«ការអភិវឌ្ឍទាំងនេះ នឹងឈានទៅដល់ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងភាពប្រកួតប្រជែងរបស់កម្ពុជា ដែលនឹងនាំមកនូវការអភិវឌ្ឍ កំណើនសេដ្ឋកិច្ច សុខមាលភាព ប្រជាជន និងការលុបបំបាត់ភាពក្រីក្រ»។ នេះជាការបញ្ជាក់របស់លោក ប៉ាន សូរស័ក្តិ។

ក្នុងកិច្ចប្រជុំនៅថ្ងៃនេះ លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ពីការប្តេជ្ញារបស់កម្ពុជា ក្នុងការបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយតំបន់រដ្ឋបាលពិសេសហុងកុង និងបណ្តាប្រទេសជាដៃគូពាណិជ្ជកម្មទាំងក្នុងតំបន់ និងលើពិភពលោក ដើម្បីជំរុញកំណើនពាណិជ្ជកម្ម និងសេដ្ឋកិច្ច៕