(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវ៨ចំណុច ដើម្បីបន្តចូលរួមលើកកម្ពស់ការងារអក្ខរកម្មនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព។ នេះបើតាមសារលិខិតសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨កញ្ញា ២០២១ ដែលបណ្តាញព័ត៌មានទទួលបាន។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា ដើម្បីបន្តចូលរួមលើកកម្ពស់ការងារអក្ខរកម្មនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត សម្តេចសូមអំពាវនាវដូចតទៅ៖

* ទី១៖ ក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវរៀបចំគោលនយោបាយ ក្របខណ្ឌច្បាប់ លិខិតបទដ្ឋាន និងយន្តការចាំបាច់ ដើម្បីដឹកនាំ គ្រប់គ្រង និងអនុវត្តឱ្យមានប្រសិទ្ធភាព និងគុណភាព ធានាបាននូវការសិក្សាពេញមួយជីវិត សម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងស្របទៅនឹងបរិការណ៍ថ្មីនៃគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ក៏ដូចជាការស្តារឡើងវិញសង្គម-សេដ្ឋកិច្ច បន្ទាប់ពីវិបត្តិកូវីដ១៩។

* ទី២៖ ក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សា មណ្ឌលសិក្សា ទីវត្តអារាមទាំងអស់ត្រូវ បន្តបង្កើតកម្មវិធីអប់រំកម្មវិធីសិក្សាពេញមួយជីវិត ទាំងផ្នែកអក្ខរកម្ម ទាំងផ្នែកវិជ្ជាជីវៈ ទាំងផ្នែកបច្ចេកវិទ្យាព័ត៌មាន ឱ្យកាន់តែសម្បូរបែប ឆ្លើយតបនឹងតម្រូវការអ្នកសិក្សា។

* ទី៣៖ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ចូលរួមគាំទ្រឱ្យបានខ្លាំងក្លាថែមទៀត ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ មជ្ឈមណ្ឌលសិក្សា និងជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដែលមិនបានរៀនសូត្រ ឬបោះបង់ការសិក្សា ឱ្យមានឱកាសទទួលបានការរៀនសូត្រជាថ្មី ជាពិសេសត្រូវខិតខំបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋមានពិការភាព ឱ្យទទួលបានលទ្ធភាពក្នុងការសិក្សារៀនសូត្រ ប្រកបដោយសមធម៌ និងបរិយាប័ន្ន។

* ទី៤៖ ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ទាំងស្ថាប័នរដ្ឋ និងឯកជន សូមជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវរាល់កម្មវិធីអក្ខរកម្ម ដើម្បីឱ្យប្រជាពលរដ្ឋយើងមានការយល់ដឹងកាន់តែទូលំទូលាយ ក្រោមប្រធានបទ «អក្ខរកម្មជាមូលដ្ឋានគ្រឹះ នៃការសិក្សាពេញមួយជីវិត»។

* ទី៥៖ ក្មួយៗជាសិស្ស និស្សិតតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាយរឹទ្ធិ និងយុវជនកាកបាទក្រហមកម្ពុជា ត្រូវសកម្មចូលរួមជួយបង្រៀនដោយស្ម័គ្រចិត្តដល់អ្នកមិនចេះអក្សរ ដែលស្ថិតក្នុងមូលដ្ឋានរបស់ក្មួយៗរស់នៅ។ បងប្អូនជនរួមជាតិ ដែលជាមាតាបិតា ឬអ្នកអាណាព្យាបាល ក៏សូមជួយជំរុញកូនចៅឱ្យរៀនសូត្របានជាប់លាប់ និងទទួលបានលទ្ធផលល្អគ្រប់ៗគ្នា។

* ទី៦៖ វត្តអារាម និងវិហារសាសនា នានា ត្រូវចលនាព្រះសង្ឃ បព្វជិតសាសនា តាជី ដូនជី ចូលរួមជំរុញកម្មវិធីអក្ខរកម្មវិជ្ជាជីវៈឱ្យកាន់តែខ្លាំងក្លាថែមទៀត តាមរយៈការទេសនាអប់រំអំពីសារៈប្រយោជន៍នៃការរៀនសូត្រ អំពីសីលធម៌ និងលើកកម្ពស់វប្បធម៌រស់នៅ ក្នុងភាពជាពលរដ្ឋសកល។

* ទី៧៖ ដៃគូអភិវឌ្ឍ និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបង្កើនកិច្ចសហការ និងពង្រឹងភាពជាដៃគូជាមួយគ្រឹះស្ថានរដ្ឋ ដើម្បីជួយឧបត្ថម្ភគាំទ្រទាំងធនធាន ទាំងបច្ចេកទេស ដល់គ្រប់កម្មវិធីអប់រំ ជាពិសេសកម្មវិធីអក្ខរកម្មផ្សារភ្ជាប់នឹងការអប់រវិជ្ជាជីវៈ ឱ្យមានដំណើរការល្អជាប់ជាប្រចាំ។

* ៨៖ ប្រធានរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជន សូមជួយជំរុញបើកថ្នាក់អក្ខរកម្ម គួបផ្សំជាមួយថ្នាក់បំប៉នមុខជំនាញវិជ្ជាជីវៈផ្សេងៗដល់បងប្អូនកម្មករ កម្មការិនី ដើម្បីជាប្រយោជន៍របស់ពួកគេផង និងជាប្រយោជន៍ដល់ម្ចាស់រោងចក្រ សហគ្រាសផង ដោយយើងទាំងអស់គ្នាត្រូវចងចាំថា «មានអក្ខរកម្ម មានការគិតគូរ និងការសម្រេចចិត្តបានត្រឹមត្រូវ», «មានអក្ខរកម្មនាំឱ្យការអភិវឌ្ឍ សហគមន៍កាន់តែរីកចម្រើន», «មានអក្ខរកម្មមានសុខដុមជីវិតបុគ្គល គ្រួសារ និងសង្គម»