(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្តីសម្រេចបន្តដាក់ចេញវិធានការរដ្ឋបាលជាបណ្តោះអាសន្ន រយៈពេល ១សប្តាហ៍ន្ថែមទៀត រហូតដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្ត។

បើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ហាមដាច់ខាតនូវរាល់ការលក់ ចែកចាយស្រា ស្រាបៀរ រួមនឹងភេសជ្ជៈដែលមានជាតិអាល់កុល (បណ្តាលឱ្យស្រវឹង) ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ក្នុងថិរវេលាកំណត់ដូចមានចែងក្នុងប្រការ១ ជាកំហិត។

ជាមួយគ្នានេះដែរ រាល់ការបម្រើសេវាកម្មរបស់តូបអាហារ អាហារដ្ឋាន ភោជនីយដ្ឋាន ភេសជ្ជដ្ឋាន និងភោជនីយដ្ឋាន នៅតាមសណ្ឋាគារ។ល។ ត្រូវតែគោរពឱ្យខាងតែបាននូវវិធានការអនាម័យ ដូចជាការរៀបចំដែលអាកុល បាញ់សម្លាប់មេរោគ និងការរក្សាគម្លាតសុវត្ថិភាពបុគ្គលជាដើម។ល។ ស្របតាមការណែនាំ និងវិធានសុខាភិបាលក្នុងការបម្រើសេវាកម្មរបស់ខ្លួន ដោយមិនអនុញ្ញាតឱ្យបម្រើសេវាក្នុងទីតាំងផ្ទាល់ជាដាច់ខាត តែប្រើជម្រើសសេវាកម្មបែបវេចខ្ចប់ និងហាមការបម្រើសេវាគ្រឿងស្រវឹងគ្រប់ប្រភេទជាដាច់ខាត។

រដ្ឋបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ហាមឃាត់ជាបណ្តោះអាសន្នការធ្វើសកម្មភាព មុខរបរ និងអាជីវកម្មក្លឹបកំសាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ, រង្គសាល, ឌីស្កូតែក និងបៀហ្គាឌិន, រមណីយដ្ឋាន និងសួនកំសាន្តនានា, អាជីវកម្មម៉ាស្សា ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ, រោងសម្តែងសិល្បៈ, ក្លឹបហាត់ប្រាណ និងមណ្ឌលកីឡានានា និងសកម្មភាពមុខរបរអាជីវកម្មដែលនឹងបង្កឱ្យមានស្ថានភាពប្រឈមដែលកំណត់របស់អាជ្ញាធរអនុលោមតាមតម្រូវការចាំបាច់ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

បន្ថែមពីនេះ ចំពោះរាល់សកម្មភាពការងារ មុខរបរ និងអាជីវកម្មដែលមិនត្រូវបានហាមឃាត់ ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ ការរៀបចំដែល/អាកុលបាញ់សម្លាប់មេរោគ ការវាស់កម្តៅ ការប្រើប្រាស់ប្រព័ន្ធ QR Code «ទប់ស្កាត់កូវីដ» (Stop Covid) និងការរក្សាគម្លាតសុវត្ថិភាពបុគ្គលជាដើម។ល។ ពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ការពារ និង៣កុំ»

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖