(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់និស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» ថា ការបំពេញការងារទាំងឡាយឡាយទោះបីមានជំនាញច្បាស់លាស់ក៏ដោយ ត្រូវផ្សារភ្ជាប់ជាមួយក្តីស្រឡាញ់ និងឆន្ទៈមុះមុតបន្ថែមទៀត ដើម្បីឱ្យការងារនោះទទួលបានប្រសិទ្ធខ្ពស់។

វិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានរៀបចំកិច្ចសំណេះសំណាលមួយរវាងនិស្សិត និងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីផ្តល់នូវដំបូន្មាន និងការអប់រំផ្នែកចរិយាធម៌មួយចំនួនជាទុនបន្ថែមសម្រាប់និស្សិតក្នុងការរស់នៅក្នុងសង្គម ក៏ដូចជាសម្រាប់បំពេញការងារផ្សេងៗ។

ក្នុងកិច្ចសំណេះសំណាលនេះ ក៏មានការនិមន្តព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ នាយកប្រតិបត្តិអង្គការព្រះពុទ្ធសាសនាដើម្បីអប់រំនៃកម្ពុជា ផ្តល់នូវការអប់រំមួយចំនួនដល់និស្សិតតាមផ្លូវព្រះធម៌ផងដែរ។ ព្រះតេជគុណ ហាក់ សៀងហៃ បានផ្តល់នូវឱវាទដោយផ្តោតជាសំខាន់ទៅលើទំនាក់ទំនងរវាងចំណេះដឹង និងចរិយាធម៌ សម្រាប់និស្សិត និងបញ្ញវន្ត។

ព្រះតេជគុណ មានសង្ឃដីកាថា និស្សិត និងបញ្ញវន្ត ដែលមានតែចំណេះជំនាញ តែខ្វះនូវចរិយាធម៌ និងគុណធម៌ គឺប្រៀបដូចជាបុប្ផា ដែលខ្វះនូវគន្ធពិដោរដូច្នោះដែរ ហើយចំណេះដឹងទាំងឡាយ ដែលខ្វះនូវគុណតម្លៃនៃគុណធម៌ សីលធម៌ ក៏ងាយនឹងបង្កគ្រោះថ្នាក់សម្រាប់សង្គមជាតិ និងពិភពលោកទាំងមូល។

សម្រាប់ព្រះតេជគុណ ហាក់ សៀងហៃ ចង់ឃើញនិស្សិតដែលសិក្សានៅវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» យកចំណេះជំនាញរបស់ខ្លួនទៅបម្រើការងារក្នុងសង្គម និងប្រទេសជាតិ ប្រកាន់ខ្ជាប់ជាមួយគុណធម៌ ដើម្បីឱ្យកិច្ចការទាំងឡាយដែលខ្លួនធ្វើមានគុណតម្លៃសម្រាប់មនុស្សជាតិ។

សម្រាប់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញនូវការគាំទ្រទាំងស្រុងចំពោះសង្ឃដីការបស់ព្រះតេជគុណ ហាក់ សៀងហៃ។ ក្នុងកិច្ចសំណេះសំណាលនោះ លោកទេសរដ្ឋមន្ត្រី ក៏បានផ្តល់នូវដំបូន្មានបន្ថែមមួយចំនួនទៀត ដើម្បីជាគតិ និងជាការអប់រំផ្នែកចរិយាធម៌ដល់និស្សិត។

លោកទេសរដ្ឋមន្ត្រី ក៏បានក្រើនរំលឹកផងដែរដល់និស្សិតដែលកំពុងសិក្សាទាំងអស់ នៅពេលចេញបម្រើការងារ ត្រូវធ្វើដោយការយកចិត្តទុកដាក់ ធ្វើដោយចេញពីក្នុងចិត្ត និងបេះដូង ដើម្បីឱ្យការងារនោះបានល្អប្រសើរ។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ដូច្នេះ «ការងារបើយើងគ្មានក្នុងចិត្ត ក្នុងបេះដូងយើង គ្មានឆន្ទៈមុះមុត ដើម្បីធ្វើការងារនោះ យើងធ្វើមិនបានប្រសិទ្ធភាពទេ។ អ៊ីចឹងយើងត្រូវធ្វើការអ្វីទាំងអស់ ធ្វើឱ្យមានគុណភាព ហើយធ្វើម្តងឱ្យត្រូវតែម្តង កុំធ្វើពីរដង។ តែយើងធ្វើពីរដងហើយ ខាតពេលវេលា ខាតថវិកា។ បើសាងសង់ផ្លូវ ធ្វើផ្លូវឱ្យមានគុណភាព កុំឱ្យសាងសង់ហើយ មកកែសាងសង់ឡើងវិញម្តងហើយ ម្តងទៀត វាខាតពេលវេលាទាំងយើង ទាំងប្រជាពលរដ្ឋ និងខាតទាំងថវិកាជាតិ»

លោកទេសរដ្ឋមន្ត្រី បន្តថា «ពេលយើងធ្វើការងារអ្វីមួយ ជាពិសេសការងារផ្លូវថ្នល់របស់យើងនេះ ត្រូវគិតគូរដល់អ្នកប្រើប្រាស់ផ្លូវ។ យើងធ្វើជូនទៅប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវ ក៏ប៉ុន្តែត្រូវគិតថា ការធ្វើរបស់យើងនេះអាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ឬអត់? អ្វីៗដែលយើងធ្វើត្រូវគិតដល់អ្នកប្រើប្រាស់ផ្លូវរបស់យើងឱ្យបានច្បាស់»

នៅក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី ក៏បានណែនាំឱ្យនិស្សិតប្រឹងប្រែងសិក្សារៀនសូត្រក្រេបយកចំណេះជំនាញទៅជួយដល់សង្គម ដោយមិនត្រូវធ្វើឱ្យបាក់មុខ ឬខូចតម្លៃរបស់វិទ្យាស្ថាន។ បន្ថែមពីលើនោះ ត្រូវយកចំណេះជំនាញទៅជួយអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើន។

លោកបានលើកឡើងនូវគតិអប់រំថា កុំរស់នៅលើកោះដែលមានសម្បត្តិស្តុកស្តម្ភ ហ៊ុមព័ទ្ធដោយសមុទ្រក្រីក្របានទេ។ ត្រូវជួយជីកកោះកកាយកោះដែលសម្បូរដោយទ្រព្យសម្បត្តិនេះឱ្យធំ ហើយបង្រួមសមុទ្រក្រីក្រឱ្យតូចបំផុត ដើម្បីប្រជាពលរដ្ឋខ្មែរ និងប្រជាពលរដ្ឋទូទាំងពិភពលោកតែម្តង៕