(តាកែវ)៖ លោកស្រី កុយ ពិសី អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកគីរីវង្ស និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រៃអំពក នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញប្រគេនទានវស្សា និងទេយ្យទានដល់ព្រះសង្ឃគង់នៅវត្តចំនួន៣ ក្នុងឃុំព្រៃអំពក ស្រុកគិរីវង្ស ខេត្តតាកែវ ហើយឆ្លៀតឱកាសនោះ លោកស្រីបានចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់សមិទ្ធផលមួយចំនួន ក្នុងមូលដ្ឋាននេះ ព្រមទាំងសួរសុខទុក្ខស្ត្រីសម្រាលកូនផងដែរ។

វត្តចំនួន៣ ដែលលោកស្រី កុយ ពិសី ប្រគេនទានវស្សានេះរួមមាន វត្តឧញ្ញាវឌ្ឍនារាម ហៅវត្ត ទ្រូមូង, វត្តគីរីតាល់ផាត់ ហៅវត្តភ្នំផ្លិត, វត្តព្រះធាតុ។

បន្ទាប់ពីប្រគេនទានវស្សាហើយនោះ លោកស្រី កុយ ពិសី បានឆ្លៀតឱកាសនេះចូលរួមដាំដើមឈើ នៅក្នុងមូលដ្ឋានសាលាឃុំព្រៃអំពក ព្រមទាំងចុះពិនិត្យការសាងសង់របងសាលាឃុំ និងរបងទីស្នាក់ការគណបក្សផងដែរ។ បន្ថែមពីនេះ លោកស្រី បាននាំយកនូវថ្នាំពេទ្យ និងគ្រឿងឧបភោគបរិភោគមួយចំនួន ប្រគលជូនមណ្ឌលសុខភាពឃុំព្រៃអំពក ព្រមទាំងសួរសុខទុក្ខស្រ្តីទើបសម្រាលកូននៅទីនោះទៀតផង។

ក្នុងឱកាសប្រគេនទានវស្សា និងមានវត្តមាននៅមូលដ្ឋានឃុំព្រៃអំពកនេះ លោកស្រី បានលើកឡើងអំពីវឌ្ឍនភាពដ៏ល្អប្រសើរ នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅទូទាំងប្រទេស ដោយបានបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន និងកំពុងខិតខំស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដោយក្នុងនោះក៏មានការចាក់ជូនកុមារ និងយុវវ័យអាយុចន្លោះពី១២ ដល់១៨ឆ្នាំ និងអំពីការចាក់ដូសជំរុញផងដែរ។

លោកស្រី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលចូលរួមអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល និងអំពាវនាវដល់ប្រជាពលរដ្ឋនៅមូលដ្ឋាននេះទាំងអស់ ឱ្យបន្តចូលរួមអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ជាពិសេសវិធានការ៣កុំ៣ការពារ ដែលដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន ដើម្បីយកឈ្នះលើសមរភូមិកូវីដ១៩ នៅកម្ពុជា៕