(កំពង់ឆ្នាំង)៖ ដើម្បីចូលរួមចំណែកក្នុងការជួយទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ព្រះមេត្តិសត្ថា វង្ស កុសល ព្រះរាជាគណថ្នាក់កិត្តិយស និងជាទីប្រឹក្សាសម្ដេច ព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស និងជាព្រះអនុគណស្រុករលាប្អៀរ និងសហការី នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ បាននិមន្តនាំយកគ្រឿង ឧបភោគបរិភោគ និងបច្ច័យឧបត្ថម្ភដល់រដ្ឋបាលស្រុករលាប្អៀរ សម្រាប់ដោះស្រាយផ្សេងៗជូនដល់ពលរដ្ឋដែលរងគ្រោះក្នុងបរិបទកូវីដ។

លោក យ៉ង់ សៅវុឌ្ឍី អភិបាលស្រុករលាប្អៀរ បានថ្លែងអំណរព្រះគុណដល់ព្រះមេត្តិសត្ថា វង្ស កុសល និងនិងសហការីទាំងអស់ សូមមានព្រះសុខភាពល្អ ព្រះជន្មយឺនយូរដើម្បីបន្តដឹកនាំ និងអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនាឱ្យកាន់តែទទួលបានភាពកក់ក្តៅពីប្រជាពុទ្ធបរិស័ទជាបន្តទៀត។

សូមបញ្ជាក់ថា គ្រឿងឧបភោគ បរិភោគ និងបច្ច័យ ឧបត្ថម្ភដល់រដ្ឋបាលស្រុករលាប្អៀរ រួមមាន៖ អង្ករ១តោន មី៤២កេស ទឹកត្រី៤០យួរ ទឹកស៊ីអ៊ីវ៤២យួរ និងបច្ច័យ ១លានរៀល៕