(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទម្លាយថា ថ្នាក់ដឹកនាំនៅក្រសួងសាធារណការ និងដឹកជញ្ជូនមួយចំនួនមានជំងឺ «តួឯក» ដែលជាជំងឺគ្រោះថ្នាក់មួយនាំឱ្យមានការមិនចុះសម្រុងគ្នានៅក្នុងក្រសួង។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទម្លាយបែបនេះក្នុងពេលជួបសំណេះសំណាលជាមួយសាស្ត្រាចារ្យ និងនិស្សិតនៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូននៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។ ការសំណេះសំណាលនេះ ធ្វើឡើង ដើម្បីតម្រង់ទិស និងអប់រំចរិយាធម៌សម្រាប់និស្សិត។

ក្នុងកិច្ចសំណេះសំណាលនេះ លោកទេសរដ្ឋមន្ត្រី បានណែនាំដល់និស្សិតឱ្យលះបង់ជំងឺតួឯក ហើយត្រូវរៀនមានទំនាក់ទំនងល្អនៅក្នុងសង្គម ក៏ដូចជានៅកន្លែងដែលខ្លួនបម្រើការងារ។

រំលឹកដល់ជំងឺ «តួឯក» នេះ លោកទេសរដ្ឋមន្ត្រី បានបង្ហើបថា ក្នុងក្រសួងរបស់លោក ក៏មានថ្នាក់ដឹកនាំមានជំងឺតួឯកផងដែរ។

លោក ស៊ុន ចាន់ថុល បានបញ្ជាក់ដូច្នេះ «នៅក្រសួងសាធារណការ និងដឹកជញ្ជូន ក៏មានដែរ មានតួឯក។ ថ្នាក់ដឹកនាំខ្លះជាតួឯក អត់ស្តាប់គេទេ ធ្វើការជាមួយគេមិនបាន បើធ្វើខ្លួនឯងបានជោគជ័យ បើដឹកនាំគេលំបាកបន្តិច។ ខ្ញុំមិនបោះបង់ទេ ហើយចេះតែណែនាំ ជួយកែ ត្រូវរៀនសូត្រថែមទៀត»

លោក ស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់ដែរថា បើមានតែចំណេះជំនាញវិជ្ជាជីវៈ ប៉ុន្តែខ្វះការទំនាក់ទំនងល្អនៅក្នុងសង្គម និងកន្លែងបម្រើការងារ គឺមិនអាចទទួលបានជោគជ័យលើការងារនោះឡើយ។ ដូច្នេះលោកបានជំរុញឱ្យនិស្សិត ដែលសិក្សានៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ត្រូវរៀបចំខ្លួនឱ្យមានសីលធម៌ល្អ និងទំនាក់ទំនងឱ្យបានល្អនៅក្នុងសង្គម មិនត្រូវប្រកាន់អត្តចរិតឆ្មើងឆ្មៃនោះឡើយ៕