(ភ្នំពេញ)៖ អ្នករស់នៅលើដីរដ្ឋលើផ្លូវចិញ្ចើមផ្លូវប្រឡាយ គ្មានច្បាប់ណាឱ្យរដ្ឋចេញលុយសំណងនោះទេ ពេលរដ្ឋត្រូវការដីអភិវឌ្ឍន៍ដាច់ខាតត្រូវតែរុះរើចេញ ដោយគ្មានលក្ខខណ្ឌ ហើយបើចង់ប្តឹង សូមប្តឹងខ្ញុំ ហែម ដារិទ្ធ ជាអភិបាលខណ្ឌ កុំប្តឹងលោក ប៉ាង លីដា ព្រោះខ្ញុំជាអ្នកបញ្ជាគាត់ឱ្យទៅរូះរើ។ នេះជាការបញ្ជាក់ពីលោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ក្នុងឱកាសបើកការដ្ឋានបុកស៊ីផាយ ប្រឡាយមេទី១ ភូមិទទួលពង្រ សង្កាត់ចោមចៅទី១ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១។

លោកអភិបាលខណ្ឌ បានលើកឡើងថា ប្រឡាយនេះជាដីរបស់រដ្ឋ ពេលនេះសាលារាជធានីភ្នំពេញ ត្រូវការអភិវឌ្ឍន៍ប្រឡាយឱ្យបានធំទូលាយ ដើម្បីឱ្យទឹកហូរបានលឿន កាត់បន្ថយការលិចលង់ ពីជំនន់ទឹកភ្លៀងរដូវវស្សា ពិសេសនៅតំបន់ប៉ែកខាងលើ ក្នុងភូមិសាស្រ្តខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ព្រោះទឹកមួយភាគធំធ្លាក់តាមប្រឡាយនេះ មុនចូលទៅប្រឡាយបឹងហា នៅក្នុងខណ្ឌដង្កោ។

លោកថា «តែបើបងប្អូនដឹងថាការអភិវឌ្ឍន៍នេះ ធ្វើដើម្បីប្រយោជន៍បងប្អូន ដើម្បីប្រយោជន៍សង្គម មិនគួរនឹងប្តឹងខ្ញុំនោះទេ គួរតែគាំទ្រ និងចូលរួមជាមួយរដ្ឋបាលខណ្ឌ ដើម្បីឱ្យការអភិវឌ្ឍន៍ដំណើរការដោយរលូន និងសំរេចតាមផែនការដែលបានគ្រោងទុក»

គួរបញ្ជាក់ថា កំណាត់ប្រឡាយមេទី១ ភូមិទទួលពង្រ ចាប់ពីផ្លូវប្រវ៉ាត់ក្រុងទី២ ផ្សារទួលពង្រ រហូតដល់ព្រំប្រទល់ ខណ្ឌដង្កោ មានប្រវែងជាង ១,០០០ម៉ែត្រ ដែលមានគំរោងស្ថាបនាស្ពានចំនួន៧កន្លែង ក្នុងនោះស្ពានធំៗ ចំនួន ២ មានទំហំ ១០x១០ម៉ែត្រ និងស្ពានតូចៗ ចំនួន៥ទៀត មានទំហំ ៨ x ៨ម៉ែត្រ ដែលមកដល់ថ្ងៃនេះការស្ថាបនាស្ពានទាំងអស់សំរេចបាន៨០ភាគរយហើយ។

ជាមួយគ្នានេះ តាមរយៈការគាំទ្រគំរោងថវិកាពីសាលារាជធានីភ្នំពេញ, ក្រុមហ៊ុនទទួលការបានចាប់ផ្តើមបុកស៊ីផាយសងខាងប្រឡាយ នៅថ្ងៃនេះជាបន្តទៀត ដើម្បីទប់ដីកុំឱ្យហូរធ្លាក់ចូលប្រឡាយ ទុកឱ្យប្រឡាយឱ្យរក្សាភាពដើមធំ ទូលាយ សម្រួលចរន្តទឹកហូរបានលឿន។

លោកអភិបាលខណ្ឌ ក៏បានណែនាំដល់អាជ្ញាធរសង្កាត់-ភូមិ សូមផ្សព្វផ្សាយ អប់រំ ណែនាំប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយប្រឡាយនេះ កុំឱ្យបោះសំរាមចូលប្រឡាយ និងកុំធ្វើអ្វីឱ្យប៉ះពាល់តួប្រឡាយជាដាច់ខាត ពុំនោះទេរដ្ឋបាលខណ្ឌ និងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនណាដែលរឹងរូស និងបង្កផលប៉ះពាល់ដល់សម្បត្តិសាធារណៈជាមិនខាន៕