(ភ្នំពេញ)៖ ឧកញ៉ា ប៉ិច បូឡែន ទីប្រឹក្សាក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសហព័ន្ធសេវាកម្មអប់រំនៅកម្ពុជា បានគាំទ្រសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ដែលសម្រេចកំណត់តំបន់មួយចំនួន សម្រាប់ការបើកទ្វារសាលារៀនឡើងវិញ ដោយលោកចាត់ទុកថា ជាការគិតគូរដ៏ល្អ និងត្រឹមត្រូវ។

លោកបានថ្លែងបែបនេះ ក្នុងឱកាសដឹកនាំការជួបសំណេះសំណាល តាមប្រព័ន្ធអនឡាញ រវាងក្រុមប្រឹក្សាភិបាលជាមួយសមាជិកកំពុងជួបការលំបាក ដើម្បីឈេ្វងយល់ពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួមសម្រាប់រក្សានិរន្តរភាពសាលារៀន ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ ក៏ដូចជាការត្រៀមលក្ខណៈសម្បតិ្ត សម្រាប់ការបើកសាលារៀនឡើងវិញ តាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។

លោកបានបន្តថា ការផ្ទុះឡើងនៃការរីករាលដាលជំងឺកូវីឌ១៩ ក្នុងរយៈពេល ២ឆ្នាំមកនេះ បានបណ្តាលឱ្យប៉ះពាល់ដល់ការអភិវឌ្ឍ ស្ទើគ្រប់វិស័យនៅប្រទេសកម្ពុជា ក្នុងនោះវិស័យអប់រំក៏ទទួលរងនូវបញ្ហាប្រឈមផងដែរ ដែលបណ្តាលឱ្យគ្រឹះស្ថានអប់រំឯកជនមួយចំនួន ផ្អាកដំណើរការ ដោយសារតែវិបត្តិហិរញ្ញវត្ថុ និងមិនអាចចាប់យកការអប់រំតាមប្រព័ន្ធបច្ចេកវិទ្យាទាន់ពេលវេលា។ ប៉ុន្តែ សាលារៀនភាគច្រើនបានតស៊ូ ពុះពារជំនះគ្រប់ឧបសគ្គ ស្វែងរកដំដោះស្រាយ និងមធ្យោបាយបង្រៀនគ្រប់រូបភាព ដើម្បីរក្សានិរន្តរភាពសាលារៀន ក៏ដូចជារក្សាឱ្យបាននូវគុណភាពអប់រំ។

ជុំវិញការបើកសាលារៀនឡើងវិញនេះ ឧកញ៉ា ប៉ិច បូឡែន បានបញ្ជាក់ថា «ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា ពិភាក្សាជាមួយថ្នាក់ដឹកនាំរាជធានី ខេត្ត ដើម្បីកំណត់តំបន់មួយចំនួនសម្រាប់ការបើកទ្វារសាលារៀនឡើងវិញ។ នេះជាការយកចិត្តទុកដាក់ខ្ពស់ របស់ថ្នាក់ដឹកនាំលើវិស័យអប់រំ ហើយសាលារៀនត្រូវត្រៀមខ្លួណអនុវត្តតាមការណែនាំ និងស្តង់ដារសុវត្ថិភាពរបស់ក្រសួងឱ្យបានខ្ជាប់ខ្ជួន ដើម្បីរក្សានូវសុវត្ថិភាព ខណៈពេលសិស្សវិលមកសិក្សាក្នុងថ្នាក់រៀនវិញ។ ម្យ៉ាងវិញទៀតសាលារៀនគួរចាប់ផ្តើមពិនិត្យមើលលទ្ធភាព និងត្រៀមរៀបចំកាលវិភាគសិក្សា សម្រាប់ដំណើរការរៀននិងបង្រៀនជាលក្ខណ:បណ្តុំ តាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរ»

លោកបានសង្កត់ធ្ងន់ថា សហព័ន្ធសេវាអប់រំនៅកម្ពុជាគឺជាគ្រួសារ និងជាបណ្តុំសាលារៀនឯកជន ដូចនេះសមាជិកទាំងអស់មានឱកាសសហការ ជួបពិភាក្សា ផ្លាស់ប្តូរយោបល់ជាមួយអ្នកស្រឡាញ់ការងារអប់រំដូចគ្នា លើកទឹកចិត្តគ្នាទៅវិញទៅមក ដើម្បីទទួលបាននូវចំណេះ និងបទពិសោធន៍ថ្មីលើដំណើរការសាលារៀន និងកម្មវិធីសិក្សា។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានណែនាំដល់រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឱ្យពិភាក្សាជាមួយ អភិបាលរាជធានី-ខេត្តទាំងអស់ ដើម្បីបើកសាលារៀនឡើងវិញ នៅទីតាំងដែលគ្មានការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅតាមទីជនបទ ក្នុងប្រទេសកម្ពុជា៕