(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពីការប្រកាសផ្សព្វផ្សាយប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ការផ្សព្វផ្សាយស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន ការចែកលិខិតអញ្ជើញអ្នកចុះឈ្មោះបោះឆ្នោត ការចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ និងការចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។

បើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងថា កិច្ចប្រជុំនេះនឹងធ្វើឡើងក្រោមអធិបតីភាពលោក ប្រាជ្ញា ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១០៖០០នាទីព្រឹក។

គ.ជ.ប បានឱ្យដឹងថា សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញភាគីពាក់ព័ន្ធទាំងអស់ និងប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន ចូលរួមក្នុងកម្មវិធីនេះ តាមប្រព័ន្ធអនឡាញ (កម្មវិធី Microsoft Teams)។

ដើម្បីចុះឈ្មោះចូលរួមក្នុងកិច្ចប្រជុំនេះ សូមទាក់ទងតាមទូរស័ព្ទលេខ៖ ០៩៩ ៦១៦ ១៦៤/ ០៩៦ ៦៩ ០៩ ៧៧៨ ឱ្យបានមុន ឬត្រឹមថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីឱ្យសហការីភ្ជាប់ចូលទៅកាន់ Group Telegram នៃកម្មវិធីកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ៕