(ជប៉ុន)៖ លោក Terry Gou ប្រធានក្រុមហ៊ុន Foxconn Technology Group បានប្រកាសឲ្យដឹងថា ក្រោយពីកិច្ច​ចរចាអស់រយៈពេលជាច្រើនថ្ងៃមក នៅពេលនេះ Foxconn សម្រេចចិត្តទិញយកក្រុមហ៊ុនបច្ចេកវិទ្យា Sharp ក្នុង​ចំណែក​ភាគហ៊ុនដ៏ធំ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg ចេញផ្សាយ​នៅមុននេះបន្ដិច នាថ្ងៃទី៣០ ខែមីនា។

យោងតាមសេចក្ដីប្រកាសបានឲ្យដឹងថា ក្រុមហ៊ុន Foxconn នឹងទិញយក​ភាគហ៊ុនរបស់ Sharp ​ចំនួន ៦៦ភាគរយ ប៉ុន្តែមិនបានបញ្ជាក់ថា ទិញក្នុងតម្លៃប៉ុន្មាននោះទេ ខណៈដែលប្រភពព័ត៌មានជិតស្និទ្ធបានលួយបង្ហើបឲ្យដឹងថា ​ការទិញ​លក់នេះ មានតម្លៃមិនក្រោម ២ពាន់លានដុល្លារអាមេរិកនោះទេ។

លោក Gou បានបញ្ជាក់ថា ក្រុមហ៊ុនទាំងពីរ នឹងប្រកាសលទ្ធផលនៃការទិញលក់ជាផ្លូវការ នៅក្នុងពេលឆាប់ៗនេះ ព្រោះថា​នៅពេលនេះ សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនទាំងពីរ កំពុងតែពិភាក្សាទៅលើលក្ខណៈ​មួយ​ចំនួន​ទៀត។

គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន Foxconn ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Hon Hai Precision Industry Co និង​ជា​ក្រុមហ៊ុនផ្គត់ផ្គង់ធំបំផុតរបស់ Apple ក្នុងការផលិត iPhone, iPad និង Mac ជាដើម៕