(ភ្នំពេញ)៖ ពលរដ្ឋ​មួយគ្រួសារ រស់នៅភូមិបាយ៉ាបសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ បានចោ​​ទ​មន្រ្តីយោធាស័ក្តិ៤ម្នាក់ ឈ្មោះ លី សឹង និងអាជ្ញាធរមូដ្ឋានថា​ បានរួមគំនិតគ្នា ប្រើល្បិចរំលោភ​យក​ដីធ្លី​អា​ស្រម ទូលព្រះជិនស្រី ។ ការ​ចោទ​ប្រកាន់​នេះ បន្ទាប់ពីពួកគាត់រងគ្រោះ​ នូវអំពើអយុ​ត្តធម៌​ថា​ មន្រ្តី​យោ​ធាស័ក្តិ៤ឈ្មោះ លី សឹង ដែលត្រូវជាប្អូនបង្កើត ម្ចាស់កម្មសិទ្ធិដី គឺអ្នកស្រី កែវ មុន្នី​ចិន្តា បាន​ប្រើ​អំណាច និងយកឈ្មោះមន្រ្តីធំៗមួយចំនួន មកសំអាង​នៅពីក្រោយខ្នង ព្រមទាំ​ងប្រើល្បិច​ឃុបឃិត ​គ្នាជាមួយអាជ្ញាធរ បំពាន ប្លន់យកដីរបស់ពួកគាត់។

​គ្រួសារ​ស្រ្តីមេម៉ាយវ័យចំណាស់ មានកូនក្នុងបន្ទុក៤នាក់ ដែលអះអាងថា រងនូវអំពើ​អយុត្តិធម៌អ្នកស្រី កែ​វ មុន្និចិន្តា បានអំពាវនាវស្វែងរក ​កិច្ច​អន្តរាគមន៍ ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេច​កិត្តិ​ព្រឹទ្ធ​ប​ណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងស្ថាប័ន​ពាក់ព័ន្ធនានា បន្ទាប់​ពី​មន្រ្តី​យោ​ធាស័ក្តិ៤​ឈ្មោះ លី សឹ​ង ត្រូវជាប្អូនប្រុសបង្កើត បានប្រើអំណាចឃុបឃិតគ្នា ជាមួយអាជ្ញាធរ​មូលដ្ឋាន មាន​ចេត​នារៀបចំឯកសារ ​​រំលោភ​ដីអាស្រម​របស់គាត់។

អ្នកស្រី កែវ មុន្នីចិត្តា អាយុ៦២ ឆ្នាំ បានអះអាងប្រាប់ឲ្យដឹងថា ដីទំនាស់ដែលមានទំហំ​១៣១​ ៨​៣ ម៉ែត្រការ៉េខាងលើនេះ គឺប្តីរបស់អ្នកស្រី ឈ្មោះលោកតា សំ ម៉េន បានទិញ តាំងពីឆ្នាំ១៩៩០មក​ម្ល៉េះ ហើយប​ន្ទាប់ពីគាត់ និងប្តីគឺលោកតាសំ ម៉េន ទិញបានរយៈពេល២ឬ៣ឆ្នាំ ក៏នាំគ្នាចាប់ផ្តើមចូលមករស់នៅ​​ លើដីនេះ និងបានចាប់ផ្តើមសា​ង​សង់ធ្វើជាកន្លែងអាស្រម ដើម្បីទុកជាទីសក្ការៈគោ​រពបូ​ជា ដែ​លមាន​រូបសំណាក់ព្រះបដិមាករ និង ព្រះនរា​យជាដើម….។ ​អំឡុងពេលកំពុងសាង​ស​ង់​​ ដោ​យមើលឃើញ ពីភាពខ្វះខាត​និងក្តីអាណិត សម្តេ​ចតេជោ ហ៊ុន សែន និង សម្តេចកិ​ត្ត​ព្រឹទ្ធ​ប​ណ្ឌិត សម្តេចទាំងពីរកាលនោះក៏បាន ​ឧបត្ថ​ម្ភ​ស៊ីម៉ង់ចំនួ​ន​១០០ តោន ដើម្បីបន្តការងារ​សាង​ស​ង​ នៅទីកន្លែងនោះ។

អ្នកស្រី កែវ មុន្នីចិន្តា បាននិយាយថា ដីទួលព្រះជិនស្រីនេះ លោ​កតា សំ ម៉េន ត្រូវជាប្តីរបស់​គា​ត់​ បា​​នទិញពី​ម្ចាស់ដើម​ចំនួន៤ទៅ៥ម្ចាស់ ដែល​មាន​លិខិ​តទិ​ញលក់ផ្ទេរសិទ្ធិត្រឹមត្រូវ និង​មា​នកា​រដឹង​ឮស៊ីញ៉េ ផ្តិតមេដៃ ពីសំណាក់លោកមេភូមិបាយ៉ាប​សព្វថ្ងៃ ឈ្មោះ មុយ ជា ព្រមទាំង​ម្ចា​ស់ ដើ​​មនិងមានសាក្សី ដឹងឮទៀតផង។​ ប៉ុន្តែនៅឆ្នាំ២០១៣ ក្រោយពេលដែលប្តីរបស់គាត់ លោ​កតា សំ ម៉េន ស្លាប់ទៅ ក៏ត្រូវប្អូនប្រុសឈ្មោះ លី សឹង ជាមន្រ្តីយោធាស័ក្តិ៤ នៅខេត្តកោះកុង ចាប់​ផ្តើម​បង្កបញ្ហាប្រើអំណាច និងយកឈ្មោះអ្នកធំមកគំរាមកំហែង សំឡុតចង់បានដីរបស់គាត់ ​ពា​ក់កណ្តាលដោយមានការឃុបឃិតគ្នា ជាមួយអាជ្ញាធមូលដ្ឋាន រហូតដល់ថ្នាក់មន្ទីរសុរិយោដី ដើម្បីបានកម្មសិទ្ធិកាន់កាប់ដី ខាងលើនេះពាក់កណ្តាល។

ក្រុមគ្រួសាររបស់អ្នកស្រី កែវ មុន្នីចិន្តា បានបន្តថា រាល់ពេល ចាប់តាំងពីមានទំនាស់ឈ្មោះ លី សឹង តែងប្រើគ្រប់វិធីសាស្រ្ត ដើម្បីឲ្យពួកគាត់សម្រុះសម្រួល ផ្តិតមេដៃ ផ្ទេរកម្មសិទ្ធិដីពាក់​កណ្តា​លទៅឲ្យខ្លួន។ ដោយឡែក អាជ្ញាធរមូលដ្ឋាន ដែលធ្លាប់ស៊ីញ៉ែ ដឹងឮលើកម្មសិទ្ធិដី ដែល​ពួក​គាត់​ទិញ កាលពីឆ្នាំ១៩៩០នោះ ក៏ស្រាប់តែមានការរួមគំនិតចូល​ជើងគ្នា ជាមួយប្អូនប្រុសគាត់​ ឈ្មោះ​លី សឹង​ ហើ​យមិន​ត្រឹមតែ​មិន​ជួយ​ ដោះ​ស្រាយ​វិវាទ​ដីធ្លី​នោះ​ទេ ថែម​ទាំង​ជួយ​ជ្រោមជ្រែង​ ឲ្យ​លោ​ក លី សឹង ដើម្បីបានកាន់កាប់​ដី ​នៅ​តំបន់​នោះ​ ដោយ​ស្របច្បាប់​ទៀត​ផង។

អ្នកស្រី កែវ មុន្នីចិន្តា បានរៀបរាប់ទៀតថា បន្ទាប់ពីការដោះស្រាយ នៅត្រឹមថ្នាក់ភូមិ ឃុំ មិន​បា​ន​លទ្ធផលផ្លែផ្កានោះ ឈ្មោះ លី សឹង ក៏បានប្ដឹងបន្តឡើងទៅ មន្ទីរសុរិយោដី ដោយ​មា​នការចូ​លរួមគំនិត ពីសំណាក់មេភូមិបាយ៉ាប ឈ្មោះ មុយ ជា ក្នុងការបំភ្លៃឯកសារខ្លះៗ ដើម្បីឲ្យឈ្មោះ លី សឹង បានបន្តធ្វើកិច្ចការនេះ។ ជាលទ្ធផលក្រោយពីមានបណ្តឹង ខាងមន្ទីសុរិយោដី ក៏បាន​ចេ​ញសេចក្តីសម្រេចមួយ ដោយកាត់សេចក្តីឲ្យឈ្មោះ លី សឹង មានសិទ្ធិកាន់កាប់ដីនេះ ពាក់​កណ្តាល ។

អ្នកស្រីបានបន្ថែមថា ដោយកើតក្តីមិនសុខចិត្ត ព្រោះតែអំពើរអយុត្តិធម៌ ដែលបានកាត់​សេចក្តី​សម្រេច ឲ្យបែងចែកទំហំដីពាក់កណ្តាល ទៅឲ្យប្អូនប្រុសជាមន្រ្តីយោធាឈ្មោះ លី សឹង ទាំងបុគ្គលនេះ គ្មានជាប់ពាក់ព័ន្ធ​ ជាមួយដីនេះអ្វីបន្តិចនោះ ពោលសូម្បីតែឯសារកម្មសិទ្ធិ កាន់កា​ប់ឬទិញពីភាគីម្ចាស់ដើមក៏គ្មានផង​ ​ទើបក្រុមគ្រួសារអ្នកស្រី បានដាក់ពាក្យប្តឹងជំទាស់ សេចក្តីសម្រេចនេះ ហើយអំពាវនាវសុំការជួយអន្តរាគមន៍ រកយុត្តិធម៌ ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មេត្តាជួយពិនិត្យជម្រុញ ឲ្យមន្រ្តីស្ថាប័នពាក់ព័ន្ធ សើ​រើរឿងនេះជាថ្មីឡើងវិញ ព្រោះដីខាងលើនេះ ជាកម្មសិទ្ធិទិញស្របច្បាស់ របស់គ្រួសារគាត់។ ប៉ុន្តែដោយមានអំ​ណាចប្អូនប្រុសគាត់ ឈ្មោះ លី សឹង បែរជាមិនជួយការពារគាត់ បែរជាសំឡុតគំ​រាមកំហែង រំលោភចង់យកដីពីគាត់ទៅវិញ។

ជុំវិញរឿងរ៉ាវទំនាស់ដីធ្លី រវាងមន្រ្តីយោធាស័ក្តិ៤ ជាមួយអ្នកស្រី កែវ មុន្នីចិន្តា ខាងលើនេះ Fre​sh News បានព្យាយាមទំនាក់ទំនង តាមទូរស័ព្ទ ដើម្បីសួរនាំពីលោក លី សឹង កាលពីព្រល​ប់ ​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ប៉ុន្តែទូរស័ព្ទរបស់លោក ត្រូវស្រ្តីម្នាក់ដែលអះអាងថា​ ត្រូវជា​ប្រពន្ធទ​ទួលជំនួស ហើយប្រាប់ប្តីរបស់ខ្លួន ឈ្មោះលោក លី សឹង មិនបាននៅជាមួយខ្លួននោះទេ​ ដោយ​ជាប់ចុះទៅ​បំពេញ​ភារកិច្ច រយៈពេលមួយសប្តាហ៍ ទើបត្រឡប់មកវិញ។

ដោយឡែកលោក មុយ ជា មេភូមិបាយ៉ាប កាលពីរសៀលថ្ងៃទី២៩ ខែមីនា ក៏មិនអាចស្វែងរក​កា​របំ​ភ្លឺ​ តាមទូរស័ព្ទបាននៅឡើយទេ ព្រោះលេខទូរស័ព្ទរបស់លោក មិនអាចធ្វើកា​រទំនាក់​ទំន​ងបាន៕