(ភ្នំពេញ)៖ ក្នុងឱកាសប្រារព្ធខួប១៧ឆ្នាំ របស់មន្ទីរព្យាបាលធ្មេញបស្ចិម គណៈគ្រប់គ្រង ទន្តបណ្ឌិត និងបុគ្គលិក ចំនួន៣២នាក់ ក្នុងចំណោមបុគ្គលិក ជាង១៤០នាក់ បានចូលរួមបរិច្ចាគឈាម ដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលធ្វើឡើងនៅផ្សារទំនើប អ៉ីអនម៉ល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី៣០ ខែមីនានេះ ក្នុងទិសដៅមនុស្សធម៌ និងជួយជីវិតជនរងគ្រោះ ដែលកំពុងត្រូវការឈាម។

លោកស្រី កឺក ណារី នាយិកាគ្រប់គ្រង នៃមន្ទីរព្យាបាលធ្មេញបស្ចិម បានមានប្រសាសន៍ថា ការស្ម័គ្រចិត្ត ក្នុងសកម្មភាពមនុស្សធម៌ តាមរយៈការបរិច្ចាគឈាម នៅថ្ងៃនេះ គឺក្នុងគោលបំណងជួយ ដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងខ្វះខាតឈាម ជាពិសេសជនរងគ្រោះ ដែលត្រូវការឈាមចាំបាច់ សម្រាប់ជួយសង្គ្រោះជីវិតរបស់ពួកគេ​។

លោកស្រីបានបន្តថា «ដោយផ្អែកទៅលើស្ថានភាព កង្វះខាតឈាមបច្ចុប្បន្ន ទើបបុគ្គលិកយើងខ្ញុំ បានរៀបចំកម្មវិធីនេះឡើង ហើយក៏ដូចជាជួយលើកកម្ពស់ និងលើកទឹកចិត្ត ប្រជាពលរដ្ឋទូទៅឲ្យយល់ដឹង និងចូលរួមទាំងអស់គ្នា ក្នុងការបរិច្ចាគឈាម ព្រោះគ្មាននរណាម្នាក់ អាចជៀសផុតពីជំងឺដង្កាត់ណាមួយបានទេ។ ថ្ងៃនេះពួកគាត់ត្រូវការឈាម ថ្ងៃស្អែកអាចជាយើង ឬក្រុមគ្រួសារយើង នឹងត្រូវការឈាម ដូចពួកគាត់ថ្ងៃនេះដែរ»

លោកស្រី បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ចូលរួមសកម្មភាពមនុស្សធម៌ តាមរយៈការបរិច្ចាគឈាម ជួយដល់ជនរងគ្រោះ ព្រោះការបរិច្ចាគឈាម របស់អ្នកមួយប្លោក អាចជួយអាយុជីវិតមនុស្សបាន។ លោកស្រីបានថ្លែងថា «ការបរិច្ចាគឈាម មិនមានការឈឺចាប់ ឬគ្រោះថ្នាក់ទេ ចំណាយពេល​តែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ តែអាចជួយស្រោចស្រង់ ជីវិតមនុស្សបាន»

គួរបញ្ជាក់ថា បុគ្គលិកមន្ទីរព្យាបាលធ្មេញបស្ចិម ធា្លប់បានស្ម័គ្រចិត្ត បរិច្ចាគឈាមក្នុងន័យមនុស្សធម៌នេះ ជាច្រើនលើកច្រើនសារមកហើយ ហើយបុគ្គលិកទាំងអស់ នឹងនៅតែបន្តសកម្មភាពនេះ បន្ថែមទៀតនាថ្ងៃខាងមុខ៕