(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលថ្មីខណ្ឌឫស្សីកែវ បានអញ្ជើញចូលរួមពិភាក្សាការងារសំខាន់ៗមួយចំនួន ពាក់ព័ន្ធរៀបចំផែនការអភិវឌ្ឍខណ្ឌ ដោយរួមគ្នាគិត រួមគ្នាធ្វើ ពិសេសការផ្ដល់សេវាចំគោលដៅ ដែលប្រជាពលរដ្ឋចង់បាន ពោលគឺធានា «ធ្វេីឱ្យបាន ធ្វេីឱ្យលឿន និងមានតម្លាភាព» នៅក្នុងកិច្ចប្រជុំមួយ ស្ថិតនៅសាលាខណ្ឌឫស្សីកែវ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១។

ក្នុងកិច្ចប្រជុំនេះ, ក៏មានការអញ្ជើញចូលរួមផងដែរ ពីលោក-លោកស្រីអភិបាលរងខណ្ឌទាំង៤ គឺលោក លីន ញ៉ក់, លោក ប្រាជ្ញ សីហា, លោក ស៊ូ សោគន្ធ, និងលោកស្រី សួស សូលីដា, លោកនាយក, នាយករងរដ្ឋបាលខណ្ឌ, និងអនុប្រធាន តំណាងប្រធានការិយាល័យជុំនាញរដ្ឋបាលខណ្ឌ។

នៅក្នុងកិច្ចប្រជុំនេះដែរ, លោក ឯក ឃុនដឿន បានគូសបញ្ជាក់ថា «យើងរួមគ្នាគិត រួមគ្នារៀបចំផែនការអភិវឌ្ឍន៍ខណ្ឌឫស្សីកែវ អោយបានល្អ ចំគោលដៅ ដែលប្រជាជនចង់បាន ពិសេសរួមគ្នាកំណែរទំរង់ តាមអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ ហេីយយេីងត្រូវរួមគ្នាប្តេជ្ញាផ្តល់សេវាជូនប្រជាជន ធានាធ្វេីអោយបាន ធ្វេីអោយលឿន និងតម្លាភាព តាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយកិត្តិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា»