(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ បានចែកម៉ាស់ជាង១២ម៉ឺនម៉ាស់ ស្រោមដៃ និងខោអាវពេទ្យ ដល់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត កង់កម្លាំងប្រដាប់អាវុធ និងសាលាស្រុកទូទាំងខេត្ត សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ម៉ាស់ ស្រោមដៃ និងខោអាវពេទ្យ ដែលផ្តល់ជូនក្នុងឱកាសនោះរួមមាន៖ សាលាខេត្តស្ទឹងត្រែង ចំនួន ៣៧,៥០០ម៉ាស់, តំបន់ប្រតិបត្តិការសឹករងខេត្ត ចំនួន ៥,០០០ម៉ាស់, ស្នងការរដ្ឋាននគរបាលខេត្ត ចំនួន ១០,០០០ម៉ាស់, កងរាជអាវុធហត្ថខេត្តចំនួន ៥,០០០ម៉ាស់, មន្ទីរសុខាភិបាលខេត្ត ចំនួន២០,០០០ម៉ាស់, ស្រោមដៃចំនួន ២៥,០០០គូរ និងខោអាវពេទ្យ ចំនួន៤៥០កំប្លេ, សាលាក្រុងស្ទឹងត្រែង ចំនួន ២០,០០០ម៉ាស់, សាលាស្រុកថាឡាបរិវ៉ាត់ ចំនួន ៥,០០០ម៉ាស់, សាលាស្រុក សេសាន ចំនួន៥,០០០ម៉ាស់, សាលាស្រុកសៀមប៉ាង ចំនួន ៥,០០០ម៉ាស់, សាលាស្រុកសៀមបូក ចំនួន ៥,០០០ម៉ាស់ និងសាលាស្រុកបុរីអូរស្វាយសែនជ័យ ចំនួន ៥,០០០ម៉ាស់ផងដែរ។

ក្នុងឱកាសនោះដែរ លោក ម៉ុម សារឿន បានលើកឡើងថា ក្រោយទទួលបានម៉ាស់ ដែលប្រគល់ជូនមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត កង់កម្លាំងប្រដាប់អាវុធ និងគណៈអភិបាលក្រុង ស្រុកនាពេលនេះលោកបានជំរុញដល់មន្ទីរ អង្គភាព ដែលមកទទួលត្រូវយកទៅប្រើប្រាស់ឱ្យចំគោលដៅ ជាពិសេសក្នុងការប្រយុទ្ធ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងមេរោគកូវីដ១៩ ប្រភេទបំប្លែងថ្មី Delta ដែលកំពុងមានវត្តមានក្នុងខេត្តស្ទឹងត្រែង។

លោកអភិបាលខេត្តបន្តថា រហូតមកដល់ពេលនេះ ខេត្តស្ទឹងត្រែង មានប្រជាពលរដ្ឋឆ្លងសរុបចំនួន ១,០០១នាក់ ក្នុងនោះអ្នកឆ្លងជំងឺបំប្លែងថ្មី Delta មានចំនួន៩៥នាក់ អ្នកជាសះស្បើយចំនួន ៦១៦នាក់ ស្លាប់ចំនួន១០នាក់ និងកំពុងសម្រាក់ព្យាបាលជំងឺនៅមណ្ឌលចត្តាឡីស័កកម្រិត២ របស់ខេត្តស្ទឹងត្រែងចំនួន ៣៧៥នាក់៕