(ភ្នំពេញ)៖ រាជរដ្ឋាភិបាលបានសហការជាមួយវិស័យឯកជន និងភាគីពាក់ព័ន្ធ ក្នុងការអនុវត្តគម្រោងថ្មី «ជំរុញចលនាទេសចរណ៍ផ្ទៃក្នុង និងលើកកម្ពស់សកម្មភាពទេសចរណ៍ក្នុងសហគមន៍ក្នុងបរិបទជំងឺកូវីដ-១៩» ដែលមានគោលបំណងស្ដារ និងអភិវឌ្ឍសហគមន៍ទេសចរណ៍ឡើងវិញ ពិសេសគឺជួយឱ្យប្រជាសហគមន៍ចេះបង្កើតអាជីវកម្មថ្មីៗ និងពង្រីកអាជីវកម្មដែលមានស្រាប់ រួមចំណែកស្ដារសេដ្ឋកិច្ចមូលដ្ឋាន។

កិច្ចសហការគ្នានេះនឹងចាប់អនុវត្តបន្ទាប់ពីព្រឹកថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួងទេសចរណ៍ មានរៀបចំពិធីចុះអនុស្សារណៈ យោគយល់គ្នារវាង ក្រសួងទេសចរណ៍ និងសហគ្រិនខ្មែរ លើគម្រោង «ជំរុញចលនាទេសចរណ៍ ផ្ទៃក្នុង និងលើកកម្ពស់សកម្មភាពទេសចរណ៍ក្នុងសហគមន៍ក្នុងបរិបទជំងឺកូវីដ-១៩»។

ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅដោយមានការចូលរួមពី លោក ថោង រដ្ឋសក្តិ អគ្គនាយកនៃអគ្គ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយក ប្រតិបត្តិនៃសហគ្រិនខ្មែរ ក្រោមសក្ខីភាពពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងយុត្តិសាស្ត្រត្រៀមខ្លួនស្តារសេដ្ឋកិច្ចឡើងវិញពីលោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

គម្រោងនៃកិច្ចសហការនេះ ផ្តោតលើការជំរុញចលនាទេសចរណ៍ទៅកាន់តំបន់សហគមន៍ទេសចរណ៍ សំខាន់ៗក្នុងខេត្តគោលដៅចំនួន ៤ គឺខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ដោយផ្តល់អាទិភាពលើសកម្មភាពសំខាន់ៗ មានដូចជាការផ្តល់ជូនវគ្គបណ្តុះបណ្តាលលើជំនាញចាំបាច់មួយចំនួន ការបណ្តុះគំនិតសហគ្រិនភាពនៅតាមសហគមន៍ ការរៀបចំវីដេអូផ្សព្វផ្សាយអំពីតំបន់សហគមន៍ ការដាក់ស្លាកសញ្ញាចង្អុលទីតាំងសហគមន៍ និងការសហការជាមួយវិស័យឯកជនក្នុងការផ្សព្វផ្សាយតំបន់ខាងលើ។

លោក ថោង ខុន បានលើកឡើងថា អេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ គឺជាអនុវិស័យនៃទេសចរណ៍ពិភពលោក ដែលនៅតែមានសកម្មភាព និងដំណើរការទោះក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ ពិសេសទ្រទ្រង់ដល់សកម្មភាពទេសចរណ៍ផ្ទៃក្នុង និងជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការជំរុញការអភិវឌ្ឍនៅមូលដ្ឋាន។

លោករដ្ឋមន្ត្រីបានបន្តថា ការអភិវឌ្ឍជាសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដែលមានចរិតយុទ្ធសាស្ត្រ និងនយោបាយ ពិតជាបានរួមចំណែកសំខាន់ក្នុងការអភិវឌ្ឍនៅតាមមូលដ្ឋាន ជាពិសេសជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរការនៃការអភិវឌ្ឍប្រទេសជាតិ តាមរយៈការផ្តល់សិទ្ធិអំណាចជូនពួកគាត់ក្នុងការរៀបចំចាត់ចែង និងអភិវឌ្ឍសហគមន៍របស់ខ្លួនដោយផ្ទាល់ (Local Empowerment)។

លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) បានលើកឡើងដែរថា «គម្រោងជំរុញចលនាទេសចរណ៍ផ្ទៃក្នុង និងលើកកម្ពស់សកម្មភាពទេសចរណ៍ក្នុងសហគមន៍ក្នុងបរិបទវិបត្តិកូវី៩-១៩» គឺជាការផ្តួចផ្តើមមួយក្នុងការត្រៀមខ្លួនស្តារសេដ្ឋកិច្ចឡើងវិញ និងស្របតាមនិន្នាការបរិបទប្រក្រតីភាពតាមគន្លងថ្មី តាមរយៈការលើកកម្ពស់សកម្មភាពសហគ្រិនភាពនៅក្នុងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។

រដ្ឋមន្ត្រីប្រតិភូ វង្សី វិស្សុត បានបញ្ជាក់បន្ថែមថា ខណៈពេលដែលចលនាទេសចរណ៍ត្រូវបានកាត់បន្ថយស្ទើរតែទាំងស្រុង ការផ្តួចផ្តើមនេះជាការរួមចំណែកបង្កើតចំណូលជាតិថ្មី តាមរយៈការពង្រីកអាជីវកម្ម និងបង្កើនការងារបន្ថែមក្នុងសហគមន៍ ដែលបម្រើផលប្រយោជន៍ផ្ទាល់ទៅដល់សេដ្ឋកិច្ចមូលដ្ឋាន។ ម៉្យាងទៀត គម្រោងនេះផងដែរ ក៏ជាការបង្វែរវិបត្តិនាពេលបច្ចុប្បន្នឱ្យទៅជាឱកាស ដើម្បីអភិវឌ្ឍ និងត្រៀមខ្លួនក្នុងការចាប់យកសក្តានុពលទេសចរណ៍ជាតិ-អន្តរជាតិ ក្រោយវិបត្តិកូរីដ-១៩ និងការងើបឡើងវិញនៃវិស័យទេសចរណ៍។

ក្នុងន័យនេះ កិច្ចសហការរវាងក្រសួងទេសចរណ៍ និងសហគ្រិនខ្មែរនាពេលនេះ នឹងរួមចំណែកបង្កើតផលប្រយោជន៍សេដ្ឋកិច្ច-សង្គមដល់ប្រជាពលរដ្ឋមូលដ្ឋានដោយផ្ទាល់នៅសហគមន៍ តាមរយៈវិស័យទេសចរណ៍ក្នុងបរិបទនៃជំងឺកូវីដ-១៩ ព្រមជាមួយការថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ រក្សាបាននូវអត្តសញ្ញាណដើមរបស់សហគមន៍មូលដ្ឋាន។

ក្រសួងទេសចរណ៍ មានសុទិដ្ឋិនិយមចំពោះគម្រោងនេះ និងរំពឹងថាសហគ្រិនខ្មែរនឹងក្លាយជាដៃគូដ៏មានសក្តានុពលជាមួយក្រសួងទេសចរណ៍ ក្នុងការជំរុញការអភិវឌ្ឍអនុវិស័យសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ និងវិស័យទេសចរណ៍ និយាយជារួម៕