(ក្រចេះ)៖ លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងលោក វ៉ា ថន អភិបាលខេត្ត នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ បានបើកយុទ្ធនាការធ្វើតេស្តរហ័ស (Rapid test) ដោយយកសំណាក ដើម្បីស្វែងរកមេរោគកូវីដ១៩ លើមន្រ្តីរាជការដែលបម្រើការងារនៅសាលាខេត្ត ចំនួន១០៤នាក់ ជាលទ្ធផលអវិជ្ជមានទាំងអស់។

ការយកសំណាកលើមន្ត្រីរាជការនាពេលនេះ គឺដើម្បីពង្រឹងការងារផ្ទៃក្នុង និងមានទំនុកចិត្តមិនខ្លាចគ្នា និងកាន់តែងាយស្រួលធ្វើការងារបម្រើជូនសេវាសាធារណៈជូនប្រជាពរដ្ឋក្នុងបរិបទកូវីដ១៩ នៅក្នុងបរិវេណសាលាខេត្តក្រចេះ។

លោក វ៉ា ថន បានលើកឡើងថា ការធ្វើតេស្តនេះមានរយះពេល១ថ្ងៃ ហើយសូមកុំឱ្យមានភាពភ័យខ្លាច ព្រោះថាការធ្វើតេស្តនេះ មិនមានការឈឺចាប់ទេ និងបញ្ចៀសការសង្ស័យគ្នា ហើយអោយបានដឹងពីសុខភាពរបស់យើងផងដែរ។

លោកអភិបាលខេត្ត បានបន្តថា «ទោះបីជាបានការចាក់វ៉ាក់សាំងការពារបង្ការគ្រប់ក៏ដោយ យើងត្រូវតែបន្តអនុវត្តនូវវិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន ដែលសម្តេចតែងតែយកចិត្ត ទុកដាក់គិតគូរ អំពីសុខភាព និងក្ដីកង្វល់របស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងគ្រប់ស្រទាប់វណ្ណៈដោយមិនខ្លាចការនឿយហត់ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩»

សូមបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ខេត្តក្រចេះ មានករណីអ្នកឆ្លងកូវីដ១៩ សរុបចំនួន៧២៥នាក់ និងអ្នកជាសះស្បើយចំនួន៥១៤នាក់ និងមានអ្នកស្លាប់ចំនួន៩នាក់៕