(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ចំនួន១១២គ្រួសារ មកពីឃុំចំនួន១០ ក្នុងស្រុកដងទង់។

ដែលពិធីផ្តល់អំណោយនេះ ធ្វើឡើងនៅបរិវេណអនុសាខាកាកបាទក្រហមស្រុកដងទង់។

ក្នុងឱកាសនោះដែរ លោក ជាវ តាយ បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងមានការដោះស្រាយបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋ មិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ ដោយមិនដែលទុកចោលឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់ស្បៀងអាហារ និងមិនមានការដោះស្រាយអ្វីឡើយ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា បើទោះបីអំណោយនាពេលនេះ មានចំនួនតិចតួចក្ដីមិនអាចឆ្លើយតបបានយូរអង្វែង ប៉ុន្តែអាចជួយសម្រាលការលំបាកខ្វះខាត របស់បងប្អូនបានមួយគ្រាផងដែរ ពិសេសក្នុងដំណាក់កាលនៃស្ថានភាពវិបត្តិកូវីដ១៩ នេះ។

លោក ជាវ តាយ បានអំពាវនាវឱ្យពលរដ្ឋមិនទាន់បានចាក់វ៉ាកសាំងការពារជំងឺកូវីដ ត្រូវប្រញាប់រួសរាន់ទៅចាក់ឱ្យបានគ្រប់ៗគ្នា និងឆាប់រហ័សទាន់ពេលវេលាបំផុត ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវិត១៩នេះ ចូលទៅក្នុងសហគមន៍បន្តទៀត ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋក្នុងក្របខ័ណ្ឌទូទាំងប្រទេស បានប្រមាណជាង ៩០ភាគរយ ទៅលើផែនការប្រជាពលរដ្ឋ១០លាននាក់ ដែលមានត្រូវចាក់នោះ ចាប់ពីអាយុ ១៨ឆ្នាំ ឡើងទៅ។

លោក ជាវ តាយ បានលើកឡើងទៀតថា បញ្ហាការឆ្លងរាលដាលកូវីដ១៩ សព្វថ្ងៃនេះ គឺជាបញ្ហាប្រឈមរបស់ពិភពលោក ក៏ដូចកម្ពុជាយើងផងដែរ ហើយក្នុងនោះខេត្តកំពត ក៏មានការឆ្លងរាលដាលចូលក្នុងសហគមន៍ ធ្វើឱ្យប៉ះពាល់ដល់ជីវភាព សុខភាព និងអាយុជីវិត របស់ប្រជាពលរដ្ឋ។ ប៉ុន្តែ បច្ចុប្បន្ននេះ មានលក្ខណៈធូរស្រាលល្អប្រសើរឡើងវិញជាបន្តបន្ទាប់ ដោយផ្ដើមចេញ ពីការចូលរួមសហការគ្នាល្អ ពីជំនាញ អាជ្ញាធរកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋបានអនុវត្តនូវវិធានសុវត្តិភាព បទបញ្ជាផ្សេងៗ របស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខភិបាលបានល្អ។ ពិសេសការទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ប្រជាពលរដ្ឋ មានចំនួនច្រើន ទើបធ្វើឱ្យមានការឆ្លងថយចុះ ក្នុងនោះខេត្តកំពតក៏មានចំនួនអ្នកឆ្លងថយចុះ ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។

លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ការថយចុះនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះ ក៏ដោយសារផ្ដើមចេញការយកចិត្តទុកដាក់របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការដាក់នូវចំណាត់ការ និងវិធានការផ្សេងៗ ពិសេសការខិតខំរកនូវវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋ ក៏បានយល់ដឹងពីប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ ថែមទៀតផងដែរ។

លោក ជាវ តាយ ក៏បានអំពាវនាវ ដល់ពលរដ្ឋក្នុងខេត្តកំពតទាំងអស់ ពិសេសប្រជាពលរដ្ឋក្នុងស្រុកដងទង់ ដែលនៅមិនទាន់បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ត្រូវរួសរាន់ទៅទទួលការចាក់ឱ្យបានឆាប់រហ័ស និងទាន់ពេលវេលាគ្រប់ៗគ្នា នៅគ្រប់ទីកន្លែងដែលកំពុងផ្ដល់សេវាចាក់វ៉ាក់សាំងក្នុងខេត្តកំពត ទោះបីនៅទីកន្លែងណាក៏ដោយ គឺអាចចាក់បានទាំងអស់។

ទន្ទឹមនេះ លោក ជាវ តាយ ក៏បានក្រើនរំលឹក និងលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋ ដោយបញ្ជាក់ថា បើទោះបីបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ហើយក្ដី ក៏ប៉ុន្តែក៏ត្រូវតែបន្តការយកចិត្តទុកដាក់ ថែរក្សាអនាម័យសុខភាពឲ្យបានល្អថែមទៀត ពិសេសការអនុវត្តន៍វិធានការសុខាភិបាល ៣កុំ ៣ការពារ ឱ្យបានជាប្រចាំ ដើម្បីយើងរួមគ្នា បង្ការទប់ស្កាត់ការឆ្លងជំងឺដ៏កាចសាហាវនេះចូលក្នុងសហគមន៍បន្តទៀត និងជាមួយគ្នានោះក៏ត្រូវខិតខំជំរុញការយកចិត្តទុកដាក់ ដាំដុះដំណាំផ្សេងៗ និងចិញ្ចឹមសត្វរួមផ្សំ ដើម្បីបង្កើនជីវភាពគ្រួសារឲ្យបានកាន់តែប្រសើរឡើងថែមទៀតផងដែរ។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត ជាវ តាយ បានផ្ដល់អំណោយដល់ប្រជាពលរដ្ឋទាំង១១២គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបាន រួមមាន៖ អង្គរ ២៥គីឡូក្រាម, មី១កេស, ត្រីខកំប៉ុង ១យួរ, ទឹកត្រី ១យួរ និងថវិកាមួយចំនួនផងដែរ៕