(ភ្នំពេញ)៖ សាលាអង្គរហ្វ៊ូជី ឌីវេឡុបមិន (សាលាអង្គរហ្វ៊ូជី) បានសម្រេចចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុនធំៗចំនួន៩ នៅកម្ពុជា ដើម្បីសហការលើការបណ្ដុះបណ្ដាលភាសាជប៉ុន និងបង្កើតឱកាសការងារដល់កូនខ្មែរ។ ការចុះ MOU បានធ្វើឡើងកាលពីថ្ងៃសៅរ ទី២៨ ខែសីហា ឆ្នាំ២០២១។

ក្រុមហ៊ុនទាំង៩ នោះគឺ ទី១៖ BIG BI IMEX GROUP CO., LTD ទី២៖ IIS COMPANY CO., LTD ទី៣៖ AP TSE & C (CAMBODIA) RESOURCES CO., LTD ទី៤៖ SOK CHAMNOL CO., LTD ទី៥៖ ANNY RITA BEST MANPOWER CO., LTD ទី៦៖ 4 TIGERS LABOUR SUPPLY CO., LTD ទី៧៖ MAHACHAK DEVELOPMENT CO., LTD ទី៨៖ TOUCH MANAK MANPOWER SUPPLY CO., LTD និងទី៩៖ V.L.M. HUMAN RESOURCES CO., LTD។

យោងតាមប្រធានក្រុមហ៊ុនទាំង៩ បានបញ្ជាក់ថា គោលបំណងនៃការចុះ MOUនេះ ដោយក្រុមហ៊ុនធំៗទាំង៩ មានការជឿជាក់លើកម្មវិធី និងប្រព័ន្ធនៃការបណ្ដុះបណ្ដាលភាសាជប៉ុន និងជំនាញរបស់សាលាអង្គរហ្វ៊ូជី ឌីវេឡុបមិន ដែលធ្វើឲ្យសិស្សប្រកបដោយគុណភាពទាំងភាសាជប៉ុន ក៏ដូចជាលើជំនាញដែលសិស្សត្រូវបំពេញការងារនៅប្រទេសជប៉ុន។ លើសពីនេះ សាលាក៏មានម៉ោងបណ្តុះបណ្ដាលបន្ថែមនូវជំនាញទន់មួយចំនួនដូចជាជំនាញទំនាក់ទំនង របៀបនៃការធ្វើការជាក្រុម ការរាយការណ៍ ក៏ដូចជាវប្បធម៌ របៀបនៃការរស់នៅប្រទេសជប៉ុនជាដើម ដែលជួយឲ្យសិស្សអាចបំពេញការងារ និងរស់នៅបានដោយរលូននៅប្រទេសជប៉ុន។

សាលានឹងសហការជាមួយក្រុមហ៊ុនដៃគូសហការទាំង៩នេះ ដើម្បបណ្ដុះបណ្ដាល និងបញ្ជូនសិស្សទៅធ្វើការនៅប្រទេសជប៉ុនឲ្យបាន៥ពាន់នាក់ នៅចន្លោះឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ ខាងមុខនេះ។

ក្រុមហ៊ុនទាំង៩ មានសុទិដ្ឋិនិយមថា តាមរយៈបេសកកម្មនេះ នឹងអាចចូលរួមបង្កើតការងារសម្រាប់ពលរដ្ឋខ្មែរ ហើយក្រោយបញ្ចប់អាណត្តិការងារនៅប្រទេសជប៉ុនវិញ ពលករទាំងអស់ប្រាកដជាអាចនាំត្រឡប់មកប្រទេសកម្ពុជា វិញនូវចំណេះ ជំនាញដើម្បីចូលរួមក្នុងការក៏សាង អភិវឌ្ឍប្រទេសកម្ពុជាយើងឲ្យកាន់តែមានការរីកចម្រើនផងដែរ។

សូមបញ្ជាក់ថា សាលាអង្គរហ្វ៊ូជី ជាសាលាបណ្ដុះបណ្តាលភាសាជប៉ុន និងជំនាញដែលធំជាងគេ និងដំបូងបង្អស់នៅប្រទេសកម្ពុជា ដែល ១០០% បានបង្កើតឡើងដោយការរួបរួមគ្នារបស់កូនខ្មែរជាស្ថាបនិកនៃសាលានេះផងដែរ។

សាលាទទួលបណ្ដុះបណ្ដាលភាសាជប៉ុន និងជំនាញសម្រាប់សិស្ស ដែលមានបំណងទៅធ្វើការនៅប្រទេសជប៉ុនជាពលករជំនាញ។ សម្រាប់គោលដៅ និងចក្ខុវិស័យ គឺដើម្បីបង្កើតនូវសាលាបណ្តុះបណ្តាលដ៏រឹងមាំមួយដោយ មានការរួមគ្នា ពីសាលាបណ្តុះបណ្តាលជាច្រើនផ្សេងគ្នា នៅក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងដើម្បីអាចប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់បាន។

បេសកម្មរបស់សាលាគឺប្តេជ្ញាថា នឹងសាងសង់សាលាបណ្តុះបណ្តាលដ៏ល្អ និងធំជាងគេបំផុតនៅកម្ពុជា ដែលអាចផលិតបាននូវធនធានពលករជំនាញប្រកបដោយគុណភាព។ សាលា ក៏បានផ្ដល់កន្លែងស្នាក់នៅ និងអាហារ ០៣ពេល ក្នុង១ថ្ងៃ សម្រាប់សិស្សទាំងអស់ផងដែរ ដែលជួយសម្រួលដល់ការរស់នៅ ការញុំាំអាហារ សម្រាប់សិស្សដែលមកពីបណ្ដាខេត្តនានា៕