(ភ្នំពេញ)៖ លោកស្រី ខៀវ បូរី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារបច្ចេកទេស អន្តរក្រសួងដើម្បីរៀបចំច្បាប់ស្តីពីកិច្ចការពារកុមារនៃកម្ពុជាបានដឹកនាំកិច្ចកិច្ចប្រជុំពិគ្រោះយោបល់ជាមួយថ្នាក់ក្រោមជាតិ ដើម្បីប្រមូលធាតុចូលលើមាតិកានៃសេចក្តីព្រាងច្បាប់ ស្ដីពីកិច្ចការពារកុមារនៅកម្ពុជា តាមប្រព័ន្ធអនឡាញ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ក្រោមជាតិ រៀបចំដោយ លេខាធិការដ្ឋានរៀបចំសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានការគាំទ្រពីអង្គការ Unicef និងអង្គការ PLAN និងមានការចូលរួមពី អភិបាលរង ចៅក្រម និងតំណាងអយ្យការអមសាលាដំបូង និងលោក លោកស្រីតំណាងមកពីអង្គភាពពាក់ព័ន្ធ ក្នុងខេត្តកណ្តាល ស្វាយរៀង កំពង់ស្ពឺ កំពត កំពង់ចាម និងខេត្តព្រះសីហនុ។

លោកស្រី ខៀវ បូរី បានលើកឡើងថា នេះជាកិច្ចប្រជុំពិគ្រោះយោបល់លើកទី២ ការជួបលើកនេះ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវ ព្រមទាំងជាការបង្ហាញពីការយកចិត្តទុកដាក់រួមគ្នា ក្នុងការលើកកម្ពស់ និងការពារកុមារពីការរំលោភបំពានផ្សេងៗ សំដៅធ្វើឲ្យកាន់តែប្រសើរឡើងនូវការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារនៅកម្ពុជា។

លោកស្រី បានបន្ថែមថា ដើម្បីឆ្លើយតបទៅនឹងក្របខ័ណ្ឌអន្តរជាតិស្តីពីការលើកកម្ពស់សិទ្ធិ និងកិច្ចការពារកុមាររាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិកុមារ នៅឆ្នាំ១៩៩២ពិធីសារបន្ថែម ស្តីពី ការចូលរួម របស់កុមារនៅក្នុងជម្លោះប្រដាប់អាវុធ ពិធីសារស្តីពីការជួញដូរកុមារ ការធ្វើពេស្យាកម្ម កុមារ និងរូបភាពអាសអាភាសកុមារនៅឆ្នាំ២០០២ អនុសញ្ញាលេខ១៣៨ស្តីពីការកម្រិតអាយុ អប្បបរមា សម្រាប់ការចូលធ្វើការនៅឆ្នាំ១៩៩៩ អនុសញ្ញាលេខ១៨២ស្តីពីការហាមប្រាម និង សកម្មភាពបន្ទាន់សម្រាប់ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារនៅឆ្នាំ២០០៥ និងអនុសញ្ញា ក្រុងឡា អេស្តីពីការការពារកុមារ និងសហប្រតិបត្តិការទាក់ទងនឹងស្មុំកូនអន្តរប្រទេស នៅ ឆ្នាំ២០០៧ ។ អនុលោមតាមច្បាប់អន្តរជាតិនេះ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ និងដោះស្រាយប្រកបដោយប្រសិទ្ធភាពលើវិស័យសុខុមាលភាពកុមារ តាមរយៈការដាក់ចេញឱ្យ អនុវត្តនូវច្បាប់ គោលនយោបាយ និងផែនការសកម្មភាពជាតិ ដូចជា ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ គោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ ២០១៩-២០២៩ ច្បាប់ស្តីពីយុត្តិធម៌អនីតិជន ច្បាប់ស្តីពីស្មុំកូនអន្តរប្រទេស និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀត។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ចរូបនេះ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ក្នុងការធ្វើឲ្យប្រសើរឡើងនូវការផ្តល់សេវាដល់ប្រជាជនក្រីក្រ ងាយរងគ្រោះ ជាពិសេស កុមារកំព្រា និងកុមារងគ្រោះនៅតាមសហគមន៍ ដោយបង្កើននូវការយកចិត្តទុកដាក់ពង្រឹងគុណភាព និងបង្ខិតសេវាឱ្យទៅជិតជាមួយប្រជាជន តាមរយៈការបង្កើនល្បឿននៃការធ្វើវិមជ្ឈការផ្ទេរការទទួលខុសត្រូវ និងវិភាជន៍ថវិកាទៅរដ្ឋបាលថ្នាក់ក្រោមជាតិជាបណ្តើរៗប្រកបដោយជំនឿទំនុកចិត្ត និងសុទិដ្ឋិនិយម។

ទន្ទឹមនឹងការដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ ផែនការជាតិជាច្រើនពាក់ព័ន្ធនឹងការលើកកម្ពស់ និងការការពារសិទ្ធិកុមារ ក៏កុមារកម្ពុជានៅតែជួបបញ្ហាប្រឈមមួយចំនួននៅឡើយដូចជា អំពើហិង្សាលើកុមារ ការកេងប្រវ័ញ្ចនិងការជួញដូរកុមារ កុមារការប្រើប្រាស់គ្រឿងញៀន និងសារធាតុញៀន កុមារបម្លាស់ទី កុមាររងផលប៉ះពាល់ដោយការធ្វើចំណាកស្រុក កុមារបោះបង់ការសិក្សា កុមារកង្វះអាហារូបត្ថម្ភជាដើម ដែលតម្រូវឱ្យក្រសួង ស្ថាប័ន អាជ្ញាធរ អង្គការមិនមែនរដ្ឋាភិបាលវិស័យឯកជន សហគមន៍ ឪពុកម្តាយ រួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលា និងចំគោលដៅ។

ជាការបន្ថែម លោកស្រី ខៀវ បូរី បានថ្លែងការអរគុណ ដល់សមាជិក សមាជិកាទាំងអស់ ដែលបានចូលរួមក្នុងកិច្ចប្រជុំ និងសូមអរគុណអង្គការ យូនីសេហ្វ និងអង្គការភ្លែនអន្តរជាតិ ដែលបានជួយឧបត្ថម្ភគាំទ្រដល់ដំណើរការនៃការ រៀបចំ សេចក្តីព្រាងច្បាប់ ស្តីពីកិច្ចការពារកុមារ៕