(ភ្នំពេញ)៖ ដោយមានការណែនាំពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកង រាជអាវុធហត្ថលើផ្ទៃប្រទេស នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានអញ្ជើញ នាយ នាយរង និងពលអាវុធហត្ថក្រោមឱវាទ លោកទាំងអស់ មកជួបសំណេះសំណាល និងរៀបចំពិធីជប់លៀងពិសារ អាហារសាមគ្គីរួមគ្នា ប្រកបដោយភាពរីករាយ នៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦។

ក្នុងឱកាសដ៏សប្បាយរីករាយ ក្នុងពិធីនោះ មានការអញ្ជើញចូលរួមពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកង រាជអាវុធហត្ថលើផ្ទៃប្រទេស និងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានលើកឡើងថា ជានិច្ចជាកាល នាយឧត្តមសេនីយ៍ សៅ សុខា តែងតែយកចិត្តទុកដាក់គិតគូរ ពីសុខទុក្ខរបស់ អាវុធហត្ថគ្រប់ៗរូប។

ឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង បានបន្ថែមទៀតថា ក្នុងនាមជាមេបញ្ជាការ ពិតជាមានមោទនភាពខ្លាំងណាស់ ដែលបានឃើញ កម្លាំងអាវុធហត្ថទូទាំង រាជធានីភ្នំពេញ មានសាមគ្គីភាពផ្ទៃក្នុងល្អ ឯកភាពគ្នាតែមួយបំពេញភារកិច្ចសម្រេចបាន ស្នាដៃធំៗជាច្រើនពិសេសការបង្ក្រាបក្រុមចោរប្លន់ ប្រដាប់អាវុធដ៏សកម្ម និងសាហាវឃោរឃៅ ដោយបានប្លន់និងបាញ់ជនរងគ្រោះ ឲ្យស្លាប់និងរបួសជាច្រើននាក់ ក្នុងរាជធានីភ្នំពេញ បង្រ្កាបក្រុមជួញដូរគ្រឿងញៀនធំៗជាច្រើន ដែលថ្មីៗនេះ បង្រ្កាបបានគ្រឿងញៀន រហូតដល់ទៅ ជាង១៣គីឡូក្រាម និងបានជួយសង្គ្រោះប្រជាពលរដ្ឋ ចេញពីគ្រោះអគ្គីភ័យ ទទួលបានការគោរព និងកោតសរសើរពីគ្រប់មជ្ឈដ្ឋាន។

ឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង ក៏បានសំណូមពរដល់នាយ នាយរង និងពលអាវុធហត្ថទូទាំងរាជធានី ក្រោមឱវាទលោកទាំងអស់ សូមបន្តវប្បធម៌ សាមគ្គីភាពផ្ទៃក្នុង ឯកភាពគ្នាតែមួយ ប្រឹងប្រែងបំពេញភារកិច្ច បំរើ ការពារ សង្គ្រោះ ប្រជាពលរដ្ឋ គោរពច្បាប់និងសិទ្ធមនុស្ស លះបង់កម្លាំងកាយចិត្តចូលរួមថែរក្សា សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងស្ថេរភាពនយោបាយកម្ពុជា ឲ្យកាន់តែល្អប្រសើរតទៅមុខទៀត កុំបីរុញរាឡើយ៕