(​ណៃ​ពិដោ​)៖ មេដឹកនាំ​គណបក្ស​ឈ្នះឆ្នោត និង​កំពុង​ដឹកនាំ​រដ្ឋាភិបាល​ថ្មី​នៅ​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី ត្រូវបាន​តែងតាំង​ជា​ផ្លូវការ​ក្លាយជា​រដ្ឋមន្ត្រី​ក្រសួង​ចំនួន​បួន​ក្នុងពេល​តែមួយ មានដូចជា​៖ ក្រសួងការបរទេស​, ក្រសួង​អប់រំ​, ក្រសួង​អគ្គិសនី និង​ក្រសួង​ថាមពល​។ នេះ​បើ​តាម​ការផ្សាយ មុន​នេះ​បន្តិច​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួរ នា​ថ្ងៃ​ពុធ ទី​៣០ ខែ​មីនា ឆ្នាំ​២០១៦​។​

​ការតែងតាំង​ជា​ផ្លូវការ​នេះ បាន​ធ្វើឡើង​នៅក្នុង​សភាជាតិ​មី​យ៉ាន់​ម៉ា ក្នុង​រដ្ឋធានី​ណៃ​ពិដោ ដោយ​លោក U Mann Win Khaing Than ជា​ប្រធានសភា​បាន​ធ្វើជា​អធិបតីភាព​ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង នៃ​មន្ត្រី​សំខាន់ៗ​ក្នុង​ជួរ​រដ្ឋាភិបាល​ថ្មី​។ តំណែង​របស់​លោកស្រី ស៊ូ​ជី នឹង​តម្រូវឲ្យ​លោកស្រី​បំពេញការងារ យ៉ាង​សកម្ម​ផង​ដែរ ក្នុង​ការិយាល័យ​ប្រធានាធិបតី​ភូមា លោក U Htin Kyaw ដែល​ទើប​ស្ប​ថឡើង កាន់តែ​តំណែង​កាលពី​ប៉ុន្មាន​ម៉ោង​មុន​នេះ​៕​