(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៧៧នាក់បន្ថែមទៀត ខណៈអ្នកជំងឺ២នាក់ស្លាប់ និងជាសះស្បើយ ចំនួន ១៦៣នាក់ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ម្សិលមិញ។

សេចក្តីប្រកាសព័ត៌មានដែល Fresh News ទទួលបាននៅព្រឹកថ្ងៃអាទិត្យ ទី២៩ ខែសីហា នេះ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា អ្នកឆ្លងជំងឺកូវីដ១៩រកឃើញថ្មីនេះ ករណីទី១ ដល់ទី១៦ ជាករណីមានប្រភពចម្លងចេញពីផ្សារពួក, ករណីទី១៧ ដល់ទី២០ ជាករណីមានប្រភពចម្លងចេញពីផ្សារចារឈូក និងករណីទី២១ ដល់ទី២៥ គឺជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ឃ្លាំង។

ករណីទី២៦ ជាករណីមានប្រភពចម្លងចេញពីផ្សារដំដែក, ករណីទី២៧ ដល់ទី២៩ គឺជាអ្នកដំណើរ និងឆ្លងបន្តពីអ្នកដំណើរមកពីខេត្តស្វាយរៀង ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ដោយឡែក ករណីទី៣០ ដល់ទី៧៧ ជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយទេ។

អ្នកជំងឺដែលជាសះស្បើយទាំង១៦៣នាក់ ត្រូវបានក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យក្រឡាញ់ វិទ្យាល័យចំណោះដឹងទូទៅ និងបច្ចេកទេសពួក និងវិទ្យាល័យដំដែក ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

អ្នកជំងឺពីរនាក់ដែលស្លាប់បាត់បង់ជីវិត មានអត្តសញ្ញាណដូចខាងក្រោម៖
១៖ ឈ្មោះ ឡេង ហេង ភេទស្រី អាយុ៧៤ឆ្នាំ អាសយដ្ឋានភូមិទទា ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។ អ្នកជំងឺរូបនេះ បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ និងបានស្លាប់នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៤៖៥០នាទី ដោយសារជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។

២៖ ឈ្មោះ តន់ រ៉ាន់ ភេទស្រី អាយុ៦០ឆ្នាំ អាសយដ្ឋានភូមិសន្ថន ឃុំសំបួរ ស្រុកក្រឡាញ់។ អ្នកជំងឺរូបនេះ បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ និងបានស្លាប់នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៦៖១៥នាទី ដោយសារជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។

សូមបញ្ជាក់ថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៧,៧១៧នាក់ បានព្យាបាលជាសះស្បើយចំនួន ៧,០២០នាក់ ស្លាប់ ៨៣នាក់ និង ៦១៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យក្រឡាញ់ វិទ្យាល័យចំណោះដឹងទូទៅ និងបច្ចេកទេសពួក និងវិទ្យាល័យដំដែក។

រដ្ឋបាលខេត្តសៀមរាប អំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។

ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕