(ព្រះវិហារ)៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ ជាថ្ងៃទី៣ នៃបេសកកម្មមនុស្សធម៌របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចំពោះលោកតា លោកយាយ ដែលមានអាយុចាប់ពី១០០ឆ្នាំឡើង ក្រោយស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។ បេសកកម្មនៅថ្ងៃនេះ គឺលោកយាយចំនួន៤នាក់ នៅខេត្ដព្រះវិហារ ដែលជាអ្នកទទួលបានអំណោយរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី។

អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដឹកនាំក្រុមការងារយកទៅប្រគល់ជូនដល់ខ្នងផ្ទះរបស់ពួកគាត់ បើទោះបីត្រូវប្រើពេលជាច្រើនម៉ោង និងឆ្លងកាត់ផ្លូវលំបាកយ៉ាងណាក្ដី។

លោកយាយទាំង៤នាក់ ដែលទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន រួមមាន៖

* ទី១៖ លោកយាយ សា រឿង អាយុ១០១ឆ្នាំ រស់នៅភូមិស្រយ៉ង ឃុំស្រយ៉ង ស្រុកគូលែន ខេត្តព្រះវិហារ
* ទី២៖ លោកយាយ សុក សាំង អាយុ១០១ឆ្នាំ រស់នៅភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ
* ទី៣៖ លោកយាយ ប៉ាង ប៊ុ អាយុ១០៩ឆ្នាំ រស់នៅភូមិច្រាច់ ឃុំច្រាច់ ស្រុកជ័យសែន ខេត្ដព្រះវិហារ
* ទី៤៖ លោកយាយ សូ អួន អាយុ១១៤ឆ្នាំ រស់នៅភូមិស្លែង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ។

ក្នុងបេសកកម្មនៅថ្ងៃនេះ ក្រុមការងារដែលដឹកនាំដោយលោកស្រី ឱ វណ្ណឌីន ត្រូវធ្វើដំណើរអស់រយៈពេលជាច្រើនម៉ោង ទើបទៅដល់ផ្ទះរបស់លោកយាយទាំង៤នាក់ខាងលើ ហើយក្នុងនោះត្រូវឆ្លងកាត់ផ្លូវដែលមានស្ថានភាពលំបាក តូចចង្អៀត និងឡើងចុះភ្នំជាដើម។ ប៉ុន្ដែទាំងអស់នេះ មិនមែនជាឧបសគ្គរបស់ក្រុមការងាររបស់លោកស្រី ឱ វណ្ណឌីន នោះឡើយ។

ជាការកត់សម្គាល់ ថ្លែងក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន តែងតែបាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនលោកយាយទាំង៤នាក់ ព្រមទាំងបានជម្រាបសាកសួរអំពីស្ថានភាពសុខភាពរបស់ពួកគាត់ ក្រោយពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ និងមូលហេតុអ្វីបានជាពួកគាត់ទៅចាក់វ៉ាក់សាំង។

លោកយាយទាំង៤រូប ដែលបានចាក់វ៉ាក់សាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលអនុញ្ញាតឲ្យគាត់ បានចាក់វ៉ាក់សាំង និងបានផ្ដល់អំណោយជូនរូបគាត់នៅឱកាសនេះ ខណៈស្ថានភាពសុខភាពរបស់ពួកគាត់ បន្ទាប់ពីទទួលបាននូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺមានសភាពល្អប្រសើរ។

ពួកគាត់បានអះអាងទៀតថា មូលហេតុដែលនាំឲ្យពួកគាត់ស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំង ដោយសារតែភ័យខ្លាចការឆ្លងជំងឺកូវីដ១៩ ដែលកំពុងតែរីករាលដាលនាពេលបច្ចុប្បន្ននេះ ពិសេសពពួកបំប្លែងខ្លួនថ្មីតែម្ដង។

សូមជម្រាបថា គិតត្រឹមល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ លោកតា លោកយាយ អាយុ១០០ឆ្នាំ សរុបចំនួន៨៩នាក់ហើយ ដែលបានទទួលអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា តាមរយៈលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ ក្នុងចំណោមនេះ មានលោកយាយ២នាក់ ដែលមានអាយុច្រើនជាងគេ គឺ១១៣ឆ្នាំ នៅខេត្តពោធិ៍សាត់ និង១១៤ឆ្នាំ នៅខេត្តព្រះវិហារ៕