(ភ្នំពេញ)៖ ឡដុតសំណល់រឹងសំរាមចំនួន ៥០ ដែលក្រសួងបរិស្ថានបានដំឡើងនៅតាមរាជធានី-ខេត្តចំនួន ២១ (៤៩ ស្រុក) បាននិងកំពុងចូលរួមដុតកម្ទេចសំណល់វេជ្ជសាស្ត្រពីមណ្ឌលព្យាបាលជំងឺកូវីដ១៩ និងមណ្ឌលធ្វើចត្តាឡីស័ក ខណៈឡទាំងនេះគឺជាជំនួយបន្ថែមលើឡដុតសំណល់វេជ្ជសាស្ត្រដែលមានស្រាប់នៅតាមមន្ទីរពេទ្យ និងតាមមណ្ឌលសុខភាពនានាទូទាំងប្រទេសកម្ពុជា។

នេះបើតាមការបញ្ជាក់របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន នៅអំឡុងពេលដែលលោក និងលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ព្រមទាំងមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យការដ្ឋានសាងសង់ឡដុតសំណល់រឹងសំរាមមួយកន្លែង ស្ថិតនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១។

លោករដ្ឋលេខាធិការបានថ្លែងថា ការគ្រប់គ្រង និងវេចខ្ចប់សំណល់រឹងសំរាមពីមណ្ឌលចត្តាឡីស័ក និងកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ និងពីអ្នកជំងឺព្យាបាលតាមផ្ទះបានល្អប្រសើរ រួមនឹងការបាញ់អាល់កុលសម្លាប់មេរោគផងនោះ នឹងចូលរួមបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

លោករដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងថា យោងតាមរបាយការណ៍ផ្តល់ពីមន្ទីរបរិស្ថានរាជធានី-ខេត្តទាំង ២៥ សំណល់រឹងសំរាមដែលបានបង្កើតឡើងនៅតាមមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ មានប្រមាណ ១០០ តោនក្នុងមួយថ្ងៃនាពេលបច្ចុប្បន្ន តែចំនួននេះអាចមានការធ្លាក់ចុះដោយសារតែអត្រាឆ្លងជំងឺកូវីដ១៩ មានការធ្លាក់ចុះ។

លោកបានថ្លែងថា នៅតាមបណ្តាខេត្តមួយចំនួន ដូចជា ខេត្តសៀមរាប មណ្ឌលគិរី បាត់ដំបងជាដើម បានប្រើប្រាស់ឡដុតសំណល់រឹងសំរាមដែលមានបច្ចេកវិទ្យាខ្ពស់ក្នុងការដុតកម្ទេចសំណល់វេជ្ជសាស្ត្រ ដែលត្រូវបានប្រមូលយកពីមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ និងពីមណ្ឌលចត្តាឡីស័ក។ បើតាមការបញ្ជាក់របស់លោក នេត្រ ភក្ត្រា ក្រសួងបរិស្ថាន តាមរយៈមន្ទីរបរិស្ថានបានផ្តល់ការគាំទ្រផ្នែកបច្ចេកទេសលើការងារគ្រប់គ្រងសំណល់រឹងសំរាម ដែលចេញពីមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩នេះ។

រហូតមកទល់បច្ចុប្បន្ននេះ ក្រសួងបរិស្ថានបានបំពាក់ឡដុតសំរាមសំណល់រឹងចំនួន ៥០ គ្រឿង ទៅដល់រាជធានី-ខេត្តចំនួន ២១ (៤៩ ស្រុក)។ លោករដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងថា ការបំពាក់ឡដុតសំរាមសំណល់រឹងនេះជាវិធានការបន្ទាន់ចំពោះមុខ រីឯការគ្រប់គ្រងសំរាមសំណល់រឹងតាមលក្ខណបច្ចេកទេស ដែលមានធុងដាក់សំរាមត្រឹមត្រូវមធ្យោបាយដឹកសំរាមគ្រប់គ្រាន់ និងទីលានចាក់សំរាមតាមខ្នាតបច្ចេកទេស ទើបជាវិធានការជាយុទ្ធសាស្ត្រនៃគោលនយោបាយស្តីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន។

ក្រសួងបរិស្ថានបន្តគាំទ្រ និងពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសំណល់រឹងសំរាម។ ក្នុងមួយថ្ងៃ កម្ពុជាបង្កើតសំរាមជាង ១ ម៉ឺនតោន ហើយក្នុងមួយឆ្នាំប្រមាណជិត ៤ លានតោនដែលក្នុងនោះសំណល់សរីរាងប្រមាណ ៦៨% សំណល់ប្លាស្ទិកប្រមាណជាង ២០% និងសំណល់រឹង/សំណល់គ្រោះថ្នាក់ប្រមាណជាង ១០%។ នេះគឺជាការគូសបញ្ជាក់របស់លោក នេត្រ ភក្ត្រា។

បន្ថែមពីការបំពាក់ឡដុតសំណល់រឹងសំរាម ក្រសួងបរិស្ថានក៏បានផ្តល់នូវមធ្យោបាយ និងសម្ភារៈមួយចំនួនដល់រដ្ឋបាលខេត្ត ក្នុងនោះរួមមាន៖

១៖ រថយន្តដឹកសំរាមចំនួន ១៧ គ្រឿង ជូនទៅខេត្តចំនួន ៩ (១៥ ក្រុង-ស្រុក)។

២៖ ម៉ូតូកង់បីដឹកសំរាមចំនួន ១១៨ គ្រឿង ជូនទៅខេត្តចំនួន ២១ (៥៤ ក្រុង-ស្រុក)។

៣៖ គ្រឿងចក្រចូកសំរាម «សាស័រ» ចំនួន ២ គ្រឿង ជូនទៅខេត្តព្រះសីហនុ។

៤៖ ធុងសំរាមខ្នាតធំ (៥-១១តោន) ចំនួន ៦៨ ធុង ជូនទៅខេត្តចំនួន ៨។

៥៖ ធុងញែកសំរាមចំនួន ៥០០ ធុង ជូនទៅសួនសាធារណៈ, វិមានឈ្នះ-ឈ្នះ, បុរី ប៉េង ហួត និងសាលារៀន។

៦៖ ធុងចម្រោះទឹកស្អាតចំនួន ៩១ ធុង ជូនទៅខេត្តចំនួន ៥ (១៥ ក្រុង-ស្រុក) និងសាលារៀន។

៧៖ កញ្ចប់សម្អាតសំរាម ក្នុងក្របខណ្ឌគម្រោងជំរុញបរិយាកាសអំណោយផលដល់ការអភិវឌ្ឍដោយនិរន្តរភាព ជូនទៅរាជធានី-ខេត្តទាំង ២៥ (មានធុងចម្រោះទឹកស្អាត ៥០ និងធុងសំរាម ៣០០)។

៨៖ វគ្គបណ្តុះបណ្តាលចំនួន ៣ វគ្គ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងក្របខណ្ឌកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

លោក នេត្រ ភក្ត្រា បានថ្លែងថា ជាមួយគ្នានេះ ក្រសួងបរិស្ថានបានផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេសដល់មន្ត្រីមូលដ្ឋាន ដោយ៖ ១) ផ្តល់លទ្ធភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធ្វើជាម្ចាស់ក្នុងការគ្រប់គ្រងសំរាមសំណល់រឹងនៅតាមមូលដ្ឋានសាម៉ី, ២)ពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីគ្រប់គ្រងសំរាមសំណល់រឹងនៅតាមមូលដ្ឋានសាមីឱ្យមានប្រសិទ្ធភាពខ្ពស់ និង ៣) លើកកម្ពស់គុណភាពបរិស្ថាន ដើម្បីចូលរួមការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមប្រកបដោយនិរន្តរភាព។

លោក សោម ពិសិដ្ឋ បានថ្លែងអំណរគុណចំពោះក្រសួងបរិស្ថាន ជាពិសេសលោករដ្ឋមន្ត្រី សាយ សំអាល់ ដែលបានយកចិត្តទុកដាក់ខ្ពស់លើការងារគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន និងបានផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេស ក៏ដូចជាផ្តល់នូវមធ្យោបាយ ដើម្បីរដ្ឋបាលខេត្តអនុវត្តដោយជោគជ័យលើការគ្រប់គ្រងសំណល់រឹងសំរាមទីប្រជុំជន។

លោកអភិបាលខេត្តបានបង្ហាញមោទកភាព ដែលខេត្តកែបបានទទួលនូវការយកចិត្តទុកដាក់ និងបានទទួលនូវពានរង្វាន់បរិស្ថានអាស៊ានផងដែរ។ លោកថ្លែងថា ឡដុតសំណល់រឹងសំរាមដែលនឹងដាក់ឱ្យប្រើប្រាស់ក្នុងរយៈពេល ២ សបា្តហ៍ទៀតនេះនឹងត្រូវប្រើប្រាស់ដើម្បីដុតកម្ទេចសំណល់ផ្សេងៗមកពីមណ្ឌលធ្វើចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ ជាពិសេសវេជ្ជសាស្ត្រនឹងត្រូវយកមកដុតកម្ទេចនៅក្នុងឡនេះ ដើម្បីគ្រប់គ្រងឱ្យមានប្រសិទ្ធភាពខ្ពស់នូវសំណល់គ្រោះថ្នាក់នេះ។ ជាមួយគ្នានេះ លោក សោម ពិសិដ្ឋ បានថ្លែងថា ការវេចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវនាំមកនូវបរិស្ថានស្អាត ខ្យល់បរិសុទ្ធ និងសុខភាពល្អ។

ទន្ទឹមនឹងការថ្លែងកោតសរសើររដ្ឋបាលខេត្តកែប រដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថា
ក្រសួងបរិស្ថានបានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ និងញែកសំរាមតាមប្រភេទ ជាពិសេសត្រូវវេចខ្ចប់សំណល់សំរាមពីមណ្ឌលព្យាបាលអ្នកជំងឺឱ្យបានត្រឹមត្រូវ ជៀសវាងការបោះសំរាមចោលផ្តេសផ្តាសដែលធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព និងផាសុកភាព។ លោកបានថ្លែងថា ភូមិ-ឃុំ សហគមន៍ស្អាត គឺចាំបាច់ត្រូវការចូលរួមពីប្រជាពលរដ្ឋទាំងអស់គ្នា។

គួរបញ្ជាក់ថា ដើម្បីគ្រប់គ្រងកាកសំណល់ឱ្យបានត្រឹមត្រូវ និងបង្ការការឆ្លង រដ្ឋបាលខេត្តបានណែនាំឲ្យអ្នកជំងឺត្រូវដាក់សម្រាមនៅក្នុងស្បោងពណ៌លឿង ឬសរសេរស្លាកសញ្ញាបញ្ជាក់នៅលើស្បោង និងដាក់ដាច់ដោយឡែកពីសំរាមរបស់អ្នកដទៃ ដើម្បីងាយស្រួលក្នុងការប្រមូល។ ត្រូវបាញ់ថ្នាំ ឬអាល់កុល សម្លាប់មេរោគកូវីដ-១៩ នៅលើសម្រាមទាំងក្នុង និងក្រៅស្បោង ហើយទុកសម្រាមដោយឡែកប្រហែលប្រាំថ្ងៃមុនពេលបញ្ចេញមកខាងក្រៅ។

រដ្ឋបាលខេត្តបានស្នើដល់ប្រជាពលរដ្ឋត្រូវប្រើប្រាស់ស្បោងដែលមានចំណុះ ១៥ គីឡូក្រាម ដើម្បីផ្ទុកបរិមាណសំរាមឲ្យបារយៈពេល ៥ ថ្ងៃយ៉ាងតិច ដើម្បីជៀសវាងបញ្ចេញសម្រាប់ជារៀងរាល់ថ្ងៃ។ រដ្ឋបាលខេត្តបានព្រមានថាក្នុងករណីមិនសហការ និងមិនអនុវត្តតាមការណែនាំខាងលើ ហើយបង្កឲ្យមានការឆ្លងជំងឺកូវីដដល់អ្នកដទៃ បុគ្គលដែលប្រព្រឹត្តត្រូវទទួលខុសត្រូវតាមមាត្រា៩ នៃច្បាប់ស្តីពីវិធានការទប់ស្កាតការឆ្លងរាលដាលជំងឺកូវីដ-១៩៕