(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្ដល់ថវិកាចំនួន ៥លានរៀល តាមរយៈអភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធិ ចូលរួមបុណ្យសពក្មេងប្រុសម្នាក់ដែលត្រូវឃាតកសម្លាប់ច្រកការ៉ុងដាក់ក្នុងបន្ទប់ទឹកផ្ទះជួលមួយកន្លែងកាលពី២ថ្ងៃមុន នៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

លោក ហែម ដារិទ្ធិ បានចាត់តំណាងឲ្យនាំយកថវិកា ៥លានរៀលនោះ ទៅប្រគល់ជូនក្រុមគ្រួសារសពដល់ទូកន្លែងធ្វើបុណ្យ ស្ថិតនៅក្នុងវត្តស្នរ ជាប់ជើងភ្នំស្នរ ភូមិតានួន ឃុំព្រះផុស ស្រុកគាស់ក្រទ្ប ខេត្តបាត់ដំបង នាវេលារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ដើម្បីចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព។

បើតាមតំណាងលោក ហែម ដារិទ្ធិ បានប្រាប់បណ្ដាញសារព័ត៌មាន Fresh News ឲ្យដឹងថា ពិតជាគួរឲ្យសង្វេគខ្លាំងណាស់ ស្ថានភាពជាក់ស្ដែងគ្រួសារមួយនេះ គឺមានជីវភាពក្រីក្រលំបាកខ្លាំងណាស់។ ស្រ្តីជាម្ដាយ គឺជាស្ត្រីមេម៉ាយរស់នៅក្នុងខ្ទមមួយនាតំបន់ដាច់ស្រយាល ហើយបាននាំកូនប្រុសចាកចេញមករាជធានីភ្នំពេញធ្វើជាកម្មការិនីរោងចក្រ ទីបំផុត បានជួបគ្រោះអកុសលដែលពុំនឹកស្មានដល់បែបនេះទៅវិញ។

សូមរំឭកថា ក្មេងប្រុសរងគ្រោះខាងលើមានឈ្មោះ គឿន តារា អាយុ១២ឆ្នាំ មានបងស្រីម្នាក់ឈ្មោះ គឿន សុីណា អាយុ១៣ឆ្នាំ មានម្ដាយឈ្មោះ ចំនេញ អាយុ៣០ឆ្នាំ ជាស្ត្រីមេម៉ាយ មុខរបរជាកម្មការិនីរោងចក្រ។ មានស្រុកកំណើតរស់នៅភូមិតាព្រេច ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ និងបានមកស្នាក់នៅក្នុងបន្ទប់ជួលលេខ៧ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ ត្រូវបានឃាតកសម្លាប់ច្រកចូលការ៉ុងដាក់នៅក្នុងបន្ទប់ទឹកផ្ទះជួលខាងលើ ហើយត្រូវបានស្រ្តីជាម្ដាយប្រទះឃើញ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨យប់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាព្រឹកថ្ងៃកើតហេតុស្ត្រីជាម្ដាយបានចេញទៅធ្វើការរោងចក្រ ដោយទុកឲ្យកូនប្រុសនៅក្នុងបន្ទប់ជួលម្នាក់ឯង។ លុះដល់វេលាល្ងាច ថ្ងៃដដែលក្រោយពេលត្រឡប់មកពីធ្វើការដល់បន្ទប់ជួលវិញពុំឃើញកូនប្រុសក៏បានដើររកមើល បានប្រះឃើញមានការ៉ុងមួយនៅក្នុងបន្ទប់ទឹក។

ប្រភពដដែលបានបន្តថា ភ្លាមនោះស្រ្តីជាម្ដាយបានស្រាយមាត់ការ៉ុងមើល ស្រាប់តែប្រទះឃើញសពកូនប្រុសរបស់គាត់ត្រូវជាឃាតកសម្លាប់ ហើយបាត់បង់ខ្សែកប្លាទីន ១ខ្សែ ទម្ងន់ ២ជី ដែលកូនប្រុសពាក់ជាប់នឹងខ្លួន ព្រមទាំងលុយដែលសន្សំទុកក្នុងកូនជ្រូកដីផងដែរ។ ក្រោយមក ស្រ្តីរូបនេះបានរាយការណ៍ជូនសមត្ថកិច្ចឲ្យចុះទៅត្រួតពិនិត្យ និងកោសល្យវិច័យ ដើម្បីស្រាវជ្រាវចាប់ខ្លួនជនដៃដល់ចាត់ការតាមច្បាប់៕