(​រី​យ៉ូ​)៖ កងទ័ពជើងទឹក​របស់​ប្រទេសប្រេ​ស៊ីល បាន​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​នឹង​សម​ភាគី អាមេរិក នៅក្នុង​ទីក្រុង​រី​យ៉ូ ឌឺ ហ្សេ​ណេ​រ៉ូ (Rio de Janeiro) សម្រាប់​ត្រៀម​ការពារ​សន្តិសុខ ដល់​ការប្រកួត​កីឡា​អូឡាំពិក នា​ខែ​សីហា​ឆ្នាំ​២០១៦ ខាងមុខនេះ​។ នេះ​បើ​តាម​ការចេញផ្សាយ មុន​នេះ​បន្តិច​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួរ នា​ព្រឹក​ថ្ងៃ​ពុធ ទី​៣០ ខែ​មីនា ឆ្នាំ​២០១៦​។​

​សមយុទ្ធ​ខាងលើនេះ បាន​ចាប់ផ្តើម​ឡើង​នៅ​ជ្រោយ​សមុទ្រ Guanabara ដោយ​ក្នុង​នោះ​មានការ ហាត់​សមពី​របៀប​សង្គ្រោះ​នាវា​ដែល​ត្រូវ​ប្លន់​ដោយ​ពួក​ភេរ​វករ ព្រមទាំង​ការប្រើប្រាស់​ទូក​សង្គ្រោះ និង ឧទ្ធម្ភាគចក្រ​ហោះ​បំពេញ​ប្រតិបត្តិការ ចេញពី​នាវាចម្បាំង​ផងដែរ​។ វា​ត្រូវ​បាន​ប្រព្រឹត្តទៅ​នៅ​ក្បែរ តំបន់​ដែល​ត្រៀម​ធ្វើ​ការប្រកួត​កីឡា​អូឡាំពិក​នោះ​តែម្តង​។​

​គួរបញ្ជាក់​ថា អំពើ​ភេរវកម្ម​នៅ​តំបន់​អឺរ៉ុប អាហ្វ្រិក មជ្ឈិម​បូព៌ា និង​អាស៊ី​ភាគច្រើន​បាន​កើតឡើង​នៅ កន្លែង​ដែល​មាន​មនុស្សម្នា​កកកុញ ជាពិសេស​គឺ​ការប្រកួត​កីឡា នៅ​កីឡាដ្ឋាន​ធំៗ​នោះ​តែម្តង​។ ការវាយប្រហារ​នៅ​ទីក្រុង​ប៉ារីស​នៅ​ឆ្នាំ ២០១៥ និង​ការវាយប្រហារ​នៅ​បែលហ្ស៊ិក កាលពី​ពេល​ថ្មីៗ​នេះ គឺជា​មេរៀន​ដ៏​ជូរ​ចត់​បំផុត ដែល​ប្រទេសប្រេ​ស៊ីល​មិន​អាច​មើលរំល​ង​៕