(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដោះស្រាយបញ្ហាបញ្ចប់វិវាទករណីថៅកែជនជាតិចិន មិនបើកប្រាក់ឈ្នួលដល់កម្មករហើយរត់គេចបាត់ សម្រេចជោគជ័យ ខណ:ដែលក្រុមកម្មករ-កម្មការិនី ទាំង៣១១នាក់ បានទះដៃអបអរសាទរ និងសំដែងការសប្បាយជាពន់ពេក។

ដំណើរការដោះស្រាយបញ្ចប់នេះ ធ្វើឡើងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ នៅសិប្បកម្ម ហ៊ូ យ៉ាវ វ៉សស៊ីង អេន ដាយអីង ឯ.ក (FU YAO WASHING AND DYEING CO., LTD.) ស្ថិតនៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកអភិបាលខេត្តបានថ្លែងថា ឆ្លងតាមការប្រជុំពិភាក្សា សម្របសម្រួលជាមួយលោក LU ZIJIAN ជនជាតិចិន ដែលជាអ្នកជួលទីតាំងឃ្លាំងដំបូងពីម្ចាស់ដី និងឃ្លាំងបានយល់ព្រមប្រគល់ប្រាក់ដុល្លារចំនួន ៣៩,៦០០ដុល្លារ និងប្រាក់រៀលចំនួន ១៣,៧០០,០០០រៀល ដើម្បីបើកផ្ដល់ជូនទៅដល់កម្មករនិយោជិតចំនួន៣១១នាក់ ដើម្បីបញ្ចប់វិវាទ និងឈានទៅដល់ការបើកដំណើរអាជីវកម្មឡើងវិញ។

ជាមួយគ្នានេះ លោកអភិបាលខេត្តក៏បានអំពាវនាវដល់បងប្អូន ក្មួយៗ កម្មករ-កម្មការរិនីទាំងអស់ សូមចូលរួមគោរពអនុវត្តវិធានការអនាម័យឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសផុតពីការឆ្លងរាលដាលជំងឺកូវីដ១៩ ជាពិសេសយ័ន្តដ៏ស័ក្តិសិទ្ធរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី គឺ «៣ការពារ និង៣កុំ» និងសូមអញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នានៅតាមទីតាំងដែលដែលក្រុមការងារសុខាភិបាលខេត្ត បានរៀបចំនៅជិតបំផុត។

ស្ថិតក្នុងឱកាសនេះដែរ លោកអភិបាលខេត្តបានឧបត្ថម្ភ បងប្អូន ក្មួយៗ កម្មករ កម្មការិនីទាំង៣១១នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិការចំនួន៣០,០០០រៀល និងសារុងចំនួន០១ផងដែរ ។

ឆ្លើយតបមកកាន់ភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្តាល លោក LU ZIJIAN បានអះអាងថា លោកនឹងបើកដំណើរការសហគ្រាសខាងលើនេះឡើងវិញ ដើម្បីផ្ដល់ការងារដល់កម្មករនិយោជិតចំនួន៣១១នាក់ ដែលបានបម្រើការងារកន្លងមកនៅក្នុងសហគ្រាសនេះជាបន្តទៀត។ ពិសេសគោរពតាមច្បាប់របស់កម្ពុជាឱ្យបានខ្ជាប់ខ្ជួន និងមិនធ្វើឱ្យមានការឈឺចាប់ដល់បុគ្គលិក កម្មករ-កម្មការិនីណាជាដាច់ខាត។

សូមជម្រាបជូនថា សិប្បកម្ម វ៉សស៊ីង អេន ដាយអ៊ុង ឯ.ក ជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត ធ្វើសកម្មភាពអាជីវកម្មចម្បង សេវាបោកគក់សម្លៀកបំពាក់ អាសយដ្ឋានស្ថិតនៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ម្ចាស់ឈ្មោះ XU LANPING ភេទស្រី សញ្ជាតិចិន បានរត់គេចខ្លួន និងមិនបានបើកផ្តល់ប្រាក់ឈ្នួលប្រចាំខែកក្កដា ឆ្នាំ២០២១ ជូនកម្មករនិយោជិតទាំង៣១១នាក់ឡើយ៕