(កណ្ដាល)៖ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានចុះដោះស្រាយករណីវិវាទមួយ ក្រោយពលរដ្ឋប្ដឹងតវ៉ាតាំងពីឆ្នាំ២០០៧ ហើយចំទីតាំងគម្រោងស្ដារព្រែករបស់ក្រសួងធនធានទឹក និងឧតុនិយម រហូតទទួលបានជោគជ័យ ដោយតម្រូវឱ្យមានការវាយរបងចោល និងបើកផ្លូវសម្រាប់ពលរដ្ឋធ្វើដំណើរឡើងវិញ ព្រមទាំងបើកឱ្យមានការស្ដារព្រែកតាមគម្រោងផងដែរ។

ការចុះដោះស្រាយនេះ ធ្វើឡើងកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ដោយបានចុះទៅដល់ដីផ្ទាល់តែម្ដងស្ថិតនៅភូមិព្រែកផ្តៅ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល។ អ្នករំលោភយកដីផ្លូវ និងរំលោភចូលដីព្រែកឈ្មោះ ស្រ៉ឺ ប៊ុនឡែន។

លោក ណុប ដារ៉ា បានលើកឡើងថា នៅក្នុងភូមិសាស្ត្រស្រុកមុខកំពូល មានការស្តារបឹងបួរ អូរធម្មជាតិចំនួន២២កន្លែង បាននិងកំពុងអនុវត្តន៍បន្តបន្ទាប់ជាថវិការបស់រាជរដ្ឋាភិបាល ហើយការដោះស្រាយបញ្ហាមួយនេះ ញ៉ាំងឱ្យប្រជាពលរដ្ឋត្រេកអរ និងចូលរួមគាំទ្រគ្រប់សកម្មភាពក្នុងការស្ដារអភិវឌ្ឍន៍គម្រោងនេះ។

លោកបន្ថែមថា ក្រោយពីទទួលបានការសម្របសម្រួល និងណែនាំអំពីផ្លូវច្បាប់រួចមក បុគ្គលខាងលើបានឯកភាពតាមការណែនាំ ដោយបានស្នើសុំអនុវត្តឱ្យមានតម្លាភាពទាំងអស់គ្នា ដោយយកអ័ក្សស្ពាន និងអ័ក្សព្រែកជាគោល។

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលរងខេត្តកណ្ដាល បានថ្លែងអំណរគុណម្ចាស់ដីរបង ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍស្ដារព្រែក ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់ផង និងជាគុណប្រយោជន៍រួមផងដែរ។

គួរជម្រាបថា ប្រជាពលរដ្ឋជាង២០០គ្រួសារ បានចាប់ផ្ដើមប្ដឹងតវ៉ា តាំងពីចាប់ផ្ដើមព័ទ្ធយកផ្លូវសាធារណៈមកម្ល៉េះ ប៉ុន្តែម្ចាស់ដីពិតជាមានអំណាចខ្លាំងមិនស្ដាប់តាមការណែនាំរបស់អាជ្ញាធរឡើយ។ ទាល់តែអភិបាលរងខេត្ត ចុះមកដោះស្រាយលើគម្រោងស្ដារព្រែក ទើបម្ចាស់ដីយល់ព្រម ខណៈដែលគេសង្កេតឃើញថា ម្ចាស់ដីហាក់មិនមានការខ្លាចរអាច្បាប់បន្តិចសោះឡើយ៕