(ភ្នំពេញ)៖ ក្រុមគ្រូពេទ្យ និងអាជ្ញាធរ បានរកឃើញអ្នកជំងឺកូវីដ១៩ បំប្លែងថ្មី Delta ចំនួន១៣នាក់ ក្នុងនោះកម្មការិនីរោងចក្រ «ថបសិនធើ» ចំនួន៦នាក់ និងអាជីវករផ្សារត្រពាំងថ្លឹងចំនួន៧នាក់។

អាជ្ញាធរបានឲ្យដឹងថា អ្នកជំងឺកូវីដ១៩ បំប្លែងថ្មី Delta ២នាក់ បានចូលទៅទិញអីវ៉ាន់នៅក្នុងផ្សារត្រពាំងថ្លឹង កាលពីពេលថ្មីៗកន្លងទៅនេះ បានធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ពីលទ្ធភាពនៃការឆ្លងជំងឺនេះនៅក្នុងផ្សារខាងលើ ទើបធ្វើឲ្យក្រុមគ្រូពេទ្យ និងអាជ្ញាធរចុះយកសំណាកពីបងប្អូនជាអា ជី វករនៅក្នុងផ្សារត្រពាំងថ្លឹង និងបងប្អូនជាកម្មករនៅរោងចក្រ «ថបសិនធើ» តែម្តង។

ជាក់ស្តែងនៅវេលាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ អាជ្ញាធរ និងក្រុមគ្រូពេទ្យ បានចុះទៅកាន់ផ្សារខាងលើ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវវ៉េងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រួចបានផ្អាកដំណើរការលក់ដូរជាបណ្ដោះអាសន្នសិន ដើម្បីយកសំណាកអាជីវករជិត៣០០នាក់ រកមេរោគកូវីដ១៩នេះ។ ក្រោយយកសំណាកក្រុមគ្រូពេទ្យបានរកឃើញវិជ្ជមានចំនួន៧នាក់។

អាជ្ញាធរបានបន្តថា «នៅថ្ងៃដដែលនេះគ្រូពេទ្យ បានចុះទៅយកសំណាកកម្មករ-កម្មការិនី ដែលកំពុងបម្រើការងានៅអគារ F7 រោងចក្រ «ថបសិនធើ» ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ជាលទ្ធផលរកឃើញ៦នាក់ ឆ្លងមេរោគប្រភេទថ្មី Delta»។

បន្ទាប់មកអ្នកជំងឺទាំង១៣នាក់ ត្រូវបានដាក់ដោយឡែក ហើយត្រូវបានក្រុមគ្រូពេទ្យបញ្ជូនយកទៅព្យាបាល៕