(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន តាមកញ្ចប់បញ្ញើពីប្រទេសអាហ្វ្រិកខាងត្បូង ចូលមកកម្ពុជា ដោយឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ រួមទាំងសារធាតុញៀន កេតាមីន (KETAMIE) ៦០ដប។

ករណីចុះបង្ក្រាបការដឹកជញ្ជូនគ្រឿងញៀនឆ្លងដែននេះ ដែលបានអនុវត្តតាមបញ្ជានាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

ក្នុងកិច្ចចុះប្រតិបត្តិការនេះ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៤៖៣០នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១០) លោកដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា និងលោកវរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរ បានសហការជាមួយគយ និងរដ្ឋាករប្រចាំឃ្លាំងទំនិញ (CARGO) នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការត្រួតពិនិត្យកញ្ចប់បញ្ញើមិនប្រក្រតី ដែលផ្ញើពីទីក្រុង JOHANNESBURG ប្រទេសអាហ្វ្រិកខាងត្បូង ចូលមកកម្ពុជា តាមរយៈក្រុមហ៊ុន DHL ដែលបង្កប់លាក់សារធាតុញៀន (រាវ)ប្រភេទ កេតាមីន( KETAMINE ) ក្នុងដបជ័រពណ៌ស ម៉ាក ALOE GEL ចំនួន ៦០ដប មានទម្ងន់១០គីឡូក្រាម (គិតទាំងសំបក)។

បន្ទាប់ពីបានត្រួតពិនិត្យឃើញហើយ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបន្តការស៊ើបអង្កេត ដោយអនុវត្តតាមនីតិវិធីប្រគល់ដោយមានការឃ្លាំមើល សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីលោក លឹម ប៊ុនសុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ឈានទៅបង្ក្រាបនៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុងភូមិ ប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ រួមមាន៖

ទី១- ឈ្មោះ ZHANG ZHI QIANG ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែន E89753382
ទី២- ឈ្មោះ ឆូយ ប៊ុនវុទ្ធ ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិ ខ្មែរ
ទី៣- ឈ្មោះ FU XIN MING ភេទ ប្រុស អាយុ ៤៧ឆ្នាំ ជនជាតិ ចិន លិខិតឆ្លងដែន EE2807074
ទី៤- ឈ្មោះ HU XIAO HUI ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិ ចិន លិខិតឆ្លងដែន EE7058599

ក្រៅពីឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ សមត្ថកិច្ចក៏បានចាប់យកវត្ថុតាងដែលជាសារធាតុញៀន កេតាមីន (KETAMIE)៦០ដប ទម្ងន់សុទ្ធ ៥ គីឡូក្រាម ១៣៤.២០ក្រាម។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តនីតិវិធីផងដែរ៕