(សៀមរាប)៖ អភិបាលខេត្តសៀមរាប លោក ទៀ សីហា នៅថ្ងៃទី២៧ ខែសីហា បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពកំពង់ផែទេសចរណ៍ «ស៊ូ ជីង» បន្ទាប់ពីត្រូវបានរាជរដ្ឋាភិបាលដកហូត ហើយប្រគល់ឱ្យរដ្ឋបាលខេត្ត និងគ្រឹះស្ថានអង្គរ គ្រប់គ្រងបណ្ដោះអាសន្ន។

កំពង់ផែក្រុមហ៊ុន «ស៊ូ ជីង» ស្ថិតនៅក្នុងសង្កាត់ ចុងឃ្នៀស ក្រុងសៀមរាប ត្រូវបានរាជរដ្ឋាភិបាល ដកហូតសិទ្ធិវិនិយោគនាពេលថ្មីៗនេះ ហើយប្រគល់ឱ្យរដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរ គ្រប់គ្រងបណ្ដោះអាសន្ន បន្ទាប់ពីរាជរដ្ឋាភិបាល។

ក្នុងឱកាសចុះពិនិត្យនេះ ក្រុមការងារចម្រុះ បានសម្រេចដកហូតទីតាំងទាំងមូល ដោយបានធ្វើការបិទ និងហ៊ុមព័ទ្ធទីតាំងអគាររបស់ក្រុមហ៊ុនចំនួន ២អគារ រួមមាន៖ ទីតាំងការិយាល័យបម្រើការងារបស់ក្រុមហ៊ុន និងទីតាំងរោងយានដ្ឋានជួសជុល គ្រឿងចក្ររបស់ក្រុមហ៊ុន ព្រមទាំងមិនអនុញ្ញាតឱ្យមានការចេញ-ចូលក្នុងបរិវេណទីតាំងដែលត្រូវបានហ៊ុព័ទ្ឋ ពិសេសសន្តិសុខប្រចាំការរបស់ក្រុមហ៊ុនចំនួន៦នាក់ ដែលនៅយាមទីតាំងវិនិយោគនេះ។

ក្រុមការងារចម្រុះ បានណែនាំឲ្យធ្វើការចាកចេញពីទីតាំង វិនិយោគ ចាប់ពីថ្ងៃចុះអនុវត្តនេះតទៅ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក ទៀ សីហា បានណែនាំដល់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងសៀមរាប និងក្រុមការងារប្រចាំការនៅទីតាំងកំពង់ផែដែលបានដកហូតនេះ ត្រូវយកចិត្តទុកដាក់ និងពង្រឹងលើការរៀបចំសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយទូទៅ និងដោះស្រាយបញ្ហានានា ដើម្បីសម្រួលដល់ ដំណើរការជាប្រក្រតី ជូនប្រជាពលរដ្ឋដែលកំពុងប្រកបរបរនៅក្នុងទីតាំង និងសមាគមកាណូតដឹកភ្ញៀវឲ្យដំណើរការជាធម្មតារហូតដល់មានការសម្រេចសារជាថ្មី ពីគណៈកម្មការអន្តរក្រសួង។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត បានណែនាំដល់ក្រុមការងារចម្រុះ ស្រង់សារពើភណ្ឌទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន រួមមានអគារ និងគ្រឿងចក្រចាស់ៗមួយចំនួន ដើម្បីធ្វើការដកហូត និងគ្រប់គ្រង់ជាណ្ដោះអាសន្ន ព្រមទាំងបានជំរុញឱ្យអង្គភាព មន្ទីរជំនាញធ្វើការពិនិត្យ និងរៀបចំបណ្តាញអគ្គិសនី និងប្រព័ន្ធទឹកស្អាតឡើងវិញ ដើម្បីភ្ជាប់ បណ្តាញជូនប្រជាពលរដ្ឋដែលកំពុងរស់នៅ និងប្រកបមុខរបរ ទាំងនៅក្នុងទីតាំង និងនៅជុំវិញទីតាំងវិនិយោគរបស់ក្រុមហ៊ុន «ស៊ូ ជីង» បានប្រើប្រាស់ជាធម្មតា។

សូមបញ្ជាក់ផងដែរថា អនុវត្តន៍តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ ទីស្តីការគណៈរដ្ឋមន្ត្រី បានសេចក្តីជូនដំណឹង លេខ ៣៩៦ សជណ.ហធ ដោយសម្រេចលុបចោលនូវគម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ចុងឃ្នៀស របស់ក្រុមហ៊ុន «ស៊ូ ជីង» និង ដកហូតទីតាំង វិនិយោគទាំងស្រុង របស់ក្រុមហ៊ុនមួយនេះ ប្រគល់ឲ្យរដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរគ្រប់គ្រងជាបណ្ដោះអាសន្ន ហើយរាល់ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធនានា នៅទីតាំងវិនិយោគត្រូវបានចាត់ទុកជាសម្បត្តិរដ្ឋ៕