(កំពង់ធំ)៖ លោក ស៊ឹម សុធន នាយកមូលនិធិជនពិការ និងប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ បានប្រគល់ជូនផ្ទះមួយខ្នង ទំហំ ៤គុណនឹង៦ម៉ែត្រធ្វើពីថ្មប្រកស័ង្កសី ជូនដល់លោក ផាត ផៃ រស់នៅភូមិឈូក ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ដោយការប្រគល់នេះ មានការចូលរួមពីអាជ្ញាធរខេត្តជាច្រើនរូបទៀតផងដែរ។

ថវិកាក្នុងការសាងសង់នេះ បានមកពីសប្បុរសជនដែលបានបរិច្ចាកថវិកា ចូលប្រាក់វិភាគទានសប្បុរសធម៌មូលនិធិជនពិការ។

លោក ស៊ឹម សុធន បានលើកឡើងថា ក្នុងកាលៈទេសៈដែលពិភពលោកកំពុងជួបបញ្ហា នៃការរីករាលដាលជំងឺកូវីដ១៩ រាជរដ្ឋាភិបាលតាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តែងតែបានយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋងាយរងគ្រោះ ដែលមានទាំងជនពិការផងដែរ ឱ្យពួកគាត់ទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ និងបានផ្តល់ជាប្រាក់ឧបត្ថម្ភផងដែរ។ ជាមួយគ្នានេះ មូលនិធិជនពិការ ក៏បានចូលរួមចំណែកដល់ការគាំទ្រលើសុវត្ថិភាព អាហារជនពិការក្រីក្រដែលកំពុងជួបការខ្វះខាត និងបានផ្ដល់ជាផ្ទះ ដើម្បីឲ្យពួកគាត់បានរស់នៅសមរម្យ។

ក្រៅពីផ្ទះមួយខ្នងនេះ ជនពិការខាងលើក៏បានទទួលនូវកញ្ចប់អំណោយ របស់មូលនិធិជនពិការរួមមានអង្ករ ២៥គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៉ីវវ១យួរ អំបិល២kg ត្រីខ២យួរ មី១កេះ និងថវិកា១០ម៉ឺនរៀល បន្ថែមពីលើនេះមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ ក៏បានចូលរួមផ្តល់ជាអំណោយដល់ជនពិការខាងលើផងដែរនូវ អង្ករ៥០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ ត្រីខ១យួរ ភួយ១ ក្រមា១ និងសាប៊ូ២ដុំផងដែរ៕