(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានជំរុញឱ្យមន្ត្រីដែលចំណុះក្រោមរដ្ឋបាលស្រុក និងអាជ្ញាឃុំត្រូវចាត់ទុកកិច្ចការចាក់វ៉ាក់សាំងជាកិច្ចការអាទិភាពបំផុត ពិសេសត្រូវពិនិត្យមើលឡើងវិញថា តើមានពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួននៅសល់ប៉ុន្មាននាក់ទៀតដែលពុំទាន់ចាក់វ៉ាក់សាំង ហើយត្រូវរៀបចំឱ្យពួកគាត់មកទទួលការចាក់វ៉ាក់សាំងនេះឱ្យបានគ្រប់ៗគ្នា។

ការថ្លែងបែបនេះធ្វើឡើងក្នុងប្រជុំគណៈបញ្ជាការឯកភាពស្រុក នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ នៅសាលាស្រុកស្ទោង ដែលមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងទាំងបី និងក្រុមប្រឹក្សាឃុំផងដែរ។

លោកបានបន្ថែមថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះ គឺរដ្ឋបាលស្រុកស្ទោង និងគ្រប់បណ្តាឃុំត្រូវសហការគ្នាជាមួយកងកម្លាំងទាំងបី និងប៉ុស្តិ៍រដ្ឋបាលឃុំគ្រប់ឃុំ ដើម្បីឈានទៅសម្រេចការចាក់វ៉ាក់សាំងឱ្យបានជោគជ័យបំផុត ដោយមិនមានប្រជាពលរដ្ឋណាម្នាក់មិនបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដើម្បីបង្កើនភាពសាំក្នុងសង្គម និងយកឈ្នះកូវីដ១៩ ឱ្យខាងតែបាន។

លោកអំពាវនាវដល់មាតាបិតា និងអាណាព្យាបាលទាំងអស់ដែលមានកូនចៅគ្រប់អាយុ សូមយកមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា និងបន្តចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តវិធានការ ៣-កុំ ៣-ការពារ ឱ្យបានត្រឹមត្រូវ ពេលនាំកូនមកចាក់វ៉ាក់សាំង សូមរក្សាគម្លាតសុវត្ថិភាព និងពាក់ម៉ាស មានអាល់កុលជាប់ខ្លួន ដើម្បីរួមគ្នាកាត់ផ្តាច់ការចម្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ទាំងឡាយ។

លោកបានអំពាវនាវប្រជាពលរដ្ឋដែលមកទទួលការចាក់វ៉ាក់សាំងនាពេលនេះ ត្រូវមកតាមការកំណត់របស់អាជ្ញាធរ ចៀសវាងមកប្រជ្រៀតគ្នាធ្វើឱ្យបាត់សណ្ដាប់ធ្នាប់ជាដើម។

លោកអភិបាលស្រុកស្ទោងក៏បានជំរុញដល់អាជ្ញាធរភូមិ-ឃុំ ត្រូវពិនិត្យមើលឡើងវិញថា តើមកដល់ពេលនេះ មានពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួននៅសល់ប៉ុន្មាននាក់ទៀតដែលពុំទាន់ចាក់វ៉ាក់សាំង ហើយត្រូវជំរុញពួកគាត់ឱ្យអស់ពីលទ្ធភាព ដើម្បីមកចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នាប្រកបដោយការទទួលខុសត្រូវបំផុត៕