(ភ្នំពេញ)៖ ក្រសួងទេសចរណ៍បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសហគ្រិនខ្មែរ លើគម្រោង «ជំរុញចលនាទេសចរណ៍ផ្ទៃក្នុង និងលើកកម្ពស់សកម្មភាពទេសចរណ៍ក្នុងសហគមន៍ទេសចរណ៍ក្នុងបរិបទវិបត្តិកូវីដ-១៩» ដើម្បីជួយឱ្យប្រជាសហគមន៍នៅតាមសហគមន៍ទេសចរណ៍នីមួយៗចេះបង្កើតអាជីវកម្មថ្មីៗដោយខ្លួនឯង និងពង្រីកអាជីវកម្មរបស់ខ្លួន ក្រៅពីការងារបម្រើសេវាកម្មទេសចរណ៍។

ពិធីចុះអនុស្សរណៈនេះធ្វើឡើងរវាងលោក ថោង រដ្ឋសក្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងទេសចរណ៍ ជាមួយលោក ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ ក្រោមអធិបតីភាពជាសាក្សីរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១។

ក្នុងកិច្ចសម្ភាសជាមួយក្រុមអ្នកសារព័ត៌មាន លោក ថោង រដ្ឋសក្តិ បានលើកឡើងថា កិច្ចចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាការងារដ៏មានសារសំខាន់ណាស់ ក្នុងការសហការគ្នាជំរុញឱ្យមានចលនាទេសចរណ៍ផ្ទៃក្នុង មុនការបើកទទួលភ្ញៀវទេសចរអន្តរជាតិពីក្រៅប្រទេស នាពេលខាងមុខ ខណៈយុទ្ធនាការនៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងប្រទេស ក៏កំពុងប្រព្រឹត្តទៅយ៉ាងរលូនផងដែរ ពិសេសគឺការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ។

លោកអគ្គនាយកបានបញ្ជាក់ថា នៅជំហានដំបូងនេះ ក្រសួងទេសចរណ៍ និងសហគ្រិនខ្មែរបានឯកភាពគ្នាជ្រើសរើសសហគមន៍ទេសចរណ៍ចំនួន ៥ សហគមន៍ ដើម្បីជួយអភិវឌ្ឍ ជួយបណ្ដុះបណ្ដាលទៅតាមស្ដង់ដា និងធនធានហិរញ្ញវត្ថុ ដោយសហគមន៍ទាំងប្រាំនោះស្ថិតនៅខេត្តចំនួន ៤ ក្នុងនោះរួមមាន៖

* ខេត្តសៀមរាប៖ សហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ ក្នុងស្រុកសូទ្រនិគម និងសហគមន៍ទេសចរណ៍ចង្រ្កានរយ ក្នុងស្រុកវ៉ារិន។

* ខេត្តបាត់ដំបង៖ សហគមន៍ទេសចរណ៍ទឹកធ្លាក់អូរជាំ ក្នុងស្រុកសំឡូត។

* ខេត្តពោធិ៍សាត់៖ សហគមន៍ទេសចរណ៍រាំងខ្វាវ ក្នុងស្រុកក្រវាញ។

* ខេត្តកំពង់ឆ្នាំង៖ សហគមន៍ទេសចរណ៍ស្រែអំពិល ក្នុងស្រុកទឹកផុស។

លោក ថោង រដ្ឋសក្តិ បានបញ្ជាក់អំពីមូលហេតុដែលក្រសួងទេសចរណ៍ និងសហគ្រិនខ្មែរសម្រេចជ្រើសរើសសហគមន៍៍ទេសចរណ៍ទាំង ៥ ដើម្បីជួយអភិវឌ្ឍនេះ គឺដោយសារសហគមន៍ទាំងនោះមានសក្ដានុពលលើវិស័យទេសចរណ៍ពិសេសៗប្លែកៗពីគ្នា ខណៈប្រជាសហគមន៍មានការខិតខំយ៉ាងខ្លាំងក្នុងការរៀបចំសហគមន៍របស់ខ្លួន ក៏ប៉ុន្តែកន្លងមកសហគមន៍ទាំងនោះមិនទាន់មានការជួយជ្រោមជ្រែងឱ្យបានខ្លាំងក្លាពីក្រសួង-ស្ថាប័នផ្សេងនៅឡើយ។ ម្យ៉ាងវិញទៀត សហគមន៍ទេសចរណ៍ទាំងប្រាំនេះ ក៏ស័ក្តិសមបំផុតសម្រាប់ការទទួលភ្ញៀវទេសចរក្នុងបរិបទវិបត្តិកូវីដ១៩ផងដែរ។

លោកបានបន្តថា សម្រាប់ក្រសួងទេសចរណ៍ គឺនឹងចូលរួមជួយអភិវឌ្ឍសហគមន៍ទាំងនោះ ដោយផ្ដោតទៅលើការបណ្ដុះបណ្ដាលអំពីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ វិធានសុខាភិបាលក្នុងបរិបទវិបត្តិកូវីដ-១៩ និងក្រោយវិបត្តិ។ ក្រៅពីនោះ នៅមានការបណ្ដុះបណ្ដាលអពីស្ដង់ដាម្ហូបអាហារ ស្ដង់ដាទស្សនកិច្ចទេសចរណ៍ (Farm Trip) សម្រាប់ភ្ញៀវក្នុងស្រុក និងភ្ញៀវអន្តរជាតិ និងការបណ្ដុះបណ្ដាលដោយផ្ទាល់ផ្សេងទៀត។

ចំណែកឯខាងសហគ្រិនខ្មែរក៏មានជាធនធានហិរញ្ញវត្ថុសម្រាប់ជួយដោយផ្ទាល់ទៅដល់សហគមន៍ និងមានជាការបណ្ដុះបណ្ដាលបច្ចេកទេសបង្កើតអាជីវកម្ម ពង្រីកអាជីវកម្ម និងមុខរបរនានាដល់ប្រជាសហគមន៍ទៀតផង ពិសេសគឺសហគ្រិនខ្មែរមានដៃគូអភិវឌ្ឍន៍ផ្សេងទៀតជាច្រើនសម្រាប់ជួយសហការ។

លោក ឈៀង វណ្ណមុនិណ្ឌ បានឱ្យដឹងថា ដោយមើលឃើញថាក្រសួងទេសចរណ៍មានស្ដង់ដាច្បាស់លាស់ក្នុងការអភិវឌ្ឍសហគមន៍ ស្ដង់ដាបណ្ដុះបណ្ដលនៃការទទួលភ្ញៀវទេសចរ ដូច្នេះហើយទើបសហគ្រិនខ្មែរចង់ចូលរួមអភិវឌ្ឍនៅតាមសហគមន៍ជាមួយក្រសួងទេសចរណ៍ ដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរពីគ្រប់មជ្ឈដ្ឋាន ឱ្យចូលទៅទស្សនានៅក្នុងសហគមន៍ទេសចរណ៍ទាំងនោះ សំដៅជួយឱ្យប្រជាសហគមន៍ទទួលបានប្រាក់ចំណូលកាន់តែល្អប្រសើរ។

នាយកប្រតិបត្តិនៃសហគ្រិនខ្មែររូបនេះបានគូសបញ្ជាក់ថា នៅតាមសហគមន៍ទេសចរណ៍នីមួយៗ ពិសេសគឺសហគមន៍ទេសចរណ៍ទាំង ៥ ខាងលើ ក្រៅពីការចូលរួមបម្រើសេវាកម្មទេសចរណ៍ប្រចាំថ្ងៃ សហគ្រិនខ្មែរចង់ឱ្យប្រជាសហគមន៍ទាំងនោះចេះបង្កើតមុខរបរអាជីវកម្មថ្មីៗសម្រាប់គ្រួសាររបស់ពួកគាត់ និងពង្រីកអាជីវកម្មដែលពួកគេមានស្រាប់ឱ្យរីកចម្រើនជាងមុខ ដោយហេតុថានៅតាមសហគមន៍ទេសចរណ៍ទាំងនោះ នឹងមានភ្ញៀវទេសចរទៅលេងកម្សាន្តច្រើន ហើយប្រជាសហគមន៍នឹងមានឱកាសអាចលក់ដូររបស់របរ ទំនិញ ឬសេវាកម្មនានារបស់ខ្លួនទៅឱ្យភ្ញៀវទេសចរ។ ដល់ពេលនោះ ពួកគាត់នឹងទទួលបានប្រាក់ចំណូលបន្ថែមសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។

លោក ឈៀង វណ្ណមុនិណ្ឌ បានថ្លែងយ៉ាងដូច្នេះថា «សហគមន៍មិនមែនត្រឹមតែទទួលភ្ញៀវទេ ប៉ុន្តែប្រជាសហគមន៍អាចពង្រីកអាជីវកម្ម ហើយមានសមត្ថភាពអាចទទួលភ្ញៀវទេសចរកម្រិតខ្ពស់បាន និងអាចឈានទៅដល់ការទាក់ទាញការវិនិយោគ។ ប្រសិនបើមានប្រព័ន្ធគ្រប់គ្រងបញ្ជីចំណូលចំណាយ មានគណនេយ្យភាពច្បាស់លាស មានគំរូអាជីវកម្មបានល្អ សហគ្រិនខ្មែរនឹងមានកម្លាំងចិត្តក្នុងការបន្តជួយរៀបចំគំរូអាជីវកម្មពួកគាត់បន្ថែមទៀត»

បើតាមការបញ្ជាក់បន្ថែមរបស់លោក វណ្ណមុនិណ្ឌ សហគ្រិនខ្មែរពិតជាចង់ជួយឱ្យសហគមន៍ទាំង ៥ នោះ ក្លាយជាសហគមន៍គំរូប្រចាំប្រទេសកម្ពុជា ដើម្បីឱ្យសហគមន៍ទេសចរណ៍ដទៃទៀតយកគំរូតាម ធ្វើយ៉ាងណាឱ្យសហគមន៍របស់ពួកគាត់បន្តរីកចម្រើនតទៅមុខទៀត។

នាយកសហគ្រិនខ្មែរបានបន្ថែមទៀតថា សហគមន៍មានឱកាសអាចទាក់ទាញធុរជន ឬវិនិយោគិនទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស ដើម្បីបន្តអភិវឌ្ឍសហគមន៍របស់ខ្លួនផង ហើយវិនិយោគិនក៏គេរីករាយក្នុងការចូលទៅវិនិយោគនៅសហគមន៍ទាំងនោះផងដែរ។ លោកថា ប្រសិនបើវិស័យធនាគារចង់វិនិយោគអភិវឌ្ឍន៍នៅតាមសហគមន៍ទេសចរណ៍ទៀត ក៏រឹតតែល្អប្រសើរណាស់។ ទាំងនេះហើយគឺជាឱកាស និងការលើកទឹកចិត្តសម្រាប់សហគមន៍ទេសចរណ៍នីមួយៗ។

លោក ឈៀង វណ្ណមុនិណ្ឌ បានឱ្យដឹងដែរថា ធនធានហិរញ្ញវត្ថុដែលសហគ្រិនខ្មែរមានសម្រាប់ប្រើប្រាស់នោះ គឺជាកម្ចីឥណទាន ១០០% ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការគិតគូរពីសំណាក់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យទេសចរណ៍។

លើសពីនេះទៅទៀត លោកអគ្គនាយក ថោង រដ្ឋសក្តិ បានបង្ហើបឱ្យដឹងថា នៅពេលសហគមន៍ទាំងនោះមានការអភិវឌ្ឍបានល្អហើយ គេនឹងអាចពង្រីកវិសាលភាពទទួលភ្ញៀវទេសចរអន្តរជាតិ ឱ្យចូលទៅក្នុងសហគមន៍ទាំងនោះបានទៀត ប៉ុន្តែត្រូវធ្វើឱ្យស្របស្ដង់ដាទាំងឡាយ ពិសេសគឺវិធានសុវត្ថិភាពទេសចរណ៍ វិធានសុខាភិបាលជាដើម។

លោកបានបន្តទៀតថា តាមរយៈការសាកល្បងជំហានដំបូងនេះ ក្រសួងទេសចរណ៍ក៏ចង់ឱ្យសហគមន៍ទាំង ៥ នោះ ក៏ដូចជាសហគមន៍ដទៃទៀតនៅកម្ពុជា ទទួលបានពានរង្វាន់សហគមន៍គំរូពីអាស៊ាន ក្នុងវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៣ ខាងមុខផងដែរ ដែលនឹងត្រូវធ្វើឡើងនៅប្រទេសឥណ្ឌូណេស៉ី។

សូមជម្រាបថា មុនការចុះហត្ថលេខាលើអនុស្សរណៈខាងលើនេះ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានលើកទឹកចិត្តយ៉ាងពេញទំហឹងចំពោះកិច្ចសហការគ្នានេះ ព្រោះជាកិច្ចការដែលដើរស្របទៅនឹង «ផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩» ដែលរាជរដ្ឋាភិបាលបានអនុម័តរួចហើយនោះ៕