(ភ្នំពេញ)៖ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យវត្ថុរបស់កាកបាទក្រហមកម្ពុជា ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តមង្គលវ័ន ហៅវត្តស្វាយដង្គំ ស្ថិតនៅខណ្ឌ៧មករា រាជធានីភ្នំពេញ។

ក្នុងអំឡុងពេលចូលព្រះវស្សានេះ ហើយស្ថិតក្នុងស្ថានភាពដ៏លំបាកដោយសារជំងឺកូវីដ-១៩ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាន់តែយកចិត្ដទុកដាក់ខ្ពស់បន្ថែមទៀត គិតគូរខ្វល់ខ្វាយពីភាពខ្វះខាត របស់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅតាមទីវត្ដអារាមទាំងអស់។ ដូច្នេះហើយទើបនៅរសៀលនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានបន្ដចាត់តំណាង ដើម្បីបន្ដនាំយកនូវទេយ្យវត្ថុមកប្រគេនព្រះសង្ឃគង់ចាំវស្សា។

ទេយ្យវត្ថុប្រគេននៅវត្តមង្គលវ័នរួមមាន៖ អង្ករ២តោន, មី៣០កេស,ត្រីខ៣កេស,ស្ករស២៥គីឡូក្រាម, តែ៥គីឡូក្រាម, ទឹកដោះគោខាប់១កេស, កាហ្វេកញ្ចប់១០កញ្ចប់ធំ, អូវ៉ាន់ទីន២កេស, ទឹកក្រូច៥កេស, ទឹកផ្លែឈើ៥កេស, ទឹកបរិសុទ្ធ១០កេស និងបច្ច័យចំនួន ១០,០០០,០០០រៀល (ដប់លានរៀល)។ ដោយឡែកប្រគេន សម្តេចព្រះមហាអរិយវង្សបណ្ឌិត ឃី សុវណ្ណរតនា ព្រះចៅអធិការវត្ដ មង្គលវ័ន មានសាដក១ និងបច្ច័យ១លានរៀល។ ចំពោះប្រគនព្រះសង្ឃ៦អង្គទៀត ក្នុង១ព្រះអង្គៗសាដក១ និងបច្ច័យ២០ម៉ឺនរៀល ព្រមទាំងជូន លោកតាអាចារ្យ២នាក់ ក្នុងម្នាក់ៗថវិកា១០ម៉ឺនរៀល។

ក្នុងឱកាសនោះ សម្ដេចព្រះមហាអរិយវង្សបណ្ឌិត ឃី សុវណ្ណរតនា ព្រះចៅអធិការវត្ដ មង្គលវ័ន បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបន្ដយកចិត្ដទុកដាក់គ្រប់ពេលវេលា ទោះវេលាណានោះទេក៏តែងតែរមែងខ្វាយខ្វល់ ពីសុខទុក្ខផលពិបាកនានា និងជួយដោះស្រាយសម្រាលការខ្វះខាត ដល់ពលរដ្ឋគ្រប់គ្នា ជាក់ស្ដែងព្រះសង្ឃនៅតាមវត្ដអារ៉ាម ក្នុងអំឡុងមានជំងឺកូវីដ១៩ ដ៏កាចសាហាវ ដែលកំពុងតែឆក់យកជីវិតមនុស្ស និងធ្វើឱ្យមានវិបត្ដិសេដ្ឋកិច្ចនៅលើសកលលោក។ លើសពីនោះ ការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងតែងតែលើកទឹកចិត្ត ចូលរួមចំណែកលើកស្ទួយ វិស័យព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើន។

សម្ដេចព្រះមហាអរិយវង្សបណ្ឌិត ឃី សុវណ្ណរតនា បានឧទ្ទិសមហាកុសលផលបុណ្យនេះ ជូនចំពោះវិញ្ញាណក្ខន្ធ លោកមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាបិតា មាតាបង្កើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ព្រមទាំង វិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង និងលោកយាយមហាឧបាសិកា ឌី ប៉ុក ដែលជាបិតា មាតាបង្កើតរបស់សម្តេចតេជោ ហ៊ុនសែន ផងដែរ។

សូមជម្រាបថា វត្តមង្គលវ័ននេះ ជាទីអារាមទី៩ហើយ ដែលទទួលបានទេយ្យវត្ថុ និងបច្ច័យ ពីកាកបាទក្រហមកម្ពុជា ក្រោមការណែនាំប្រកបដោយទឹកចិត្តជ្រះថ្លាចំពោះព្រះពុទ្ធសាសនា របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងរដូវកាលចូលកាន់ព្រះវស្សានាំឆ្នាំនេះ។

ដោយកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១កន្លងទៅ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ក៏បានរៀបចំទេយ្យវត្ថុសម្រាប់ប្រគេនថ្វាយ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃនាយក និងប្រគេនសម្តេចព្រះសង្ឃ-ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅតាមវត្តចំនួន៨ផងដែរ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយក្នុងនោះមានវត្តឧណ្ណាលោម, វត្តបទុមវតីរាជវរារាម (ធម្មយុត្តិកនិកាយ), វត្តបទុវតីរាជវរារាម (មហានិកាយ), វត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក), វត្តលង្កាព្រះកុសុមារាម, វត្តមណិរតនារាម (ហៅវត្តទួលទំពូង), វត្តប្រជុំនទី (ហៅវត្តក្រពើហា) និងវត្តស្វាយជ្រុំ។

ទេយ្យវត្ថុប្រគេនវត្តនីមួយៗរួមមាន៖ អង្ករ២តោន, មី៣០កេស, ត្រីខ៣កេស, ស្ករស២៥គីឡូក្រាម, តែ៥គីឡូក្រាម, ទឹកដោះគោខាប់១កេស, កាហ្វេកញ្ចប់១០កញ្ចប់ធំ, អូវ៉ាន់ទីន២កេស, ទឹកក្រូច៥កេស, ទឹកផ្លែឈើ ៥កេស, ទឹកបរិសុទ្ធ១០កេស និងបច្ច័យចំនួន ១០,០០០,០០០រៀល (ដប់លានរៀល)។ ក្នុងនោះប្រគេនថ្វាយ-ប្រគេន សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក ព្រះចៅអធិការវត្ត ១អង្គៗនូវសាដក១ និងបច្ច័យ ១លានរៀល។ ក្នុងនោះប្រគេនព្រះសង្ឃ ៦អង្គ នៅតាមវត្តនីមួយៗក្នុង១អង្គៗទទួលបានសាដក ១ និងបច្ច័យ ២០ម៉ឺនរៀល។

ទន្ទឹមនឹងនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានប្រគេនបច្ច័យផ្ទាល់ខ្លួនមួយចំនួនបន្ថែមទៀត ដើម្បីចាត់ចែងរាល់កង្វះខាត ក្នុងរដូវចូលព្រះវស្សា នៃវត្តមង្គលវ័ននេះផងដែរ។

ជាមួយគ្នានោះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏មានសទ្ធាជ្រះថ្លាបន្ដប្រគេនថ្វាយនូវទេយ្យវត្ថុផ្ទាល់ខ្លួន ចំពោះ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ និងសម្តេចព្រះសង្ឃនាយក ក្នុង១អង្គ ទឹកច្រតៀកកាំ១កន្ត្រក, ភេសជ្ជៈ Ensure ១កន្ត្រក, ផ្លែក្រូចខ្វិច១កន្ត្រក, ទឹកប៉ោម២កេស, ត្រីងៀត ១កន្ត្រក និងបច្ច័យមួយចំនួនផងដែរ៕