(បន្ទាយមានជ័យ)៖ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា ផ្សារសិរីសោភ័ណ ដែលបានបិទកន្លងមកដោយសារកូវីដ១៩ ត្រូវបានរៀបចំសណ្តាប់ធ្នាប់ អនាម័ឲ្យបានស្អាត ត្រឹមត្រូវ ហើយអាជីវករត្រូវមកយកសំណាកលើកទី២ឲ្យបានរួចរាល់ ដោយអនុវត្តតាមលក្ខខណ្ឌ ទើបរដ្ឋបាលខេត្តអនុញ្ញាតឲ្យបើកដំណើរការលក់ដូរឡើងវិញ។

ក្នុងឱកាសដឹកនាំក្រុមការងារចុះត្រួតពិនិត្យការងារយកសំណាករបស់អាជីវករនាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ លោក អ៊ុ រាត្រី បានបញ្ជាក់ទៀតថា លក្ខខណ្ឌចំពោះអាជីវករដែលអាចចូលទៅបើកលក់ដូរក្នុងផ្សារវិញបាន លុះណាតែមានប័ណ្ណចាក់វ៉ាក់សាំងរួច២ដងផងដែរ។

ជាមួយគ្នានេះ លោក អ៊ុ រាត្រី ក៏បានអំពាវនាវដល់អាជីវករទាំងអស់ត្រូវរួមសហការ ជាមួយអាជ្ញាធរមានសមត្ថកិច្ច ឲ្យបានល្អប្រសើរដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាម វិធានការណែនាំដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងធានាបាននូវសុវត្ថិភាពទាំងអស់គ្នាផងដែរ។

លោកបានបន្ថែមថា អាជីវករទាំងអស់ត្រូវយកសំណាករកមេរោគកូវីដ១៩ តាមការចាំបាច់ ស្របតាមការជូនដំណឹងរបស់អ្នកគ្រប់គ្រងផ្សារ ឬអាជ្ញាធរមូលដ្ឋាន។ ក្នុងផ្សារ ត្រូវបាញ់ថ្នាំ អាកុល សម្លាប់មេរោគរាល់សប្តាហ៍ ករណីមានបុគ្គលណាមានអាការៈសង្ស័យ ត្រូវសហការជាមួយក្រុមគ្រូពេទ្យ ដើម្បីយកសំណាកភ្លាម អាជីវករទាំងអស់ត្រូវរៀបចំតូបរបស់ខ្លួនឲ្យមានលក្ខណៈស្រឡះ ទូលាយ មានខ្យល់ចេញចូលគ្រប់គ្រាន់ និងរៀបចំដាក់ឲ្យមានរបៀបរៀបរយ មានអាកុល ពាក់ម៉ាស់ និងមិនអនុញ្ញាតឲ្យប្រមូលផ្ដុំគ្នាឡើយ។

ចំណែកអ្នកមកទិញឥវ៉ាន់ ឬអតិថិជនត្រូវតែតម្រង់ជួរ ដោយរក្សាគម្លាតឲ្យបាន ១.៥ម៉ែត្រពីគ្នា ប្រសិនបើម្ចាស់តូបមិនអនុវត្តតាមការណែនាំនេះ ឬមិនធ្វើតាមការណែនាំ របស់គណៈគ្រប់គ្រងផ្សារម្ចាស់ផ្សារ ឬមន្ត្រីមានសមសមត្ថកិច្ចរកឃើញថា អាជីវករណាមិនធ្វើតាមមានហានិភ័យខ្ពស់ក្នុងការចម្លងមេរោគកូវីដ១៩ នឹងត្រូវ ផ្អាកមិនឲ្យប្រកបអាជីវកម្មនៅក្នុងផ្សារបន្តទៀតឡើយ ចំពោះអ្នកគ្រប់គ្រងផ្សារត្រូវទទួលខុសត្រូវ និងធានាបាននូវការអនុវត្តការណែនាំឲ្យមានប្រសិទ្ធភាព៕