(ភ្នំពេញ)៖ អាវុធវែងខ្លីចំនួន ៥៦១ដើម ជាវត្ថុតាងដែលត្រូវបានរឹបអូសដោយអំណាចសាលក្រម នៃសំណុំរឿងព្រហ្មទណ្ឌរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានប្រគល់ជូនអគ្គស្នងការដ្ឋាននគរបានជាតិ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ។

លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានលើកឡើងថា អាវុធវែង និងខ្លីមួយចំនួនធំ ត្រូវបានសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធីកន្លងមក ក្រោយបង្ក្រាបបទល្មើសដូចជា៖ បទល្មើសគ្រឿងញៀន ការប្រើប្រាស់អាវុធខុសច្បាប់ លួច ប្លន់ និងបទល្មើសផ្សេងៗទៀតមួយចំនួន។

លោកថា ការប្រមូលអាវុធជាតិផ្ទុះជាវត្ថុតាង ដែលបានដំណើរការរយៈពេលជាង១០ឆ្នាំកន្លងមក ដោយពិនិត្យតាមតួលេខ និងគុណភាពមានអាវុធមួយចំនួនអាចប្រើបាន និងមួយចំនួនទៀតមិនអាចប្រើបាន និងក្រោយពីបានទទួលការឯកភាពពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ជាស្ថាប័នទទួលគ្រប់គ្រងអាវុធជាតិផ្ទុះរបស់ក្រសួងមហាផ្ទៃនោះ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានរៀបចំប្រគល់អាវុធជាតិផ្ទុះខាងលើ ជូននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ ដែលមានលោកឧត្ដមសេនីយ៍ទោ ជា សណ្ដាប់ ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានក៏បានថ្លែងថា អាវុធចំនួន ៥៦១ដើម ប្រគល់ជូនអគ្គស្នងការដ្ឋាននគរបាលជាតិនៅព្រឹកនេះ ដើម្បីយកប្រើប្រាស់សម្រាប់រក្សាសណ្តាប់ធ្នាប់ សាធារណៈក្នុងសង្គមជាតិ ព្រោះអាវុធមួយចំនួននៅមានគុណភាពអាចប្រើប្រាស់បាន និងមួយចំនួនទៀតមិនអាចប្រើប្រាស់បាន សូមចាត់ចែងតាមការគួរ។

លោកឧត្តមសេនីយ៍ទោ ជា សណ្តាប់ ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ បានថ្លែងថា អាវុធជាតិផ្ទុះ និងវត្ថុតាមចាប់បាន ដែលរឹបអូសតាមអំណាចសាលក្រម និងត្រូវបានប្រគល់ជូនអគ្គស្នងការដ្ឋាននគរបាលជាតិនាពេលនេះ មានកាំភ្លើងចំនួន ៥៦១ដើម គ្រាប់កាំភ្លើងចំនួន ២៥៥៦គ្រាប់ ស្រោមកាំភ្លើងចំនួន ២កាណុង កាំភ្លើងចំនួន២ និងដំបងឆក់ចំនួន១។ ចំពោះអាវុធទាំងអស់នេះ នឹងយកទៅពិនិត្យគុណភាពបច្ចេកទេស បើអាវុធដែលអាចប្រើប្រាស់បាន នឹងបំពាក់ជូនកងកម្លាំងនគរបាលជាតិ តាមតួនាទីរបស់នាយកដ្ឋាន។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ បានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័នសាធារណៈ ដែលកំពុងថែរក្សាទុកអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវលើសពីតម្រូវការប្រើប្រាស់ក្នុងអង្គភាព ក៏ដូចជាអាវុធដែលទទួលបានពីមន្ត្រី អស់នីតិសម្បទា ឬមរណៈ សូមឱ្យអង្គភាពសាមីចាត់ចែង និងប្រគល់ជូនក្រសួងមហាផ្ទៃ តាមរយៈអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីគ្រប់គ្រងរក្សាទុកវិញឱ្យស្រមទៅតាមនីតិវិធីច្បាប់ដែលបានកំណត់។

ឧត្តមសេនីយ៍ទោ ក៏បានថ្លែងអំណរគុណ និងសម្ដែងការកោតសរសើរចំពោះប្រធានសាលាដំបូង លោកព្រះរាជអាជ្ញា និងមន្ត្រីទាំងអស់នៃសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រាប់ការប្រគល់ អាវុធជាវត្ថុតាងទាំងនេះ និងកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតរវាងស្ថាប័នតុលាការ និងអគ្គស្នងការនគរបាលជាតិ ដើម្បីរួមគ្នារក្សានូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ សន្តិសុខសណ្ដាប់ធ្នាប់សង្គមជាតិ និងសុខសន្តិភាព ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខិតខំកសាងមកក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី៕