(ភ្នំពេញ)៖ អំពើឃាតកម្មដ៏សាហាវមួយ ដែលបានកើតឡើងកាលពីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅបន្ទប់ជួលលេខ១៣ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ដោយជនសង្ស័យម្នាក់ បានសម្លាប់ក្មេងប្រុសរងគ្រោះ ហើយយកសាកសពទៅច្រកចូលការ៉ុង ដើម្បីប្លន់យកទ្រព្យសម្បត្តិនោះ ត្រូវបានកម្លាំងនគរបាលតាមចាប់ជនដៃបាននៅយប់ថ្ងៃដដែលនោះ។

របាយការណ៍របស់លោក ម៉ន វុទ្ធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ គឿន តារ៉ា អាយុ១២ឆ្នាំ ស្នាក់នៅបន្ទប់ជួលលេខ៧ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ត្រូវបានជនដៃដល់ឈ្មោះ គ្រីប ណាន់ ហៅវែង អាយុ១៩ឆ្នាំ សម្លាប់រួចហើយយកសាកសពទៅច្រកចូលការ៉ុង ដើម្បីប្លន់យកខ្សែកទម្ងន់២ជីមួយខែ និងលុយជាង៣០០ដុល្លារ។ អំពើឃាតកម្មនេះ បានកើតឡើង ខណៈដែលម្តាយរបស់ក្មេងប្រុសរងគ្រោះ បានទៅធ្វើការនៅរោងចក្រ ហើយរូបគេនៅម្នាក់ឯង។

តាមការបំភ្លឺរបស់ម្តាយជនរងគ្រោះឈ្មោះ សំណេង, គាត់មានមុខរបរកម្មការិនីរោងចក្រ។ មុនពេលកើតហេតុ គាត់នៅធ្វើការធម្មតា ដោយថែមម៉ោងចេញម៉ោង៨យប់ ពេលកំពុងធ្វើការមានអ្នកជិតខាងទូរសព្ទ័ទៅប្រាប់គាត់ថា កូនណេងឯងបាត់អត់ឃើញនៅបន្ទប់ទេ។ ពេលនោះគាត់បានទូរសព្ទ័ទៅកូនរបស់គាត់ តែខលមិនចូល ហើយគាត់ក៏បានចេញពីរោងចក្រមកបន្ទប់ដើម្បីរកកូនគាត់ ពេលមកដល់បន្ទប់រកកូនមិនឃើញក៏ឡើងទៅលើ ឃើញមនុស្សអ៊ូអរនៅមុខបន្ទប់លេខ១៣ ទើបគេប្រាប់ថា មានសាកសពមួយច្រកក្នុងការ៉ុងក្នុងបន្ទប់ជាកូនរបស់គាត់។

របាយការណ៍របស់លោកអធិការ បានបង្ហាញទៀតថា សម្ភារដែលបាត់បង់រួមមាន៖

*ទី១៖ ទូរស័ព្ទដៃមួយគ្រឿង ពណ៌ខ្មៅ
*ទី២៖ ខ្សែក (ផ្លាកទីន) មួយខ្សែ ទម្ងន់២ជី
*ទី៣៖ កូនជ្រូកសន្សំលុយមានលុយជាង៣០០ដុល្លារ។

នៅពេលនេះជនដៃដល់ត្រូវបាន សមត្ថកិច្ចនាំមកសួរនាំបន្ថែមនៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕