(បាត់ដំបង)៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង មិនទាន់ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សូមប្រញាប់មកទទួលចាក់ឱ្យបានគ្រប់ៗគ្នា តាមការកំណត់ និងទីតាំងដែលអាជ្ញាធរមូលដ្ឋានបានរៀបចំ។

ការអំពាវនាវបែបនេះរបស់អភិបាលខេត្តបាត់ដំបង បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានដឹកនាំក្រុមការបើកកិច្ចប្រជុំពិភាក្សាការងារផែនការចាក់វ៉ាក់សាំងកូវីដ១៩ ដល់កុមារអាយុចាប់ពី១២ ឆ្នាំដល់ក្រោម១៨ឆ្នាំ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ដោយមានការចូលរួមពីនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី អភិបាលក្រុង ស្រុកទាំង១៤ ជុំវិញខេត្ត ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ព្រមទាំងមន្រ្ដីរាជការមួយចំនួន តាមរយៈប្រព័ន្ធបញ្ជូនរូប និងសម្លេង (Zoom meeting)។

លោកបន្ថែមទៀតថា ទោះបីជាយើងបានចាក់វ៉ាក់សាំងហើយក្តី ប៉ុន្តែយើងមិនត្រូវភ្លេចនូវវិធានការ «៣ការពារ និង៣កុំ» របស់រាជរដ្ឋាភិបាល និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ឧស្សាហ៍លាងដៃនឹងសាប៊ូទឹកអាកល់ ឬជែល មិនត្រូវមានការជួបជុំ ការប្រមូលផ្ដុំ រក្សាគម្លាតសុវត្ថិភាព និងត្រូវមានការពាក់ម៉ាសនៅពេលចេញក្រៅផ្ទះឱ្យបានជាប់ជានិច្ច ហើយយើងរៀនរស់តាមរបៀបកន្លងថ្មី ក្នុងសម័យកូវីដ១៩នេះ។

ទន្ទឹមនឹងនោះលោក ងួន រតនៈ សូមគោរពអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ដែលបានពុះពាររកវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពលរដ្ឋយើងគ្រប់ៗគ្នាដោយឥតគិតថ្លៃ៕