(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ខេត្តបានក្រើនរំឮកដល់មន្ត្រីពាក់ព័ន្ធទាំង ត្រូវបន្តសកម្មភាពផ្សព្វផ្សាយវិធានការណែនាំរបស់សុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាលឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ជូនដល់ប្រជាពលរដ្ឋ និងតាមដានឱ្យបានជាប់ចំពោះបុគ្គលទាំងឡាយណាដែលសង្ស័យជាប់ព័ន្ធនឹងជំងឺកូវីដ១៩ ដើម្បីកាត់ផ្តាច់ខ្សែ ចម្លងឱ្យមានប្រសិទ្ធភាព បើទោះស្ថានភាពជំងឺកូវីដ១៩ ក្នុងខេត្តមានការថមថយក៏ដោយ។

ការក្រើនរំឮកបែបនេះ របស់អភិបាលខេត្តស្វាយរៀង បានធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាល និងទទួលយកអំណោយ និងថវិកាមួយចំនួនពីលោក ឡេង ប៉ អគ្គនាយកក្រុមហ៊ុន The New Venetian Casino & Hotel ក្រុងបាវិត ដើម្បីប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ។

លោក ម៉ែន វិបុល បានថ្លែងអំណរគុណលោក ឡេង ប៉ អគ្គនាយកក្រុមហ៊ុន The New Venetian Casino & Hotel ដែលបានឧបត្ថម្ភអំណោយ និងថវិការមួយចំនួនទៀតជូនរដ្ឋបាលខេត្តនៅថ្ងៃនេះ ដើម្បីគាំទ្រក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន សកម្មភាពនេះ សបញ្ជាក់ឱ្យឃើញពីកាយវិការ ប្រកបដោយសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែកក្នុងសង្គមទៅលើការជួយគ្នាក្នុងគ្រាលំបាក។

លោកអភិបាលខេត្តបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនរដ្ឋបាលខេត្តនៅថ្ងៃនេះ និងយកទៅចាត់ចែងប្រើប្រាស់ក្នុងសកម្មភាពនានា ទៅតាមបរិបទនៃជំងឺកូវីដ១៩។ ទន្ទឹមនេះយុទ្ធសាស្ត្រវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស្រោចនៅដល់ប្រជាជនកម្ពុជាក៏ដូចជាប្រជាជនខេត្តស្វាយរៀង គឺជាការគិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានធ្វើឱ្យស្ថានភាពនៃការឆ្លងមានភាពថយចុះជាបន្តបន្ទាប់គិតមកដល់ថ្ងៃនេះ។

អំណោយទាំងនោះរួមមាន៖ អង្ករ០៥តោន, មីថៃ ១៥០កេសតូច, ទឹកសុទ្ធវីតាល់ ២០០កេស, អាល់កុល ៥០កាន, ម៉ាស់N95 ១០០,០០០ម៉ាស់ និងថវិកាមួយចំនួនទៀត ដើម្បីចូលរួមឧបត្ថម្ភគាំទ្រដល់ដំណើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕