(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានស្នើដល់លោកអភិបាលក្រុងស្រុក និងគ្រប់មន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ខិតខំធានាឱ្យបាននូវសន្តិសុខស្បៀង ក្នុងបរិបទនៃការរីករាលដាលនៃជំងឺឆ្លងកូវីដ ដោយអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្កើនសមត្ថភាពផលិត ធានាឲ្យបានទាំងបរិមាណ គុណភាព និងសុវត្ថិភាពឱ្យស្របតាមស្តង់ដារតម្រូវរបស់ទីផ្សារអន្តរជាតិដែលបានកំណត់។

លោក សុខ លូ បានលើកឡើងដូចនេះនាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំ អនុម័តថ្នាក់ខេត្តលើការសរសេរពង្រាងបញ្ចប់របាយការណ៍ផែន ការប្រើប្រាស់ដីរបស់កម្មវិធីជំរុញ ផលិតកម្មស្រូវ និងការនាំចេញអង្ករ (Rice-SDP) Rice Commercialization Sector Development Program – Rice-SDP តាមប្រព័ន្ធOnline។

កម្មវិធីនេះបានអនុវត្តនៅថ្នាក់ក្រុង ស្រុកក្នុងឃុំ សង្កាត់ចំនួន៣០ឃុំសង្កាត់គោលដៅ នៃក្រុងស្រុកទាំង៦រួមមាន ក្រុងស្ទឹងសែនចំនួន ០២សង្កាត់ ស្រុកស្ទោងចំនួន ០៧ឃុំ ស្រុកកំពង់ស្វាយចំនួន ០៦ឃុំ ស្រុកសន្ទុកចំនួន ០៧ឃុំ ស្រុកបារាយណ៍ចំនួន ០៥ឃុំ និងស្រុកតាំងគោកចំនួន ០៣ឃុំ ដែលបានអនុវត្តន៍ ក្រោមកិច្ចគាំទ្រថវិការបស់ រាជរដ្ធាភិបាលកម្ពុជា ដែលបានទទួលប្រាក់កម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងជំនួយឥតសំណងពីកម្មវិធីកសិកម្ម និងស្បៀងអាហារសកល (GAFSP) ព្រមទាំងមូលនិធិយុទ្ធសាស្រ្តអាកាសធាតុ (SCF) ក្រោមការសម្របសម្រួលរបស់ក្រុមហ៊ុនផ្តល់សេវាកម្មអេស ប៊ី ខេ រីស៊ើច អេនឌីវីឡុបមែន។

លោក សុខ លូ បានបន្ថែមថា គោលបំណងចម្បងរបស់ Rice-SDP គឺបង្កើនផលិតភាពផលិតកម្មដំណាំស្រូវ និងប្រាក់ចំណូលសុទ្ធរបស់អ្នកពាក់ព័ន្ធទាំងអស់ ក្នុងខ្សែចង្វាក់ផលិតកម្មស្រូវ-អង្ករ ដែលត្រូវបានសម្របសម្រួលតាមរយៈការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសផ្នែកច្បាប់ និងការវិនិយោគដែលធន់នឹងអាកាសធាតុ។

ជាមួយគ្នានោះលោក សុខ លូ ក៏បានជំរុញឱ្យមន្ត្រីជំនាញទាំងអស់ត្រូវខិតខំធ្វើឱ្យប្រសើរឡើងនូវខ្សែចង្វាក់ផលិតកម្មស្រូវ-អង្ករ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗ សម្រាប់ការកែច្នៃ ដើម្បីបង្កើនសេវាគាំទ្រការធ្វើឱ្យប្រសើរឡើងនូវខ្សែចង្វាក់ផលិតកម្មគ្រាប់ពូជ សម្រាប់ការពង្រឹងសមត្ថភាពកសិករ សមាជិកសហគមន៍ផងដែរ។

តំណាងក្រុមហ៊ុនសេវាកម្មអេស ប៊ី ខេ រីស៊ើច អេនឌីវីឡុបមែន បានលើកឡើងថា ការអនុវត្តគម្រោងនេះមានគោលបំណងការចងក្រងរៀបចំផែនការប្រើប្រាស់ដីនៅក្នុងឃុំ សង្កាត់ ក្នុងគោលបំណងជារួម៖

*ទី១៖ រៀបចំផែនការប្រើប្រាស់ដី ការគ្រប់គ្រងធនធានដី និងធនធានធម្មជាតិប្រកបដោយប្រសិទ្ធិភាព ជាពិសេសកាត់បន្ថយទំនាស់នានា ដែលកើតពីការប្រើប្រាស់ ដី នៅមូលដ្ឋាន ។

*ទី២៖ គាំទ្រកិច្ចអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចប្រកបដោយនិរន្តភាព និងសមធម៌ រួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតាមរយៈបង្កើនផលិតផលស្រូវ និងនាំការនាំអង្ករចេញ។

*ទី៣៖ សម្រេចឲ្យបាននូវផែនការប្រើប្រាស់ដីនៅក្នុងឃុំស្របតាមស្ថានភាព និងសក្តានុពលដីជាក់ស្តែងឆ្លើយតបចំពោះសេចក្តីត្រូវការរបស់អាជ្ញាធរនានា និងប្រជាពលរដ្ឋ មូលដ្ឋានក្នុងការប្រើប្រាស់ដី និងធនធានធម្មជាតិឲ្យចំទិសដៅ។

*ទី៤៖ រួមចំណែកគ្រប់គ្រងដីរដ្ឋ ដែលមាននៅក្នុងឃុំ សង្កាត់ ឲ្យបានល្អប្រសើរតាមតួនាទី (មុខងារជាតំណាងរដ្ឋ និងកិច្ចអភិវឌ្ឍន៍មូលដ្ឋាន)

*ទី៥៖ ស្វែងរកការគាំទ្របច្ចេកទេសពីស្ថាប័ន អង្គភាពនានា និងពីផ្នែកឯកជនក្នុងការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគឃុំ៕