(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ទទួលផ្លែមៀន ចំនួន៥តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាំយកមកប្រគល់ជូនរដ្ឋបាលខេត្ត ដើម្បីទុកចែកជូនដល់មន្ត្រីជួរមុខ និងប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងខេត្ត។

ផ្លែមៀននេះ ត្រូវបានក្រុមការងាររបស់នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជានាយករងខុទ្ទកាល័យសម្តេចតេជោ បានដឹកជញ្ជូនមកផ្តល់ជូន នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ នៅសាលាខេត្តត្បូងឃ្មុំ។

លោក ជាម ច័ន្ទសោភ័ណ បានថ្លែងថា បន្ទាប់ពីរដ្ឋបាលខេត្ត ទទួលបានអំណោយមៀនទាំងអស់នេះ ពីសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងធ្វើការបែងចែកបន្ត ទៅមន្ទីរ អង្គភាព ស្ថាប័ន និងអាជ្ញាធរក្រុង ស្រុក ព្រមទាំងក្រុមគ្រូពេទ្យ អ្នកជំងឺ និងប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលនានា របស់រដ្ឋបាលខេត្តត្បូងឃ្មុំ។

ស្ថិតក្នុងឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ ជួសមុខឱ្យមន្ត្រីរាជការ និងពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់ខ្ពស់ អំពីជីវភាពរស់នៅក៏ដូចជាទុក្ខលំបាកនានា របស់ប្រជាពលរដ្ឋទូទៅ ជារួមនឹងដោយឡែក ប្រជាពលរដ្ឋក៏ដូចជា មន្ត្រីជួរមុខ នៅក្នុងខេត្តត្បូងឃ្មុំ ជាពិសេស នាថ្ងៃនេះ សម្ដេចទាំងទ្វេរ បានផ្ដល់នូវអំណោយមៀនយ៉ាងឆ្ងាញ់ពិសារផងដែរ។

សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង ប្រមូលទិញផ្លែមៀន របស់កសិករនៅតាមបណ្ដាខេត្ត ជាប់ព្រំដែនកម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហា ក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលជំងឺកូវី១៩។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ផ្លែមៀនដែលសម្តេចប្រមូលទិញ ពីកសិករដាំដុះនៅតាមខេត្តជាប់ព្រំដែនថៃ នឹងយកទៅចែកជូនកងទ័ព នគរបាល អាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺ និងប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក៕